សកម្មជន​សិទ្ធិដីធ្លី​តំបន់​អារ៉ែង​​ត្រូវ​ចាប់ដាក់ពន្ធនាគារ​ពីបទ​កាប់ឈើ​ខុស​ច្បាប់​

លោក វ៉ែន វ៉ន សកម្មជន​សិទ្ធិ​ដីធ្លី​មក​ពី​ខេត្ត​កោះកុង ដែល​បាន​ធ្វើ​ការ​តវ៉ា​​​ជាប្រចាំ​​ជាមួយ​អង្គការ​មាតា​ធម្មជាតិ​​​ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ការ​ពារ​បរិស្ថាន​ប្រឆាំង​គម្រោង​​ សាង​សង់​ទំនប់​វារីអគ្គិសនី​ក្នុង​តំបន់​ជ្រលង​អារ៉ែង ត្រូវ​បាន​​ចាប់​ដាក់​ពន្ធនា​គារកាលពី​ម្សិលមិញ​​​ ក្រោម​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​កាប់​ឈើ​ដោយ​​​ខុស​ច្បាប់​ នេះបើ​យោង​​​តាម​​​ការ​លើក​ឡើង​របស់​​មេធាវី​ ​​​តំណាង​​​សកម្ម​​​ជន​​​រូប​​​នេះ​​​ និង​​​​មន្ត្រី​តុលាការ​ម្នាក់​​​​​​​។

លោក មិន មករា ​ចៅក្រម​ស៊ើបសួរ​បាន​មាន​ប្រសាសន៍​ថា លោក វ៉ែន វ៉ន អាយុ​៣៦​ឆ្នាំ ​​​ជា​សមាជិក​​សហគមន៍​ជនជាតិ​ដើម​ភាគ​​​តិច​​​​ជង​​នៅ​​​ក្នុង​ស្រុក​ថ្មបាំង​​ ត្រូវ​បាន​​ឃុំខ្លួន​បណ្ដោះ​ អាសន្ន​ បន្ទាប់ពីការ​សាក​សួរ​នៅ​តុលាការ​​កាលពី​ព្រឹក​ម្សិលមិញ។

ដោយ​បដិសេធ​មិន​និយាយ​អំពី​រឿង​ក្ដី​នេះ​បន្ថែម ចៅក្រម​រូប​នេះ​បាន​ថ្លែង​ថា ”​លោក វ៉ែន វ៉ន ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ម៉ោង​ប្រហែល​១២​ថ្ងៃ​ត្រង់ ហើយ​​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​។ លោក ប៊ូ ប៊ុនហាំង ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​មិន​អាច​ទាក់​ទង​បាន​ទេ​។

កាល​ពី​ថ្ងៃទី​៣ ខែ​មេសា លោក វ៉ែន វ៉ន ត្រូវ​បាន​សាក​សួរ​ដោយ​​លោក ប៊ូ ប៊ុនហាំង បន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង​​​ពី​រដ្ឋបាល​ព្រៃ​ឈើ​ ដោយ​ចោទ​​ប្រកាន់​រូប​លោក​ពីបទ​​​កាប់​ឈើ​ដោយ​​​ខុស​ច្បាប់​យក​ទៅ​សាង​សង់​មជ្ឈ​​​មណ្ឌល​​​​សហគមន៍​មួយ​ក្នុង​ឃុំជំនាប់ ​តំបន់​ជ្រលង​អារ៉ែង ហើយ​បន្ទាប់​មក​​មិន​យក​ចិត្ត​​ទុក​ដាក់​នឹង​បទ​បញ្ជា​​ឲ្យ​ផ្អាក​ការ​សាង​សង់ឡើយ​​​ ជា​​​ការ​ចោទ​ប្រកាន់ដែល​​​សកម្មជន​រូប​នេះបាន​​បដិសេធ​។

យោង​តាម​លោក ​ហុង ចាន់សុខា ​មេធាវី​​ការ​ពារ​លោក វ៉ែន វ៉ន បាន​​ឲ្យ​ដឹង​ថា កូន​ក្ដី​របស់​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​កាលពី​ម្សិលមិញ​តាម​មាត្រា​៩៨​នៃ​​ច្បាប់​ព្រៃឈើ ដែល​​គ្រប​់គ្រង​​​ ”ការ​ប្រមូល​​អនុផល​ព្រៃ ឈើ​” ដោយ​គ្មាន​ការ​អនុញ្ញាត ហើយ​មាន​ទោស​ជាប់​ពន្ធនាគារ​អតិបរមា​រហូត​ដល់​៥​ឆ្នាំ។ លោក វ៉ែន វ៉ន ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ផង​ដែរ​តាម​មាត្រា​​​៥៣៣​​នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែលទាក់ទង​ “​អំពើ​លុប​បំបាត់​ ឬ​ការ​ផ្លាស់​ប្ដូរ​ទីកន្លែង​​ ឬ​យក​វត្ថុ​ណាមួយ​ក៏​ដោយ​នៅ​លើ​ទីតាំង​នៃ​បទឧក្រិដ្ឋ​​” ហើយ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​​អតិបរមា​​៣​ឆ្នាំ។

