​ឃាត់ខ្លួនសកម្មជន​ដីធ្លី​២​នាក់​ម្នាក់​ជា​អ្នកកាសែត​សេនា​ដៃ​៨​ដែល​​ចូល​ទៅ​សង់​ខ្ទម​លើ​ដី​ព្រៃរបស់​រដ្ឋ

ខេត្តសៀមរាប​ ៖ ​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់ខ្លួន​សកម្មជន​ដីធ្លី​ចំនួន​២​នាក់​ ក្នុង​នោះ​មាន​អ្នកកាសែត​សេនា​ដៃ​ប្រាំបី​ម្នាក់​ផង​ដែរ ខណៈ​ដែល​ពួក​គេ​បាន​នាំ​គ្នា​មក​រារាំង​សមត្ថកិច្ច ដើម្បី​ការពារ​ខ្ទម​របស់​ពួក​គេ​ ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា ពួក​គេ​ទាំង​អស់នេះ​បាន​សាងសង់​ខ្ទម​ចំនួន​១៤០​ខ្នង​លើ​ដី​ព្រៃរបស់​រដ្ឋ​។

​ការ​ឃាត់ខ្លួន​សកម្មជន​ដីធ្លី​២​នាក់នេះ​បាន​​ធ្វើ​ឡើងកាល​ពីថ្ងៃ​ទី​០៦ ​តុលា​ ​២០១៥ ស្ថិត​នៅ​ភូមិសាស្ត្រ​ឆ្កែ​កូន ភ្នំ​អំពិល​ក្នុង​ឃុំ​ពាក់ស្នែង ស្រុក​អង្គរធំ ​។

លោក ម៉ុង ប៊ុ​ន​លី​ម នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​បាន​មាន​ប្រសាសន៍ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​០៧ ​តុលា​នេះ​ថា ដោយ​ឃើញ​មាន​ពលរដ្ឋ​នាំ​គ្នា​មក​សង់​ខ្ទម​តូច​ៗ​ជា​ច្រើន​នៅ​ក្នុង​តំបន់​ព្រៃរបស់​រដ្ឋ​ទើប​លោក​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ រួម​មាន ប៉ូលិស ​ប៉េ​អឹម ទាហាន និង​អាជ្ញាធរ​មូលដ្ឋាន​សរុប​ចំនួន​ជិត​១​រយ​នាក់ នាំ​គ្នា​ចុះ​ទៅ​រុះរើ​ និង​ហាមឃាត់​ តែ​ក្រុម​អ្នក​តវ៉ា​ទាំង​អស់នោះ​មាន​ប្រដាប់​ដោយកាំបិត ​និង​ពូថៅ​បាន​មក​រារាំង​សមត្ថកិច្ច​ទើប​សមត្ថកិច្ច​បាន​ស្នើ​សុំ​ទៅតំណាង​អយ្យការ​ដើម្បី​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​។

លោក​បន្ត​ថា ករណី​នេះ​មាន​អ្នក​មក​បំផុសបំផុល ​ឱ្យ​ពលរដ្ឋ​មក​ពី​ស្រុក​បន្ទាយស្រី ស្រុក​ប្រាសាទបាគង ស្រុក​ពួក បាន​នាំ​គ្នា​ចាប់​យក​ដី​ព្រៃរបស់​រដ្ឋ​មក​សាងសង់​ខ្ទមចំនួន​១៤០​ខ្នង នៅ​ក្នុង​ដី​ព្រៃរបស់​រដ្ឋ​ចំនួន​២០​ហិក​តា ក្នុង​ដី​សរុប​ចំនួន​៥​ពាន់​ហិក​តា ដែល​នៅ​ជាប់​ព្រំប្រទល់​ស្រុកបន្ទាយស្រី ​ស្រុក​អង្គរធំ ស្រុក​វ៉ា​រិ​ន ស្រុក​អង្គរជុំ​។

ក្នុង​ប្រតិបត្តិការ​ខាងលើ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​សកម្មជន​ដីធ្លី​ចំនួន​២​នាក់​មាន​ ឈ្មោះ កី វី ភេទស្រី អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ ពាក់​ស្នែង​ថ្មី ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ និង​ម្នាក់​ទៀត​ឈ្មោះ ពុត កុ​ស៊ា​ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​អ្នកកាសែត​សេនា​ដៃ​៨ រស់នៅ​ភូមិ​សាលារៀន ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង​។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ​លោក​ទា គឹ​ម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៃ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នោះ សមត្ថកិច្ច​បាន​សម្រេចចិត្ត​ឃាត់ខ្លួន​សកម្មជន​ដីធ្លី​ចំនួន​២​នាក់ ក្នុង​នោះម្នាក់​ជា​អ្នកកាសែត​សេនា​ដៃ​ប្រាំបី​ និង​ស្ត្រី​ម្នាក់​ទៀត​ក៏​ជាសកម្មជន​ដីធ្លី​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា បច្ចុប្បន្នសកម្មជន​ដីធ្លី​ប្រុស​ស្រី​ទាំង​២​នាក់​នោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​នាំ​ខ្លួន​បញ្ជូនទៅ​កាន់​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​ ​

ចំណែក​លោក​វរសេនីយ៍ត្រី ទូច ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​អង្គរធំ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៧ តុលា​នេះ​ថា ករណី​នេះ​សមត្ថ​កិច្ច​គ្រាន់តែ​ចុះ​មក​រុះរើ​ និង​ហាមឃាត់​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​ក្រុម​សកម្ម​ជន​ទាំងនោះ​ធ្វើការ​តវ៉ា ហើយ​បាន​គម្រាម​មក​លើ​សមត្ថកិច្ច ទើប​សមត្ថកិច្ច​អនុវត្ត​​តាម​ច្បាប់​តែ​ម្តង ព្រមទាំង​ឃាត់ខ្លួន​បាន​មេដឹកនាំ​ប្រុស​ស្រី​ចំនួន​២​នាក់​យក​មក​តុលាការ​៕