​ជនល្មើស​៣​នាក់ ផឹកស្រា​ស្រវឹង យក​ដាវ​ដេញ​កាប់​គេឯង ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បាន​ម្នាក់​

​កណ្តាល: ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​គ្នា​៣​នាក់ បាន​ត្រូវ​នគរបាល​ក្រុង​តាខ្មៅ ឃាត់ខ្លួន ខណៈដែល​ផឹកស្រា​ស្រវឹង បាន​រករឿង យក​ដាវ​ដេញ​កាប់​គេឯង នៅ​កន្លែង​តូប​លក់​ប្រហិត កាលពី​វេលា​ម៉ោងជាង​៨ យប់ ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥ នៅ ភូមិ​ព្រែក​សំរោង​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។​

​លោក ស៊ឹម ប៊ុត​បណ្ឌិត អធិការ​ប៉ូលិស​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា ជនសង្ស័យ មាន​គ្នា​៣​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់ ឈ្មោះ វ៉ន សុខ​ណា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ ។ ចំណែក​២​នាក់​ទៀត បាន​រត់​គេចខ្លួនបាត់ ។ ក្រោយ​ឃាត់ខ្លួន វ៉ន សុខ​ណា សមត្ថកិច្ច​ដកហូត​បា​ន​ដាវ ចំនួន​២​ដើម ។​

​លោក​អធិការ បាន​បន្តថា នៅវេលា​កើ​ហេតុ ជនសង្ស័យ​ទាំង ៣ នាក់​ខាងលើ បាន​ផឹកស្រា​ស្រវឹង ហើយ​នាំគ្នា​ជិះ​ម៉ូតូ មក​កន្លែង​តូប​លក់​ប្រហិត ហើយ​បាន​ឡូឡា គំរាមរ​កកាប់​គេ​កាប់​ឯង បន្ទាប់មក​ក៏បាន​ជិះ​ម៉ូតូ​ទៅវិញ​បាត់ទៅ ។  លុះ​បាន​ប្រហែល​១០​នាទី​ក្រោយមក ស្រាប់តែ​ឃើញ​ជនសង្ស័យ​ទាំង​៣​នាក់ ខាងលើ ជិះ​ម៉ូតូ​ត្រឡប់មក តូប​លក់​ប្រហិត​ជនរងគ្រោះ ម្តងទៀត ដោយមាន​កាន់​ដាវ ម្នាក់​មួយ​ដើម យកមក​គំរាម​ដេញ​កាប់​ម្ចាស់​តូប និង​អ្នក​អង្គុយ​ញាំ​អី​នៅ​តូប​នោះ តែ​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​តាខ្មៅ ចុះមក​ធ្វើ​អន្តរាគមន៍ ដេញចាប់ បណ្តាល​ឲ្យ​ជនសង្ស័យ ដួល​ម៉ូតូ ទើប​ឃាត់ខ្លួន​បាន​ម្នាក់ ឈ្មោះ វ៉ន សុខ​ណា ព្រមទាំង​ដកហូត​យកបាន​ដាវ​ចំនួន​២​ដើម​។ រីឯ​ជនសង្ស័យ ២ នាក់​ទៀត បាន​លើក​ម៉ូតូ នាំគ្នា​ជិះ​គេចខ្លួន​ចេញទៅ​បាត់ ។​

​លោក​អធិការ បាន​បញ្ជាក់ថា ករណីនេះ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី ៕V/S

​ជនល្មើស​៣​នាក់ ផឹកស្រា​ស្រវឹង យក​ដាវ​ដេញ​កាប់​គេឯង ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បាន​ម្នាក់​