អ្នក​ទោស ​និង​អនុ​រក្ស​ពន្ធ​នាគារ​ខេត្ត​ប៉ៃ​លិន​កំពុង​ព្រួយ​បារម្ភ​អំពី​​សុខភាព ​ខណៈ​​ទឹក​ប្រើ​ប្រាស់​​មិន​​ស្អាត

​ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​សាងសង់​ពន្ធនាគារ​ថ្មី​រួចរាល់​នៅ​ត្រង់​ចំណុច​ភ្នំ​ប៉ោត ក្នុងភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ប្រធាន​ពន្ធនាគារ​ខេត្ត បាន​ប្តូរ​អ្នកទោស​ពី​ពន្ធ​នាគារ​ចាស់​នៅ​ក្រុងប៉ៃលិន​យក​ទៅ​ដាក់​នៅ​កន្លែង​ថ្មី​នេះ​អស់​រយៈពេល​ជិត​១​ឆ្នាំ​កន្លង​មកហើយ​ដោយសារ​តែ​អត់​មាន​ប្រព័ន្ធ​ទឹក​ស្អាត​ប្រើប្រាស់​ត្រឹមត្រូវ និង​អត់​មាន​អណ្តូងទឹក​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ​ថ្មី ទើប​គេ​នាំ​គ្នា​បូមទឹក​ស្រះដែល​មានទឹក​ហូរ​មក​ពី​គ្រប់​ទិស​ទី មាន​ទាំងមេរោគ មាន​សារធាតុ​ថ្នាំពុល ​ថ្នាំ​បាញ់​ស្មៅ ដែល​ហូរ​ចេញពី​ចម្ការ​ប្រជាពលរដ្ឋ ក៏​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះ​នោះ​ដែរ ទើប​ធ្វើ​ឱ្យ​អ្នកទោស​ជាង​១០០​នាក់ និង​អនុរក្ស​ពន្ធនាគារ​ជាង​៣០​នាក់មានការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​ប្រឈម​នឹង​សុខភាព ។

ប្រភព​ព័ត៌មាន​ពី​អនុរក្ស​ពន្ធនាគារ​ជា​ច្រើន​នាក់​បាន​បង្ហើប​ឱ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​ថ្មី អត់​មាន​ប្រព័ន្ធ​ទឹក​ស្អាត ឬ​អណ្តូងទឹក​ប្រើប្រាស់​ត្រឹមត្រូវ​នោះ​ទេ ដោយ​កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ គេ​បាន​បូមទឹក​ស្រះ​មួយ​កន្លែង​នៅ​ក្បែរ​ពន្ធ​នាគារ​យក​ទៅ​ប្រើប្រាស់ ដែល​ទឹក​នោះ​ហូរ​ចូល​មក​ពី​គ្រប់​ទិស​ទី ដូច​ជា​ហូរ​ធ្លាក់​ពី​ចម្ការ​របស់​ប្រជាពលរដ្ឋ ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ និង​ទឹក​ហូរ​ចេញពី​បង្គន់​អ្នកទោស ក៏​ចូល​ទៅ​ក្នុង​ស្រះ​នោះ​វិញ​ដែរ ។

ប្រភព​បន្ត​ទៀត​ថា ដោយសារ​តែ​ខ្វះ​ទឹក​ប្រើប្រាស់ ទើប​ប្រធាន​ពន្ធ​នាគារ​ឱ្យ​បូមទឹក​ស្រះ​នោះ​យក​ទៅ​ដាក់​ឱ្យ​អ្នកទោស​១១៤​នាក់ ក្នុង​នោះ​ស្រី​១៤​នាក់ និង​អនុរក្ស​ពន្ធនាគារ​ជាង​៣០​នាក់ ប្រើប្រាស់​ជា​ទូទៅ​ដូច​ជា សម្រាប់​ងូត ដាំបាយ ស្ល​ស្លុក ជាដើម ។

