រដ្ឋាភិបាល រៀបចំ​ព្រះរាជ​ពី​ធី​បុណ្យ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប ៣​ឆ្នាំ​

ភ្នំពេញ: រដ្ឋាភិបាល តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​បុណ្យជាតិ​អន្តរជាតិ ក្រសួង​ធម្មការ និង​សាសនា ព្រមទាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ បានប្រកាស​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​គោរព​វិញ្ញាណក្ខន្ធ ថ្វាយ​ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប ៣​ឆ្នាំ នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥​។​

​សេចក្តីជូនដំណឹង​ដាច់ដោយឡែក​ពីគ្នា​ទាំងនោះ បាន​តម្រូវ​ឲ្យ​ក្រសួង​មន្ទីរ វត្ត​អា​រ៉ា​ម ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ អំពី​ព្រះរាជ​ពី​ធី​បុណ្យ​គោរព​វិញ្ញាណក្ខន្ធ​ថ្វាយ​ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ  ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប ៣​ឆ្នាំ  រយៈពេល​១​ថ្ងៃ នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ តាម​ប្រពៃណីជាតិ និង​ប្រពៃណី​ព្រះពុទ្ធសាសនា​។​
     ​
​សេចក្តីជូនដំណឹង​ក៏បាន​បន្តថា គ្រប់​វត្ត​អារាម និង​គ្រប់​វិហា​រពា​ហិ​រ​សាសនា រាជធានី​-​ខេត្ត ត្រូវ​បោសសំអាត​ទីធ្លា​ក្នុង​វត្ត និង​វិហា​រពា​ហិ​រ​សាសនា កន្លែង​សក្ការៈ គោរពបូជា​ឲ្យ​បាន​ស្អាត ដាក់តាំង​រូប​ព្រះ​ឆាយា​ល័​ក្ខ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ តុបតែង​លំអរ​ផ្កា​ភ្ញី​ដោយ​ភ្លើងពណ៌ ចង​បដា​ពាក្យស្លោក​ទង់ជាតិ ទង់សាសនា និង​ទង់ជ្វាលា​ពីមុខ​ក្លោងទ្វារ​ផ្លូវ​ចូល​រហូតដល់​ក្នុង​បរិវេណ​វត្ត ឬ​ហា​រពា​ហិ​រ​សាសនា ហើយ​ថា​ព្រះចៅអធិការ​គ្រប់​អារាម និង​គណៈ​គ្រប់គ្រង​វិហារ​ពារ​ពា​ហិ​រ​សាសនា​ត្រូវ​សហការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​គោរព​វិញ្ញាណក្ខន្ធ​ថ្វាយ ព្រះករុណា ព្រះបាទ​នរោត្តម​សីហនុ​។​

​ជាមួយគ្នានេះដែរ សាលា​រាជធានី​ភ្នំពេញ ក៏​បានចេញ​សេចក្តីណែនាំ កំណត់​បែងចែក​ភារកិច្ច​ទៅដល់​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា ស្នងការដ្ឋាន​នគរបាល​ជាតិ រួមទាំង​សាលាខណ្ឌ និង​ក្រសួង​ពាក់ព័ន្ធ ត្រៀមខ្លួន ការពារ​សន្តិសុខសម្រាប់​ព្រះរាជ​ពិធី ដែល​នឹង​ប្រារព្ធ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥  ដោយ​ត្រូវ​សហការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ចរាចរណ៍​តាម​ដងផ្លូវ និង​ជុំវិញ​ទីតាំង​ព្រះ​បរម​រូប​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ នៅ​សួនច្បារ​ខាងកើត​វិមានឯករាជ្យ ដែលជា​កន្លែង​ប្រារព្ធ​ពិធី​៕​