លោក ថោ​ង ខុន ​​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ក្នុង​សហគមន៍​អេកូ​ទេសចរណ៍​កំពង់​ភ្លុក

​ខេត្ត​សៀមរាប ​៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាល​ពី​​ថ្ងៃ​ទី​៦ ​តុលា​ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​​ប្រជាពលរដ្ឋក្នុង​សហគមន៍​អេកូ​-​ទេសចរណ៍​កំពង់​ភ្លុក តំបន់​បឹង​ទន្លេសាប ខេត្តសៀមរាប ដើម្បី​ជម្រាប​ជូន​អំពី​ដំណើរការ​វិវត្តន៍នៃ​វិស័យ​ទេសចរណ៍ និង​ការ​រៀបចំ​តំបន់​នេះឲ្យ​ក្លាយទៅជា​តំបន់​មួយ ដ៏​មានការ​ទាក់ទាញសម្រាប់​ខេត្តសៀមរាប និង​ជា​គំរូ​ដ៏​ល្អ​សម្រាប់​រៀបចំសហគមន៍​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ខេត្ត​ សំដៅ​លើក​ស្ទួយ​កម្រិតជីវភាព​រស់នៅ និង​ការ​គាំពារ​បរិស្ថាន តាម​រយៈ​ការ​រៀបចំ​សេវា​ស្នាក់​នៅ សេវា​ម្ហូបអាហារ សេវា​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ និង​សេវាកម្ម​មគ្គុទ្ទេសក៍ ទេសចរណ៍​សហគមន៍ ដែល​នឹង​ផ្តល់​ការងារដល់​ក្មួយ​ៗ​យុវជន និង​ស្ត្រី​ផង​ដែរ ​។

លោក ថោ​ង ខុន ក៏​បាន​ស្នើ​ឲ្យ​សហគមន៍​អេកូ​-​ទេសចរណ៍​កំពង់​ភ្លុក ដែល​បាន​បង្កើត​ហើយ​នេះ ត្រូវ​បន្ត​កិច្ចការ​របស់​ខ្លួន​ដោយសហការ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ ពិសេស​ផ្នែក​ឯកជន ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម ផ្តល់​ដល់​ភ្ញៀវ​ទេសចរ ប្រកបដោយ​គុណភាព ផា​សុកភាព ។ លោក​បាន​បញ្ជាក់​ថា ដើម្បី​រៀបចំ​គ្រប់​គ្រង​តំបន់​អេកូ​-​ទេសចរណ៍ សហគមន៍​ប្រកបដោយ​និរន្តរភាព ចាំបាច់​ត្រូវ​ធានា​ឲ្យ​មានការ​បែងចែកផលប្រយោជន៍​ដោយ​សមធម៌ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ផ្ទាល់់ ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំដល់​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​ជំនាញ​ទាំងអស់ ពិសេស​មន្ទីរ​ទេសចរណ៍​ខេត្ត ត្រូវ​សហការ​រៀបចំ​ជាមួយសហគមន៍​រៀបចំ​គម្រោង​អភិវឌ្ឍន៍​តំបន់​នេះ ដែល​ជា​តំបន់​មួយដ៏​មាន​សក្តានុពលក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ។

ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគមន៍​ឃុំ​កំពង់​ភ្លុក បាន​បង្ហាញ​នូវ​ការ​រីករាយ និង​បាន​ថ្លែងអំណរគុណចំពោះ​សម្តេច​តេ​ជា ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​កម្ពុជា  ដែល​បាន​ជួយ​​ដោះស្រាយបញ្ហា​នា​ពេល​កន្លង​មកនៅ​តំបន់​នេះ ហើយ​បាន​ធ្វើ​ឲ្យ​ពួក​គាត់ មាន​សេចក្តី​ជឿជាក់ក្នុង​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

ក្នុង​ឱកាស​នេះ​ដែរ​ លោក​រដ្ឋមន្ត្រី និង​ប្រតិភូ​ក្រុមការងារ ក៏​បាន​ចុះ​ពិនិត្យ​ស្ថានភាព និង​សកម្មភាព​ជាក់ស្ដែងរបស់​ប្រជា​សហគមន៍ និង​តំបន់​អេកូ​-​ទេសចរណ៍​កំពង់​​ភ្លុក​នោះ​ផង​ដែរ ៕