កិច្ចពិភាក្សាប្រាក់ឈ្នួល អប្បបរមាសម្រាប់ ឆ្នាំ២០១៦ បានបញ្ចប់ តែប្រាក់ឈ្នួល បន្តខ្វែងគំនិតគ្នា

ភ្នំពេញ៖ ក្រុមការងារបច្ចេកទេសត្រីភាគី (ភាគីកម្មករ និយោជិត, និយោជក និងរាជរដ្ឋាភិបាល) ចំនួន៤៨រូប ដែលពិភាក្សាទៅលើការកំណត់ប្រាក់ឈ្នួល អប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៦ បានបិទបញ្ចប់ហើយ នៅល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥នេះ។ បន្ទាប់ពីបានចំណាយពេល ពិភាក្សាអស់រយៈពេល ៨ថ្ងៃ ក្រុមការងារបច្ចេកទេសត្រីភាគី បានសម្រេចជាឯកច្ឆន្ទចំនួន ៦ចំណុច តែប្រាក់ការកំណត់ប្រាក់ឈ្នួល នៅតែបន្តខ្វែងគំនិតគ្នាដដែល។

លោក សោម អូន ប្រធានក្រុមប្រឹក្សា សហជីពជាតិកម្មករ បានថ្លែងថា ក្រុមការងារបច្ចេកទេស ប្រាក់ឈ្នួលបានបញ្ចប់ ដោយបោះឆ្នោតសម្រាប់ប្រាក់ឈ្នួល អប្បបរមាកម្មករឆ្នាំ២០១៦ ដោយសារកិច្ចប្រជុំរយៈពេល៨ថ្ងៃ មិនទទួលបាននូវការឯកភាពជាឯកច្ឆ័ន្ទ ហើយឈានទៅដល់ការបោះឆ្នោត ដើម្បីជ្រើសយកទូរលេខមួយ សម្រាប់ដាក់បញ្ចូលទៅក្នុងការពិភាក្សា គណៈកម្មការប្រឹក្សាការងារនៅថ្ងៃស្អែក ។ នៅក្នុងដំណាក់កាលចុងក្រោយនេះ គឺមេសហជីពចំនួន៤រូប បានដើរចេញពីអង្គប្រជុំ ដោយមិនចូលរួមបោះឆ្នោតធ្វើ ឲ្យសម្លេងរបស់ភាគីសហជីពធ្លាក់ចុះ មិនអាចការពារនូវទូរលេខ ស្នើតម្លើងប្រាក់ឈ្នួលអប្បបរ មាកម្មករចំនួន១៦០ដុល្លារក្នុងមួយខែបាន ។

លោក សោម អូន បានបន្ថែមថា គណៈកម្មការរបច្ចេកទេស ពិភាក្សាប្រាក់ឈ្នួលមានលក្ខណៈត្រីភាគី ដែលក្នុងនោះមានភាគីសហជីព១៦រូប ភាគីថៅកែ១៦រូប និងភាគីអន្តរក្រសួងរារដ្ឋាភិបាល១៦រូប សរុបស្មើ៤៨រូប ។

ដោយសារតែការពិភាក្សាជាងមួយសប្តាហ៏នេះ ពុំមានការឯកភាពគ្នា ក៏ឈានទៅដល់ការបោះឆ្នោត ស្របតាមបទបញ្ជាផ្ទៃក្នុង និងគោលការណ៏ប្រជាធិបតេយ្យ ហើយបានដាក់តួលេខ នៃការស្នើសុំតម្លើងប្រាក់ឈ្នួលចំនួន៣ ដើម្បទីធ្វើការបោះឆ្នោត។ ទី១-សំណើសហជីព១៦០ដុល្លារ, ទី២-សំណើនិយោជក១៣៣ដុល្លារ និង ១៣៥ដុល្លារ ជាសំណើភាគីរដ្ឋាភិបាល ។ ការបោះបានបង្ហាញឲ្យឃើញថា ភាគីសហជីពបាន ឯកភាពគ្នាបោះឆ្នោតការពារ តួលេខរបស់ខ្លួនបាន១២សម្លេង ក្នងចំណោមអ្នកសហជីព ចូលរួមបោះឆ្នោត១២ រូប ឯ៤រូបទៀតបានដើរចេញមិនបោះឆ្នោត ។ សម្លេងឆ្នោតដែលបានច្រើនជាងគេ គឺ១៦សម្លងគាំទ្រ១៣៣ដុល្លារ, ១៥សម្លេងគាំទ្រ១៣៥ដុល្លារ និង ១៣សម្លេងគាំទ្រ១៦០ដុល្លារ ។ ចំពោះសម្លេងភាគីសហជីព១២រូប បានបោះទាំង១២រូប ដើម្បីការពារតួលេខ១៦០ដុល្លារនេះ និងមានភាគីផ្សេងបោះបន្ថែម១សម្លេងទៀតស្មើនឹង១៣សម្លេង ។

លោក សោម អូន បានសំដែងនូវការសោកស្តាយ ប្រសិនបើមេដឹកនាំទាំង៤រូបមិនដើរចេញ ហើយនៅចូលបោះឆ្នោតនោះ សម្លេងគាំទ្រ១៦០ដុល្លារនេះ និងទទួលបាន ១៧សម្លេង គឺនឹងឈ្នះគេ ហើយនឹងត្រូវបានគណៈកម្មការ ប្រឹក្សាការងារជ្រើសរើស ធ្វើជារបៀបវារៈប្រជុំនៅថ្ងៃស្អែក ដែលជាការប្រជុំអនុម័តចុងក្រោយ ក្នុងការសម្រេចជោគវាសនា ប្រាក់ឈ្នួលអប្បបរមាកម្មករនៅឆ្នាំ២០១៦ ។

លោកបានបញ្ជាក់បន្ថែមថា ការធ្វេសប្រហែសរបស់មេដឹកនាំ សហជីពទាំង៤រូបនេះ បានធ្វើឲ្យការខិតខំពិភាក្សា របស់ភាគីសហជីព ដើម្បីសម្រេចបាននូវទូរលេខ១៦០ដុល្លារនេះ មិមត្រូវបានជាប់សម្លេងឆ្នោតភាគច្រើន សម្រាប់ដាក់ប្រជុំនៅគណៈកម្មការ ប្រឹក្សាការងារនៅថ្ងៃស្អែក ។

កិច្ចពិភាក្សាប្រាក់ឈ្នួល អប្បបរមាសម្រាប់ ឆ្នាំ២០១៦ បានបញ្ចប់ តែប្រាក់ឈ្នួល បន្តខ្វែងគំនិតគ្នា