Bale៖ វេលស៍ត្រៀមរួចជាស្រេចដើម្បីទទួលយកសម្ពាធក្នុង Euro ឆ្នាំ២០១៦

ខ្សែ​ប្រយុទ្ធ Gareth Bale បាន​និយាយ​ថា កីឡាករ​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​វេលស៍ កំពុង​តែ​​ទទួល​យក​នូវ​ការ​រំពឹង​ទុក​ផ្សេង​ៗ​ជុំ​វិញ​ពួក​គេ ខណៈ​ដែល​​ពួក​គេ​សម្លឹង​រក​ការ​​ឈ្នះកៅ​អី​​ឈាន​ទៅ​ប្រកួត​ក្នុង​យុទ្ធនា​ការ​ដ៏​សំខាន់​មួយ​ជា​លើក​ដំ​បូង​ក្នុង​រយៈ​ពេល​៥៧​ឆ្នាំ​។ ក្រុម​ជម្រើស​ជាតិ​វេលស៍ នឹង​ត្រូវ​ជួប​ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​បូស្នី ក្នុង​ទីក្រុង Zenica នៅ​ថ្ងៃ​សៅរ៍នេះ ដោយ​ត្រូវ​ការ​ត្រឹម​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​ដើម្បី​​ឈ្នះ​កៅ​អី​ឈាន​ទៅ​ប្រកួតក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០១៦ នៅ​ប្រទេស​បារាំង ក្រោយពី​​មិន​បាន​​ឈាន​ទៅ​ប្រកួតក្នុង​​យុទ្ធ​នា​​ការ​ដ៏​ធំមួយ​​សោះ​បើគិត​ចាប់​តាំងពី World Cup ឆ្នាំ​១៩៥៨​។
1
បន្ទាប់​មក ពួកគេ​​នឹង​​បញ្ចប់​យុទ្ធ​នា​ការ​ជម្រុះ​របស់​ពួក​គេ​​តាម​រយៈ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ភ្ញៀវ​​អង់​ដូ​រ៉ា ដែលមានន័យ​ថា ពួក​គេ​​មាន​ប្រៀប​ដ៏​ពិសេសមួយ ហើយ Bale ​បាន​និយាយ​ថា ក្រុម​ជម្រើស​ជាតិ​វេលស៍​ កំពុង​ទទួល​បន្ទុក​នូវការ​រំពឹង​ទុកផ្សេង​ៗ​ទៅ​លើ​​ការ​ឈ្នះ​កៅ​អី​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​។ ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Real Madrid រូប​នេះ ដែល​ប្រទេស​​របស់​គេ​​មិន​ធ្លាប់​លេង​ក្នុង​យុទ្ធ​នា​ការ​អឺ​រ៉ុប​ជុំ​ផ្តាច់​ព្រ័ត្រ​​សោះនោះ បាន​ឲ្យ​ដឹង​ថា៖ «យើង​កំពុង​តែ​ស្ថិត​យ៉ាង​ប្រកៀកក្នុងការ​សម្រេច​បាន​នូវ​អ្វី​មួយ​ដែល​គ្មាន​ក្រុម​ផ្សេង​ទៀត​​មិន​​បាន​ធ្វើពីមុនមក ហើយ​យើង​ពិត​ជា​រំភើប​ណាស់​»​។ Bale បាន​ប្រាប់​បន្ថែម​ទៀត​ថា៖ «នេះ​ជា​សម្ពាធ​ដ៏​ល្អ​បំផុត​ក្នុង​ការ​មាន ហើយ​យើង​ចង់​​​ទុក​សម្ពាធនោះ​។ យើង​ដឹង​ថា យើង​មាន​ការ​ប្រថុយ​ប្រថាន ប៉ុន្តែ យើង​កំពុង​រក្សា​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់ ហើយ​យើង​​ដឹង​​ពី​អ្វី​ដែលយើង​ត្រូវ​តែ​ធ្វើ​»​។ ការ​ប្រកួតនៅ​ថ្ងៃ​សៅរ៍នេះ នឹង​ចាប់​ផ្តើម​នៅម៉ោង​១:៤៥​ទៀប​ភ្លឺ​​៕

ការ​ជួប​គ្នា​បីលើក​ចុង​ក្រោយរ​វាង​ក្រុម​ទាំង​ពីរ

11.10.14          Wales 0-0 Bosnia & Herzegovina

16.08.12          Wales 0-2 Bosnia & Herzegovina

13.02.03          Wales 2-2 Bosnia & Herzegovina