អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​លិខិត​បដិសេធ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​បាតុកម្ម​ទប់ស្កាត់​វត្តមាន​លោក​សមរង្ស៊ី

ភ្នំពេញ: ​លោក សួស យ៉ា​រ៉ា អ្នកនាំពាក្យ​វ័យក្មេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល ខេត្តព្រះវិហារ បានចេញ​លិខិត​បដិសេធ​ចំពោះ​ការ​ថ្លែង​របស់​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម​ទប់ស្កាត់​វត្តមាន និង​ការឃោសនា​មុន​អាណត្តិ​របស់លោក​សមរ​ង្ស៊ី នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥​។​

​ក្នុង​លិខិត​បដិសេធ​នោះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​បដិសេធ​ចំពោះ​ការចោទប្រកាន់​របស់​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មកលើ​គណបក្ស​ប្រជាជន​កម្ពុជា​ថា "​ជា​អ្នករៀបចំ​ឆាកល្ខោន​ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម​ទប់ស្កាត់​ដំណើរការ​ឃោសនា​មុន​អាណត្តិ​របស់លោក សមរង្ស៊ី នៅ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើការ​បំភ្លឺ​ជូន​អ្នកនយោបាយ អង្គការ​សង្គម​ស៊ីវិល និង​សាធារណៈជន ៣ ចំនុច​៖
១-​គណៈកម្មាធិការ​ប្រ​ត្តិ​ប​ត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ឧ​ត្ត​រ​មានជ័យ បានរៀបចំ​ការជួបជុំ​រវាង​ប្រធាន​គណបក្ស និង​សកម្មជន​បក្ស​ខុស​ទីតាំង ដែល​បាន​ស្នើសុំ និង​ពិភាក្សា​ឯកភាពគ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

២-​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក​សមរង្ស៊ី គឺ​កើតឡើង​ដោយ​ការអនុវត្ត​សិទ្ធិសេរីភាព និង​ប្រជាធិបតេយ្យ​ប្រជាជន ដែលជា​អតីត​សកម្មជន និង​អ្នក​ធ្លាប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយមាន​បដា​សរសេរ​ថា "​យើង​មិន​ឲ្យ​សមរង្ស៊ី ចូលមក​បោកប្រាស់​ប្រជារាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទៀត​ទេ​"​។ ដូច្នេះ សូម​គណបក្ស​សង្គ្រោះ​ជាតិ ដោះស្រាយ​បញ្ហា​ប្រជែង​អំណាច​ផ្ទៃក្នុង នៅ​ថ្នាក់ក្រោម​របស់ខ្លួន និង​ឆ្លើយតប​ការសន្យា​ជាមួយ​ប្រជាជន​ម្ចាស់ឆ្នោត​ឲ្យ​បាន​ជាមុនសិន មុននឹង​បាច​អង្កាម​បញ្ច្រាស​ខ្យល់ ដើម្បី​រក្សា​បរិយាកាស​ន​យោ​បាយ​ស្ងប់ស្ងាត់​របស់​ប្រទេស​។​

៣-​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា សូម​រក្សា​សិទ្ធិ​ការពារ​ខ្លួន ស្របតាម​ច្បាប់​ជា​ធរមាន បើសិន​មានការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន ដូច​ព្រឹត្តិការណ៍​នា​ថ្ងៃនេះ​៕​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​លិខិត​បដិសេធ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​បាតុកម្ម​ទប់ស្កាត់​វត្តមាន​លោក​សមរង្ស៊ី