Sony អាច​នឹង​បាត់​មុខ​​ពី​​ទីផ្សារ​ទូរសព្ទ​ ប្រសិន​បើ​ឆ្នាំ​២០១៦​នៅ​តែ​មិន​ទទួល​បាន​ផល​ចំណេញ

Sony អាច​នឹង​បាត់​មុខ​​ពី​​ទីផ្សារ​ទូរសព្ទ​ ប្រសិន​បើ​ឆ្នាំ​២០១៦​នៅ​តែ​មិន​ទទួល​បាន​ផល​ចំណេញ

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ គេ​សង្កេត​ឃើញ​ថា​ ​វិស័យ​ទូរសព្ទ​របស់​ក្រុមហ៊ុន​ Sony ហាក់​​​ជួប​ប្រទះ​នឹង​ការ​លំបាក​ខ្លាំង​ ដោយ​សារ​តែ​ផល​ចំណេញ​របស់​ខ្លួន​ថយ​ចុះ​ជា​លំដាប់ ហើយ​ក្នុង​ឆ្នាំ​២០១៦​នេះ​ Sony អាច​នឹង​បាត់​មុខ​ពី​ទីផ្សារ​ទូរសព្ទ​ប្រសិន​បើ​នៅ​តែ​បន្ត​ការ​ធ្លាក់​ចុះ​នៃ​ផល​ចំណេញ​ដូច​នេះ។

 

Sony អាច​នឹង​បាត់​មុខ​​ពី​​ទីផ្សារ​ទូរសព្ទ​ ប្រសិន​បើ​ឆ្នាំ​២០១៦​នៅ​តែ​មិន​ទទួល​បាន​ផល​ចំណេញ

​​

បើ​តាម​ការ​លើក​ឡើង​របស់​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ Sony លោក​ Kazuo Hirai ​បាន​ឲ្យ​ដឹង​ថា​ លោក​ទុក​ពេល​មួយ​ឆ្នាំ​ទៀត​ចំពោះ​វិស័យ​ទូរសព្ទ​របស់​​ក្រុមហ៊ុន​​ដើម្បី​ស្ដារ​មុខ​មាត់​ឡើង​វិញ។ លោក​បាន​បន្ត​ថា ​ប្រសិន​​ក្នុង​ឆ្នាំ​២០១៦​នៅ​តែ​មិន​ទទួល​បាន​ផល​ចំណេញ​ទេ​នោះ គេ​នឹង​ពិចារណា​លើ​ជម្រើស​ផ្សេង​ទៀត​ចំពោះ​វិស័យ​ទូរសព្ទ​នេះ។
​​​​

វិស័យ​ទូរសព្ទ​របស់​ក្រុមហ៊ុន​ Sony ត្រូវ​បាន​គេវាយ​​តម្លៃ​ថា ​អាច​នឹង​មាន​ការ​ខាត​បង់​ប្រមាណ​ជា​ ៤៨០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​នេះ​ ដោយ​ចំនួន​គឺ​ច្រើន​ជាង​ការ​វាយ​តម្លៃ​កាល​ពី​ខែ​មេសា​ ដែល​ខាត​បង់​ត្រឹម​ ៣១០​​លាន​ដុល្លារ។ បញ្ហា​​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ខាត់​បង់​ធ្ងន់ធ្ងរ​ដូច​នេះ​គឺ​ដោយ​សារ​តែ​ក្រុមហ៊ុន​មិន​​អាច​វាយ​លុក​ចូល​ទីផ្សារ​អាមេរិក​បាន​ ពោល​គឺ​អាច​កាន់​កាប់​បាន​តែ​១​ភាគរយ​ប៉ុណ្ណោះ​លើ​​ទីផ្សារ​​ទូរសព្ទ​របស់​ប្រទេស​នេះ។ ចំណែក​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​ ក្រុមហ៊ុន​នេះ​ក្ដោប​ក្ដាប់​ទីផ្សារ​​ទូរសព្ទ​បាន​តែ​១៧,៥​ភាគរយ​ប៉ុណ្ណោះ។

 

គួរ​បញ្ជាក់​ថា ​ក្រុមហ៊ុន​យក្ស​របស់​ប្រទេស​ជប៉ុន​មួយ​នេះ​ទើប​តែ​បាន​បញ្ចប់​ជំនួញ​កុំព្យូទ័រ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​កន្លង​ទៅ​ ហើយ​​ចំពោះ​ជំនួញ​ទូរសព្ទ​ក៏​អាច​​ប្រឈម​មុខ​នឹង​ការ​បញ្ចប់​ដូច​គ្នា​នេះ​ដែរ​ប្រសិន​បើមិន​​អាចរក​​ប្រាក់​ចំណេញ​បាន​ទេ​នោះ៕

 
ចុច​អាន៖ Microsoft ចេញ​ Laptop ​ដំបូង​ លឿន​ជាង​ Macbook Pro ពីរ​ដង

 
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង​
ប្រភព៖ PhoneArena​​​​​
​​​​​​​​​