ពលរដ្ឋរស់នៅ លើផ្ទះបណ្តែតទឹក តាមបណ្តោយ ដងទន្លេសាប រុះរើមកលើគោក ជាង៩០ភាគរយ

ភ្នំពេញ៖ ប្រជាពលរដ្ឋ រាប់ពាន់គ្រួសារ ដែលមានជនជាតិវៀតណាម និងខ្មែរ រស់នៅតាម បណ្តោយ ដងទន្លេសាប នៅផ្សារក្រោម សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង រហូតមកដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ បានយល់ព្រមរុះរើផ្ទះរបស់ពួកគេ មកនៅលើគោកស្ទើរតែទាំងអស់ហើយ។

ការយល់ព្រមបម្លាស់ទីនេះ ដោយខ្លួនឯងនេះ បានធ្វើឡើងបន្ទាប់ពីអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានចេញលិខិតជូនដំណឹងមួយច្បាប់កាលពីថ្ងៃទី៣០ កញ្ញា ជម្រាបឲ្យពួកគេបម្លាស់ទី ក្រោម ហេតុផលរៀបចំសណ្តាប់ធ្នាប់ សាធារណៈ សោភ័ណ្ឌភាព និងអភិវឌ្ឍន៍តំបន់មាត់ទន្លេ ផ្សារក្រោមក្រុង កំពង់ឆ្នាំង។ ប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ ភាគច្រើនត្រូវបានគេដឹងថា មានជនជាតិវៀតណាម ចាម និងខ្មែរ។

លិខិតខាងលើអាជ្ញាធរបានកំណត់ត្រឹមថ្ងៃទី៨ តុលា ត្រូវបញ្ឈប់ជាស្ថាពរនូវអាជីវកម្មផ្សេងៗ ដែលប៉ះ ពាល់ដល់បរិស្ថានទឹកធ្ងន់ធ្ងរ ដូចជាគ្លីនិក អាជីវកម្ម បញ្ចូលអាគុយ ជួសជុលគ្រឿងម៉ាស៊ីន។ លើកលែង អាជីវកម្ម ចិញ្ចឹមត្រី។ ចំពោះអាជីវកម្មដែលមានច្បាប់អនុញ្ញាត ម្ចាស់អាជីវកម្មត្រូវជ្រើសរើសទីតាំង លើគោកវិញ។

នៅព្រឹកថ្ងៃទី៧ តុលា នេះ គណៈកម្មាការចម្រុះរបស់ខេត្តបានចុះទៅត្រួតពិនិត្យអំពីការបម្លាស់ទី របស់ប្រជាពលរដ្ឋ។ ក្នុងនោះពលរដ្ឋមិនបានធ្វើការជំទាស់ទៅនឹងបញ្ជារបស់អាជ្ញាធរ ដោយពួកគេ មិនធ្វើឲ្យរាំងស្ទះដល់ដំណើរការមួយណាឡើយ។

ដើម្បីឲ្យការរស់នៅមានសណ្តាប់ធ្នាប់ និងរបៀបរៀបរាយនោះ ក្រុមប្រជាពលរដ្ឋខ្មែរបានលើកឡើងជា សូមណូមពរ ស្នើឲ្យអាជ្ញាធរជួយរៀបចំទីតាំងឲ្យពលរដ្ឋខ្មែររស់នៅម្តុំ និងវៀតណាមរស់នៅម្តុំកុំឲ្យនៅ ច្របូកច្របល់គ្នា។

ជាការឆ្លើយតបអាជ្ញាធរបានលើកឡើងថា អាជ្ញាធរមានភារកិច្ចរៀបចំទីតាំងឲ្យពួកគាត់រស់នៅទេ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមបណ្តោយដងទន្លេសាប នៅខេត្តកំពង់ឆ្នាំងមាន ប្រមាណជាង២ពាន់គ្រួសារ៕

ពលរដ្ឋរស់នៅ លើផ្ទះបណ្តែតទឹក តាមបណ្តោយ ដងទន្លេសាប រុះរើមកលើគោក ជាង៩០ភាគរយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត