លោក McGhee៖ ស្កុតឡេនមិនខ្លាចខ្សែប្រយុទ្ធឡើងទម្រង់លេង Lewandowski ឡើយ

លោក Mark McGhee ដែល​ជា​គ្រូ​បង្វឹក​ជំនួយ បាននិយាយ​ថា ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ស្កុត​ឡេន មិន​ខ្លាច​ខ្សែ​ប្រយុទ្ធ Robert Lewandowski ឡើយ ខណៈ​ដែលពួក​គេ​​ត្រៀម​ជួប​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ប៉ូ​ឡូញ​ក្នុង​ការ​ប្រកួត​ជម្រុះ Euro ឆ្នាំ​២០១៦ ដ៏​សំខាន់​របស់​ពួកគេ​នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍នេះ​។ ក្រុម​ជម្រើស​ជាតិ​ស្កុត​ឡេន ​ត្រូវ​តែ​គេច​ឲ្យ​ផុត​ពីការ​ទទួល​បរា​ជ័យ ប្រសិន​បើ​ពួក​គេ​ចង់​រក្សា​ក្តី​សង្ឃឹមនៃ​ការ​​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣​​ដើម្បី​ទទួល​បានកៅ​អី​ឈាន​ទៅ​ប្រកួតក្នុង​វគ្គ Playoff ពី​ពូល D​។ ក្រុម​ជម្រើស​ជាតិ​ស្កុតឡេន ដែល​មិន​ធ្លាប់​ឈាន​ទៅ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​សោះ​ក្នុង​យុទ្ធ​នា​ការ​​ដ៏​សំខាន់​មួយ​បើ​គិត​ចាប់​តាំងពី​ឆ្នាំ​១៩៩៨នោះ អាចនឹង​នៅ​តែ​ប្រឈមមុខនឹង​​ការ​ធ្លាក់​ចេញ ប្រសិន​បើ​ពួក​គេ​ផ្តួល​ក្រុម​ជម្រើសជាតិ​ស្កុត​ឡេន ហើយ​ប្រសិន​ប្រើ​ក្រុម​ជម្រើស​ជាតិ​អៀរ​ឡង់ ផ្តួល​ក្រុម​ជម្រើស​​ជាតិអាល្លឺ​ម៉ង់ ក្នុង​ទីក្រុង Dublin ប៉ុន្តែ បន្ទាប់​មក មិន​អាច​ផ្តួល​ប៉ូ​ឡូញ ​ក្នុង​ទីក្រុង Warsaw នា​ថ្ងៃ​អាទិត្យ​នេះ​។
1
ក្រុម​ជម្រើស​ជាតិ​ប៉ូ​ឡូញ ដែល​កំពុង​តែ​ដេញ​តាម​ពី​ក្រោយ​ក្រុម​អាល្លឺ​ម៉ង់​២​ពិន្ទុ​ដោយ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​២ អាច​នឹង​ឈ្នះ​កៅ​អី​ទៅ​​​ប្រកួ​ជុំ​ផ្តាច់​ព្រ័ត្រ​ប្រសិន​បើ​ពួក​គេ​​ទទួល​ជ័យ​ជម្នះ​នៅពេល​ប្រកួត​ជា​មួយនឹង​ក្រុម​ជម្រើស​ជាតិ​ស្កុត​ឡេន ហើយ​​នឹង​រំពឹង​​ទៅលើ​ខ្សែ​ប្រយុទ្ធ Lewandowski ក្នុង​ការ​រក​គ្រាប់​បាល់​ដើម្បី​ជួយ​ឲ្យ​ពួក​គេ​ឈាន​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​។ ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Bayern Munich រូប​នេះ គឺ​ជា​ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ទម្រង់​លេងក្នុង​ទ្វីប​អឺ​រ៉ុប ពោល​គឺ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​​១២​គ្រាប់​ក្នុង​ការ​ប្រកួត​៤​លើក​ចុង​ក្រោយរ​បស់​​គេ​សម្រាប់​ក្រុម​យក្ស​អាល្លឺ​ម៉ង់មួយ​នេះ​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា​ លោក McGhee បញ្ជាក់​ថា ស្កុត​ឡេន មិន​បាន​ចាត់​ទុក​រូ​ប​គេ​ជា​កីឡាករ​ពិសេស​​តែ​ម្នាក់​ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​នៅ​​កីឡ​ដ្ឋាន Hampden ឡើយ​។ លោក​បាន​ឲ្យ​ដឹង​ថា៖ «យើង​មាន​ការ​​គោ​រព​ដល់​រូប​គេ​។ យើង​មាន​អារម្មណ៍​ថា យើង​ត្រូវ​តែ​​លេង​ឲ្យ​បាន​ល្អ​ដូច​ពួក​គេ​ក្នុង​រាល់​តំបន់​ទាំង​អស់​។ Lewandowski ជា​កីឡាករ​ដែល​ពួក​គេ​សង្ឃឹម​ថា នឹង​រក​គ្រាប់​បាល់​បញ្ចូល​ទី​សម្រាប់​ពួក​គេ ហេតុនេះ យើង​ត្រូវ​តែ​​យក​ចិត្ត​ទុក​ដាក់​លើ​រូប​គេ​»​​។ ការ​ប្រកួត​នេះ​នៅ​រាត្រីនេះ នឹង​ចាប់​ផ្តើម​នៅម៉ោង​១:៤៥​ទៀប​ភ្លឺ​៕

ការ​ជួប​គ្នា​​៣លើក​ចុងក្រោយ

15.10.14          Poland 2-2 Scotland

06.03.14          Poland 0-1 Scotland

25.04.01          Poland 1-1 Scotland