ខុន​ដូ​នឹង​ជា​ស្ទីល​បែប​រស់​នៅ​ល្អ​បំផុត​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​


ខុន​ដូ​នឹង​ជា​ស្ទីល​បែប​រស់​នៅ​ល្អ​បំផុត​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​

ការ​រស់​នៅ​ផ្ទះ​ល្វែង​ ឬ​វី​ឡា ត្រូវ​បាន​អ្នក​ជំនាញ​ខាង​ផ្នែក​អចលនទ្រព្យ​នៅ​កម្ពុជា​វាយ​តម្លៃ​ថា ​មិន​មែន​ជា​ស្ទីល​ថ្មី​សម្រាប់​មនុស្ស​សម័យ​ទំនើប​ទេ ប៉ុន្តែ​ការ​រស់​នៅ​បែប​​ល្អ​បំផុត​និង​សក្ដិសម​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​គឺ​ខុន​ដូ ដែល​អ្នក​ធ្វើ​ការ​ខាង​វិស័យ​នេះ​ជឿ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ងាក​មក​រស់​នៅ​ខុន​ដូ​វិញ ហើយ​អ្នក​ដែល​រស់​នៅ​ភាគ​ច្រើន​ជា​អ្នក​មាន​ព្រម​ទាំង​អាយុ​តិច។
​​​

 

ខុន​ដូ​នឹង​ជា​ស្ទីល​បែប​រស់​នៅ​ល្អ​បំផុត​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​

 

 

បើ​ផ្អែក​តាម​ លោក​ ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​កម្ពុជា​ CPL​ និង​ ជា​អតីត​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា​ ធ្លាប់​បាន​អះ​អាង​ថា មិន​យូរ​ទេ ៥-១០ ​ឆ្នាំ​ខាង​មុខ​ ការ​រស់​នៅ​ខុន​ដូ​នឹង​ពេញ​និយម​ជាង​ផ្ទះ​ល្វែង​ និង​វី​ឡា​នៅ​ស្រុក​ខ្មែរ។ វា​ជា​ស្ទីល​ថ្មី​សម្រាប់​ការ​រស់​នៅ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ ហើយ​លោក​ជឿ​ថា ​ចំពោះ​ប្ដី​-ប្រពន្ធ​ថ្មី​ថ្មោង​មាន​ការងារ​ធ្វើ ​ខុន​ដូ​ជា​ជម្រើស​ល្អ​មួយ​សម្រាប់​ពួក​គាត់។

 
ការ​យល់​ឃើញ​ដូច្នេះ ដោយ​សារ​ខុន​ដូ​ផ្ដល់​នូវ​ការ​រស់​នៅ​បែប​ស្តង់​ដា មាន​សុវត្ថិភាព ​២៤​ ម៉ោង ដើរ​ហើរ​ទៅ​ណា​ក៏​មិន​បារម្ភ​ពី​ចោរ​គាស់​ឬ​លួច អាច​ឲ្យ​អ្នក​រស់​នៅ​មាន​ភាព​សប្បាយ​រីករាយ​ព្រោះ​មាន​អាង​ហែល​ទឹក កន្លែង​ស្ទីម កន្លែង​ចត​ឡាន​ និង​ កន្លែង​សព្វ​បែប​យ៉ាង ដែល​មិន​ចាំ​បាច់​ឲ្យ​អ្នក​រស់​នៅ​ត្រូវ​ចំណាយ​ពេល​ទៅ​កន្លែង​ណា​ផ្សេង​ទៀត​នោះ​ឡើយ។​

 
ចំណែក​ លោក គឹម ហ៊ាង អគ្គ​នាយក​ក្រុមហ៊ុន Khmer Real Estate ក៏​ព្យាករណ៍​ដូច្នេះ​ដែរ។ លោក​ថា ​ពេល​វេលា​ជា​អ្នក​ផ្លាស់​ប្ដូរ​របត់​នៃ​ការ​រស់​នៅ​របស់​ប្រជាជន​ខ្មែរ។ បើ​ទោះ​បច្ចុប្បន្ន ភាគ​ច្រើន​អ្នក​ទិញ​ខុន​ដូ 80% ជា​ជន​បរទេស​ ឯ​ខ្មែរ​ត្រឹម​តែ​ ២០% ប៉ុន្តែ​ ១០​ ឆ្នាំក្រោយ ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ ពោល​គឺ​​ខ្មែរ​នឹង​ងាក​មក​រស់​នៅ​បែប​ខុន​ដូ​វិញ​។ លោក​បាន​ធៀប​ទៅ​នឹង​ប្រទេស​ថៃ​រួម​ទាំង​សិង្ហបុរីថា​ កាល​ពី​មុន​ប្រទេស​ជឿន​លឿន​ទាំង​ពីរ​នេះ ក៏​បែប​នេះ​ដែរ តែ​ពេល​នេះ​ប្រជាជន​នៃ​ប្រទេស​ទាំង​នេះ​ បាន​ងាក​មក​រស់​នៅ​បែប​ខុន​ដូ។

 

ខុន​ដូ​នឹង​ជា​ស្ទីល​បែប​រស់​នៅ​ល្អ​បំផុត​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​

 

លោក​បញ្ជាក់​ថា​នឹង​មាន​ការ​វិវត្ត ​ហើយ​ពី​មុន​ភាគ​ច្រើន​គេ​ទិញ​ខុន​ដូ​ដើម្បី​រកស៊ី តែ​បន្តិច​ទៀត​គេ​នឹង​ទិញ​ដើម្បី​ស្នាក់​​នៅ​វិញ ​មិន​មែន​តែ​គ្រួសារ​អភិជន​នោះ​ទេ គឺ​មនុស្ស​គ្រប់​ស្រទាប់​ហើយ​នៅ​ក្មេង​ ជា​អ្នក​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នេះ៕

 

 

សូមអាន ៖​    ក្រុម​ហ៊ុន​អចលនទ្រព្យ​ជប៉ុន​ភ្ញាក់​ផ្អើល​នឹង​ទី​ផ្សារ​លក់ខុន​ដូ​នៅ​កម្ពុជា

 
អត្ថបទ៖ លឹម សុ​នា