នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចុះ​ណែនាំ​បណ្តា​ចំណតរថយន្ត​តូច​-​ធំ មិន​ត្រូវ​ឡើងថ្លៃ​ឈ្នួល​រថយន្ត​លើស​សៀវភៅ​កំណត់

ក្រុងប៉ោយប៉ែត ៖ កម្លាំងនគរបាល​ជំនាញនៃអង្គ​ភាព​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត កាលពីវេលាព្រឹក​ថ្ងៃទី​០៨ តុលា​ ២០១៥ នេះ បាន​​ចុះ​​ទៅ​រៀបចំ​​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវជាតិលេខ០៥ និង​បណ្តា​ចំណត​រថយន្ត​តូច-ធំ​ទាំងអស់ ​ក្នុង​នោះ​កម្លាំង​ ក៏បាន​ធ្វើការ​ណែ​នាំ​ដល់​​ម្ចាស់​​ចំណត​​មិន​ត្រូវ​ឡើង​ថ្លៃប្រាក់​ឈ្នួល​រថយន្ត​ពីប្រ​ជាពលរដ្ឋ​ក្នុង​ថ្ងៃបុណ្យ​កាន់បិណ្ឌ​ និងភ្ជុំបិណ្ឌ​​ ហួស​​ពី​​សៀវ​ភៅ​បន្ទុក​​នោះ​​ទេ ។ ប្រសិនបើ​មានករណីល្មើសណា​មួយនោះ នឹងត្រូវប្រឈម​មុខច្បាប់​ជាក់​ជា​មិនខាន ។

ប្រភព​បាន​ឱ្យ​ដឹងថា កម្លាំងនគរបាលជំនាញ ​​ក៏​បានណែនាំ​ដល់​គ្រប់​បណ្តា​រថយន្ត​ឈ្នួលតូច-ធំទាំងអស់ គួរតែ​​មាន​ថង់​សម្រាប់​ចែក​​​ជូន​អ្នកដំណើរ ដើម្បី​រក្សា​អនាម័យផងដែរ ។ ហើយជាពិសេស​នោះ អ្នក​កាន់​ចង្កូត​រថយន្ត​ទាំងអស់ គួរតែ​មានការប្រុង​ប្រយ័ត្ន​ខ្ពស់​ ក្នុងការបើក​បរ​ដឹកអ្នកដំណើរ ព្រោះ​បច្ចុប្បន្ន​​មានករណី​គ្រោះថ្នាក់​ចរាចរណ៍កើត​ឡើង​ គួរឱ្យកត់សម្គាល់​ណាស់ ។​