លោក ចាន់​សុខា បាន​ថ្លែង​ថា ការ​ចោទ​ប្រកាន់​នេះគ្មាន​មូលដ្ឋាន​ឡើយ ហើយ​ថា កូន​ក្ដី​របស់​លោក​ទំនង​ជា​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​​​ដោយ​​​សារ​​​សកម្មភាព​របស់​​​គាត់​​​។

លោក​​បាន​ថ្លែង​ថា “​​ប្រជាសហគមន៍​មាន​សិទ្ធិ​ប្រើ​ប្រាស់​​អនុផល​​ព្រៃឈើ​​សម្រាប់​​សាង​សង់​ផ្ទះ​សំបែង ដោយ​មិន​ចាំបាច់ត្រូវ​ការ​លិខិត​អនុញ្ញាត​​​ពី​រដ្ឋបាល​ព្រៃ​ឈើ​ឡើយ”។ លោក​បាន​បន្ថែម​ថា មជ្ឈមណ្ឌល​សហគមន៍​ដែល​​មិន​ទាន់​សាង​សង់​រួច​រាល់​នោះ មាន​គោល​បំណង​ប្រើ​ប្រាស់​ដើម្បី​អប់រំ​ដល់អ្នកមក​ទស្សនាសត្វនិង​រុក្ខជាតិ​​ក្នុង​តំបន់នេះ​ និង​ដើម្បី​​បណ្ដុះ​បណ្ដាល​​​អ្នក​ភូមិ​ឲ្យ​ចេះប្រើ​ប្រាស់​កុំព្យូទ័រ​ផង​ដែរ​។

លោក​បាន​​​ថ្លែង​ថា ”​ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ល្បិចកល​របស់​តុលាការ​​ ពីព្រោះ​ពួកគេ​​​ប្រើ​លេស​ប្រមូល​អនុផល​ព្រៃឈើនេះ​​​ដើម្បី​ឃុំខ្លួន​កូនក្ដី​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​គិត​ថា ការ​ចូល​រួម​នៅ​ក្នុង​ការ​តវ៉ា​​គឺ​ជា​​មូល​​​ហេតុ​​ពិត​​​”។

លោក អុិន គង់ចិត្រ អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិមនុស្ស​​លីកាដូ​ប្រចាំ​ខេត្ត​នេះ​​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ជាមួយ​លោក វ៉ែន វ៉ន បន្ទាប់ពី​​ការ​តវ៉ា​​​នៅ​​​ខាង​ក្រៅ​សាលា​ដំបូង​ខេត្ត ​​កាល​ពី​ថ្ងៃទី​២ ខែ​កញ្ញា បាន​មាន​ប្រសាសន៍​ ថា ការ​ចោទ​ប្រកាន់​​​​លើ​សកម្មជន​រូប​នេះ​​មាន​​​​​​​បំណង​ “ដើម្បី​បំបាក់​ស្មារតី​​របស់​គាត់​​”។

លោក អាឡិច ហ្គន់ហ្សាឡេស ដាវីដសុន​(Alex Gonzalez-Davidson) សហស្ថាបនិក​អង្គការ​ មាតាធម្មជាតិ​​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញពី​​ប្រទេស​កម្ពុជា​កាលពី​ខែ​កុម្ភៈនោះ​ កាលពី​ម្សិល មិញ​បាន​ចាត់​ទុក​លោក វ៉ែន វ៉ន ថា​ជា​​សម្ពន្ធមិត្ត​​មូលដ្ឋាន​ឈាន​មុខ​​ក្នុង​ការ​​តស៊ូ​របស់​អង្គការ​មាតាធម្មជាតិ​ប្រឆាំង​គម្រោង​សាង​សង់​ទំនប់វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង​។

លោក​បាន​លើក​ឡើង​តាម​អុីម៉េល​ថា  ”​​​ជា​​​​ បន្លាក្នុង​កែវភ្នែក​របស់​អាជ្ញាធរ គាត់មាន​ប្រសិទ្ធ ភាពបំផុត​​​​ក្នុងការ​ប្រាប់​​ប្រជាជន​មូល​​​ដ្ឋាន​​ក្នុង​តំបន់​ជ្រលង​នេះ​ពី​​​អ្វី​​​ដែល​​​ជា​​​​សិទ្ធិ​របស់​​​ពួក​​​គាត់ ហើយ​មិន​ខ្លាច​ក្នុងការ​បង្ហាញ​ពួកគាត់​ពី​របៀប​​ការ​ពារ​សិទ្ធិ​ទាំង​នេះ​”៕ សារុន​​​​​​​​

The post សកម្មជន​សិទ្ធិដីធ្លី​តំបន់​អារ៉ែង​​ត្រូវ​ចាប់ដាក់ពន្ធនាគារ​ពីបទ​កាប់ឈើ​ខុស​ច្បាប់​ appeared first on ខេមបូឌា ដេលី.