ព្រះសង្ឃ ដែល​ត្រូវ​ក្មេងស្ទាវ​វាយ អោយ​របួសធ្ងន់ សុំអោយ​នគរបាល និង​តុលាការ ជួយ​រក​យុត្ត​ធ​ម៌

តាកែវ: ក្រុមស្ទាវ​ប្រចាំ​ភូមិ​ចំនួន ២​នាក់ ក្នុងចំណោម ១០​នាក់ បាន​លើកគ្នា​ទៅ​វាយ​ព្រះសង្ឃ ដល់​ក្នុង​កុដិ បណ្តាល​ឲ្យ​រងរបួស យ៉ាងធ្ងន់ធ្ងរ ស្ទើរតែ​សុគត សង្ស័យ​ផ្តើមចេញពី​គំនុំ​ចាស់ ដែល​កើតឡើង ពេល​មិនទាន់​សាង​ផ្នួស ឥឡូវ ត្រូវបាន​ដោះលែង អោយនៅ​ក្រៅ​ឃុំ មួយ​នាក់​ហើយ ។ ព្រះសង្ឃ​រងគ្រោះ ដង្ហោយ​ឲ្យ​តុលា​ការផ្តល់​យុត្តិធម៌ ដោយ​ផ្តន្ទាទោស​ជនល្មើស ទៅតាម​ច្បាប់​។​

​អធិការនគរបាល ស្រុក​ត្រាំកក់ លោក យ៉​ន់ វណ្ណ​ធី បានអោយដឹងថា នៅ​យប់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥ នេះ​ថា អំពើហិង្សា​ឧបាសក​ស្ទាវ ចំណុះជើងវត្ត វាយ​ព្រះសង្ឃ គង់​ក្នុង​វត្ត​បន្ទាយ​ជុំ ក្នុងភូមិ​ត្រពាំង​ខ្ចៅ ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ បានកើត​ឡើង កាលពី​ម៉ោង​ជិត ១០​យប់​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥ កន្លងទៅនេះ​។​

​លោក យ៉​ន់ វណ្ណ​ធី បាន​ឲ្យ​ដឹងថា អំពើហិង្សា​នេះ បណ្តាល​ឲ្យ​ព្រះសង្ឃ​ព្រះនាម នន ផល្លី ព្រះជន្ម ២៥ ព្រះវស្សា រងរបួស​បែក​ព្រះ​កេស បាក់​ទ​ន្តា (​ធ្មេញ​) ពីរ និង​រងរបួស​ពេញ​ព្រះកាយ​ទាំងអស់​។ បច្ចុប្បន្ន កំពុង​សឹង​ព្យាបាល​របួស នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ត្រាំកក់​។​

​ព្រះ​តេជគុណ នន ផល្លី បាន​មាន​សង្ឃដីកា ពេល​កំពុង​សឹង​ព្យាបាល​របួស​ថា នៅ​យប់​ថ្ងៃកើតហេតុ ពេល​ព្រះ​តេជគុណ ទើប​ចុះ​ពី​ទេសនា ចូលទៅ​សឹង​ក្នុង​កុដិ​នោះ ស្រាប់តែ​ក្រុមក្មេងស្ទាវ ស្ថិតនៅ​ក្នុងភូមិ​ប្រមាណ​ជា ១០​នាក់ ប៉ុន្តែ​មានតែ ៦​នាក់​ប៉ុណ្ណោះ បាន​ចូលទៅ​វាយ ព្រះអង្គ​តែម្តង​។​

​ពាក់ព័ន្ធ​នឹង​ការ​វាយ​នេះ ព្រះ​តេជគុណ នន ផល្លី ដែល​ទើបនឹង​សាង​ផ្នួស បាន​ប្រមាណ ៥​ខែ មិនបាន​បញ្ជាក់ ពី​មូលហេតុ​នោះទេ តែ​ព្រះ​តេជគុណ បាន​អះអាងថា ក្រុមក្មេងស្ទាវ និង​ព្រះអង្គ ធ្លាប់បាន​ប៉ះ​សម្តី និង​វាយតប់​គ្នា កាលពី​ព្រះអង្គ មិនទាន់​សាង​ផ្នួស​។​
​ព្រះ​តេជគុណ នន ផល្លី មិនបាន​ស្គាល់​អត្តសញ្ញាណ ក្រុមក្មេងស្ទាវ ដែល​ចូល​វាយ​ព្រះ​តេជគុណ ទាំងអស់​នោះទេ គឺ​ស្គាល់​តែ ៤​នាក់​ប៉ុណ្ណោះ រួមមាន​៖ សីហា​, វែង​, ភក្តិ និង​ម្នាក់ទៀត​ឈ្មោះ ប្រាក់ សំរឹទ្ធ ជា​មន្ត្រី​យោធា​។​

​អធិការ​ស្រុក​ត្រាំកក់ លោក យ៉​ន់ វណ្ណ​ធី បាន​បញ្ជាក់ថា ក្រោយពេល​កើតហេតុ លោក​បាន​ចុះទៅ​ចាប់ ក្រុម​ជនដៃដល់ បាន​៣​នាក់ តែ​ក្រោយ​ការសាកសួរ សម្រេច​បញ្ជូន​ទៅកាន់​តុលាការ ២ នាក់ (​ឈ្មោះ លឹម សីហា និង ប្រេ​ស សំរិត​)​។ ដោយឡែក ឈ្មោះ ប្រាក់ សំរឹទ្ធ ដែលជា​មន្ត្រី​យោធា ត្រូវបាន​ដោះលែង​ទៅវិញ ព្រោះ​មិនជា​ប់​ពាក់ព័ន្ធ​នោះឡើយ​។​

​ព្រះ​តេជគុណ នន ផល្លី និង​ក្រុមគ្រួសារ​របស់​ព្រះអង្គ បាន​ប្រតិកម្ម​យ៉ាងខ្លាំង ចំពោះ​ការដោះលែង​មន្ត្រី​យោធា​នេះ ដោយ​ព្រះអង្គ បាន​បញ្ជាក់ថា មន្ត្រី​យោធា​នេះ ក៏​ជា​ជនដៃដល់ ដែល​បាន​វាយ​ព្រះអង្គ​ផងដែរ​។ ព្រះអង្គ បាន​ហៅ​ការដោះលែង​នេះ ប្រហែលជា​មានការ​ត្រូវរ៉ូវ​គ្នា រវាង​សមត្ថកិច្ច និង​ជនបង្ក​អំពើហិង្សា​៕V/S

ព្រះសង្ឃ ដែល​ត្រូវ​ក្មេងស្ទាវ​វាយ អោយ​របួសធ្ងន់ សុំអោយ​នគរបាល និង​តុលាការ ជួយ​រក​យុត្ត​ធ​ម៌