ប៉ុន្តែ​ទឹក​ដែល​ហូរ​ចូល​ស្រះ​នេះពេល​ប្រជាពលរដ្ឋ​បាញ់ថ្នាំ​ស្មៅ​នៅ​ក្នុង​ចម្ការ​ជុំវិញ លុះ​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្តង​ៗ សារធាតុពុល​នោះ​បាន​ហូរ​ចូល​ទៅ​ក្នុង​ទឹកស្រះបង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព ហើយ​ក៏​មាន​អ្នកទោស​មួយ​ចំនួន​ចាប់ផ្តើម​មាន​អាការ​ឈឺក្រពះ ពោះវៀន និង​ជម្ងឺ​រោគារ​ផ្សេង​ៗ បាន​ចូល​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តប៉ៃលិន​ជា​ញឹកញាប់​ផង​ដែរ ។

ចំណែក​អនុរក្ស​ពន្ធនាគារ​មួយ​ចំនួន ពេល​ឃើញ​ចុងភៅ​យក​ទឹក​ដែល​គេ​បូម​ពី​ក្នុងស្រះ​ខាងលើ​មក​ដាក់​ប្រើប្រាស់​ដាំបាយ និង​ស្ល អ្នកខ្លះ​សុខចិត្ត​ជិះ​ម៉ូតូ​ទៅ​ហូប​បាយ​នៅផ្ទះ​របស់​ខ្លួន​ជំនួស​វិញ ព្រោះ​ក្រែង​ប៉ះពាល់​ដល់​សុខភាព ហើយ​អ្នកទោស​ដែល​មាន​បងប្អូន​ក្រុម​គ្រួសារ​ផ្តល់​លុយកាក់​ច្រើន​សុខចិត្ត​ទិញ​ទឹក​បរិសុទ្ធ​ខាងក្រៅ​មក​ប្រើប្រាស់ ដោយឡែក​អ្នក​គ្មាន​លុយ​គ្មាន​សាច់​ញាតិ​បងប្អូន សុខចិត្ត​ទ្រាំ​ប្រើប្រាស់​ទឹក​នោះ​ទាំង​លំបាក​វេទនា ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​លោក នៅ ធឿ​ង ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ទឹកស្រះ​ដែល​ខាង​លោក​ឱ្យ​បូម​ដាក់​ប្រើប្រាស់​អត់​មាន​បញ្ហា​ប៉ះពាល់​ដល់សុខភាព​អ្វី​នោះ​ឡើយ ហើយ​ក៏​អត់​មានទឹក​ចេញពី​បង្គន់​អ្នកទោស​ហូរ​ចូល​ទៅ​ក្នុង​ស្រះ​ទឹក​នោះ​ដែរ ។ លោក​បញ្ជាក់​ថា ទឹក​នោះ​ថ្លា​ល្អ អាចយ​កមក​ប្រើប្រាស់​សម្រាប់​អ្នកទោស និង​អនុរក្ស​ពន្ធនាគារ​ទាំងអស់​បាន ព្រោះ​ខាង​ពន្ធនាគារ ទើបនឹង​សាងសង់​រួចរាល់​ថ្មី​មិន​ទាន់​មាន​ប្រព័ន្ធ​ទឹក​ស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​នោះ​ឡើយ ។

សូម​បញ្ជាក់​ថា កាលពី​៤​ទៅ​៥​ថ្ងៃ​កន្លង​ទៅ​នេះ លោក​ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន បាន​ប្តូរ​ទីតាំង​ស្រះ​ដែល​បូម​ប្រើប្រាស់​មុន​ក្បែរ​ពន្ធនាគារទៅ​បូមទឹក​ស្រះ​កន្លែង​ផ្សេង​ទៀត​នៅ​ខាងជើង​ពន្ធនាគារ​យក​មក​ប្រើប្រាស់ ដោយ​អត់​មានទឹក​បង្គន់​ហូរ​ចូល​ទៀត​ទេ ប៉ុន្តែ​នៅ​មាន​បញ្ហា​សារធាតុ​ថ្នាំពុល​ហូរ​ពី​ចម្ការ​ប្រជា​ពលរដ្ឋ​នៅ​ក្បែរ​នោះ​ហូរ​ចូល​ដដែល ៕ ​