មន្ត្រីតុលាការថ្នាក់ជាតិ ទស្សនកិច្ចសិក្សា ពីបទពិសោធន៍ របស់សាលាក្តីខ្មែរក្រហម

ភ្នំពេញ ៖មន្ត្រីតុលាការថ្នាក់ជាតិ ដែលជាថ្នាក់ដឹកនាំ នៃសាលាជម្រះក្តី និងប្រធាន អនុប្រធាន នៃអង្គភាព រដ្ឋបាល នៃសាលា ជំនុំ ជម្រះក្តី គ្រប់ជាន់ថ្នាក់ នៅកម្ពុជាជាង៥០នាក់ បានទស្សនកិច្ចសិក្សានៅ អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ ដើម្បីស្វែងយល់ពីដំណើរ ការកិច្ចការរដ្ឋបាល និងការអនុវត្តច្បាប់នៅអ.វ.ត.ក។

ដំណើរទស្សនកិច្ចនេះត្រូវបានសហការរៀបចំដោយ អ.វ.ត.ក និងក្រសួងយុត្តិធម៌។ ក្នុងរយៈពេលមួយថ្ងៃនៃដំណើរ ទស្សនកិច្ច មន្ត្រីរដ្ឋបាលមកពីតុលាការថ្នាក់ជាតិគ្រប់ជាន់ថ្នាក់ បានឃើញផ្ទាល់អំពីការអនុវត្តការងាររដ្ឋបាល ជាក់ស្តែងនៅ អ.វ.ត.ក តាមរយៈការធ្វើបទបង្ហាញនានាអំពី ឧបករណ៍សម្រេចការងារនិងរបៀបបំពេញការងារជាក់ស្តែងដែលអង្គភាពនានាក្រោមចំណុះការិយាល័យរដ្ឋបាលបាននិងកំពុងធ្វើក្នុងនោះមានការចែករំលែកបទពិសោធពីការិយាល័យរដ្ឋបាល ផ្នែកគ្រប់គ្រងតុលាការ ផ្នែកថវិកា និងហិរញ្ញវត្ថុ ផ្នែកព័ត៌មានវិទ្យានិងផ្នែកកិច្ចការសាធារណៈនៃ អ.វ.ត.ក ព្រមទាំងបានចូលរួមស្តាប់ដំណើរការសវនាការលើសំណុំរឿង ០០២/០២ ប្រឆាំងនឹងនួន ជា និងខៀវ សំផន របស់អង្គជំនុំជម្រះសាលាដំបូងផងដែរ។

 លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទីនៃអ.វ.ត.ក បានមានប្រសាសន៍ថាការិយាល័យរដ្ឋបាលនៃសាលាក្តីខ្មែរក្រហម បានបង្ហាញនូវបទពិសោធដ៏មានសារៈសំខាន់នានា ទាក់ទងនឹងដំណើរការរដ្ឋបាល។ លោកបានគូសបញ្ជាក់ថា«ផ្នែករដ្ឋបាលរបស់ អ.វ.ត.ក មានតួនាទីជាអ្នកសម្របសម្រួល គាំទ្រ និងផ្តល់សេវាកម្មចាំបាច់ដល់អង្គជំនុំជម្រះការិយាល័យសហចៅក្រមស៊ើបអង្កេត និង ការិយាល័យសហព្រះរាជអាជ្ញា។ ផ្នែករដ្ឋបាលក៏មានតួនាទីជាអ្នកតំណាងឲ្យតុលាការក្នុងកិច្ចការទំនាក់ទំនងជាមួយស្ថាប័នខាងក្រៅផងដែរ»។

លោក ក្រាញ់ តូនី បានថ្លែងថា៖«អ្វីដែលបានអនុវត្តនៅក្នុងផ្នែករដ្ឋបាល អ.វ.ត.ក ដូចជាការគ្រប់គ្រងសំណុំរឿងតាមប្រព័ន្ធអេឡិចត្រូនិកគឺជាបទពិសោធថ្មីមួយសម្រាប់ប្រព័ន្ធតុលាកាកម្ពុជា។ ការគ្រប់គ្រងសំណុំរឿង តាមប្រព័ន្ធព័ត៌មានវិទ្យានេះ អនុញ្ញាតឱ្យគ្រប់ភាគីទាំងអស់ នៃសំណុំរឿងអាចងាយស្រួលក្នុង ការចូលពិនិត្យមើលសំ ណុំរឿង និងមិនបាត់បង់សំណុំរឿងដែលកិច្ចការនេះដើម្បីឆ្លើយតបនឹងការបម្រើសេវាយុត្តិធម៌ឱ្យមានប្រសិទ្ធភាព និងតម្លាភាពស្រប តាមនិយាមយុត្តិធម៌អន្តរជាតិ» ។

ជាមួយគ្នានេះ លោកក៏បានប្រកាសបើកចំហរឱ្យមាន កិច្ចសហប្រតិបត្តិការរបៀបនេះបន្ថែមទៀតដើម្បីអនុញ្ញាតឱ្យមន្ត្រី តុលាការ និងអ្នកអនុវត្តច្បាប់ផ្សេងទៀតអាចមកសិក្សានិងដកបទពិសោធពីសាលាក្តីខ្មែរក្រហម ដោយលោកបានថ្លែងថា បទពិសោធល្អនៅសាលាក្តីចម្រុះនេះ នឹងចូលរួមចំណែកក្នុងការកសាងសមត្ថភាពមន្ត្រីតុលាការ ក៏ដូចជាចូលរួមក្នុងកិច្ច ការកំណែ ទម្រង់លើប្រព័ន្ធតុលាការផងដែរ ៕

មន្ត្រីតុលាការថ្នាក់ជាតិ ទស្សនកិច្ចសិក្សា ពីបទពិសោធន៍ របស់សាលាក្តីខ្មែរក្រហម

មន្ត្រីតុលាការថ្នាក់ជាតិ ទស្សនកិច្ចសិក្សា ពីបទពិសោធន៍ របស់សាលាក្តីខ្មែរក្រហម

មន្ត្រីតុលាការថ្នាក់ជាតិ ទស្សនកិច្ចសិក្សា ពីបទពិសោធន៍ របស់សាលាក្តីខ្មែរក្រហម