​​ផ្តន្ទា​ទោស​ជន​ជាតិ​វៀតណាម​បង្ក​គ្រោះ​ថ្នាក់ចរាចរណ៍នៅ​ស្រុកស្វាយ​ជ្រុំដាក់​ពន្ធ​នាគារ​៥ឆ្នាំ​ ​

ខេត្តស្វាយរៀង ៖​ នៅ​វេលា​ម៉ោង៩ព្រឹក​​ថ្ងៃ​ទី​៨ ​តុលា២០១៥ ​នេះ​សាលាដំបូង​ខេត្តស្វាយរៀង​បាន​បើក​សវនាការ​​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​ជនជាតិ​វៀតណាម​បើករថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​ស៊ុន​ហួ​១៥SH​ស្លាក​លេខ ភ្នំពេញ 3C 6335 ​បុក​រថយន្ត​ដឹក​កម្មករ-​កម្ម​ការ​នី​បណ្តាល​ឲ្យ​ស្លាប់​១៩​នាក់​ និង​រង​របួស​២០​នាក់​នៅ​ស្រុក​ស្វាយ​ជ្រុំ កាលពី​​ថ្ងៃ​ទី​១៩ ​ឧសភា​ ២០១៥​។

ក្នុង​សវនាការ​នោះ​ចៅ​ក្រម​​ជំនុំ​​ជម្រះ​បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​អ្នក​បើក​បរ​រថ​យន្ត​បង្ក​ជា​ជន​ជាតិ​វៀត​ណាម​​​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល៥ឆ្នាំ​ និង​សង​សំណង​រដ្ឋ​ប្បវេណី​ចំនួន​១២​លាន​រៀល​ និង​ឱ្យក្រុម​ហ៊ុន​ស៊ុន​ហួ សង​សំណង​ទៅ​ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​១៩​នាក់​ ក្នុង​ម្នាក់​​ថវិកា​១២លាន​រៀល​, ​​អ្នក​រង​របួស​ធ្ងន់​ម្នាក់​ ​​ថវិកា​១២​លាន​រៀល​, អ្នក​របួស​ធ្ងន់​ចំនួន​៦នាក់​​ទៀត ក្នុង​ម្នាក់​ ​ថវិកា​៩​លាន​រៀល​ ក្រៅពី​នោះ អ្នក​របួស​ជាង​១០នាក់​ទៀត​ ក្នុង​ម្នាក់ៗ​ថវិកា​៦លាន​រៀល។

ជុះ​វិញ​ការ​ប្រកាស​នេះ ជន​រង​គ្រោះ​ និង​សាច់​ញាតិ​បាន​និយាយ​ថា បើ​សិន​ជាបាន​ដូច​ការ​ប្រកាស​នេះ​ពួក​គាត់​នឹង​យល់​ព្រម តែគាត់​មិន​ដឹង​ថា ខាង​ក្រុម​ហ៊ុន​ស៊ុន​ហួយល់​ព្រម​ឬ​អត់​ទេ​​​៕