ល្មម​ដល់ពេល កុំ​ឲ្យ​សប្បាយ ក្លាយជា​ទុក្ខ​ហើយ​!

ភ្នំពេញ: ជា​រៀងរាល់ឆ្នាំ នៅពេល​បុណ្យទាន​ធំៗ ពិសេស​ពេល​បុណ្យ​ភ្ជុំបិណ្ឌ គ្រាន់តែ​គិត​រយៈពេល ៣ ថ្ងៃ​ប៉ុណ្ណោះ គឺ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ដែល​គិត​ជា​មធ្យម បានសម្លាប់​មនុស្ស​ជាង ២០ នាក់ និង​របួស​ប្រមាណ ១៥០ នាក់​ផ្សេងទៀត នៅ​ទូទាំងប្រទេស​។ រីឯនៅថ្ងៃធម្មតា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សយ៉ាងតិច ៥​នាក់ និងរបួសជាង ១០ នាក់ផ្សេងទៀត ក្នុងមួយថ្ងៃៗ។

មាន​មូលហេតុ​ច្រើនយ៉ាង ដែល​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​តាម​ដងផ្លូវ គឺ​មកពី​អ្នកបើកបរ​បើក​ល្បឿន​លឿន បើកបរ​ក្នុងស្ថានភាព​ស្រវឹង មិន​ប្រកាន់​ស្តាំ និង​មិន​គោរព​​សញ្ញា​ចរាចរណ៍ ជាដើម​។​

​អំឡុងពេល​បុណ្យ​ភ្ជុំ ដែល​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី​១២​តុលា ពិសេស​ចាប់ពី​ថ្ងៃ​សៅរ៍ ទី​១០​តុលា ដល់​ថ្ងៃក្រោយ​បុណ្យ​ភ្ជុំ ដែល​​អាច​ពេញ​មួយ​សប្តាហ៍​ក្រោយនេះ​តែម្តង ជា​ពេល​ដ៏​មមាញឹក​ក្នុងការ​ធ្វើដំណើរ​។ អ្នក​នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ត្រូវ​ទៅ​ស្រុកកំណើត ជួបជុំ​ក្រុមគ្រួសារ តាម​ប្រពៃណី និង​ត្រូវយក​ចង្ហាន់​ទៅ​វត្ត ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​បុព្វការី​ជន ញត្តិ​ការ​ទាំង ៧ សន្តាន មាតាបិតា ជីដូន​ជីតា ដែល​បាន​ចែក​ឋាន​ទៅហើយ​។​

​ការស្វែងរក​ជួបជុំ​ញត្តិ​មិត្ត​បងប្អូន ក្រុមគ្រួសារ និង​ការយក​ចង្ហាន់​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ គឺ​ដើម្បី​ឲ្យ​ទឹកចិត្ត​របស់​យើង​ជ្រះថ្លា ក្នុង​រដូវ​បុណ្យទាន​។ ក៏ប៉ុន្តែ​ទន្ទឹមនឹង​ការធ្វើដំណើរ​ដ៏​មមាញឹក​នោះ សូមអ្នក​ធ្វើដំណើរ​ទាំង​អស់ បង្កើន​ការប្រុងប្រយ័ត្ន​។

​ត្រូវ​បើកបរ​ក្នុង​ល្បឿន​កំណត់ សន្សឹមៗ កុំ​បំបោរ​។ បើកបរ​ត្រូវ​យោគយល់​អធ្យាស្រ័យ កុំ​វ៉ា​ជែង ក្នុងស្ថានភាព​គ្រោះថ្នាក់ និង​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។

​សំខាន់បំផុត គឺ​រាល់ពេល​បុណ្យទាន នៅ​គ្រប់​ផ្ទះ តាម​ភូមិ​ស្រុក តែងតែមាន​ការផឹកស៊ី​ស្រា​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​។ ដូច្នេះ បើសិនជា​លោកអ្នក សេព​គ្រឿង​ស្រវឹង​ហើយ សូមកុំ​បើកបរ ព្រោះ​បើ​អ្នក​ស្រវឹង មក​ជិះ​ម៉ូតូ ឬ​បើកឡាន គឺ​មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ទេ ថែមទាំង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ ដែល​ជិះ​ម៉ូតូ​ជាមួយ និង​ធ្វើដំណើរ​តាមផ្លូវ​ជាមួយ​ផង​។​

​មួយវិញទៀត ឡាន​ឈ្នួល​ដឹក​អ្នកដំណើរ ក៏​សូមមេត្តា​បើកបរ​ក្នុង​ល្បឿន​ល្មម​សមរម្យ កុំ​បើក​លឿន​ពេក ហើយ​ជាពិសេស​សូមកុំ​ផ្ទុក​មនុស្ស និង​ទំនិញ​លើស​កំណត់ រហូតដល់​មាន​អ្នកជិះ​លើដំបូល ដាក់​ឥ​វ៉ាន់​សំពីងសំពោង ដែល​អាច​នឹង​នាំ​ដល់​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

​រឿងនេះ កើតឡើង​រួចហើយ ជាច្រើន​ដង​ហើយ ពី​ការផ្ទុក​លើស​ចំណុះ ហើយ​បើក​លឿនៗ មាន​ទាំង​បុក​គ្នា និង​មាន​ទាំង​ក្រឡាប់​ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​របួស និង​ស្លាប់ ជា​ហូរហែ​រួចមកហើយ​។​

​អាជ្ញាធរ​សមត្ថកិច្ច បាន​ផ្សព្វផ្សាយ​អប់រំ ពី​ការ​កត្តា ដែល​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ដូចជា កុំ​ផ្ទុក​លើស​ចំណុះ កុំ​បើកបរ​ហួស​ល្បឿន​កំណត់ និង​កុំ​សេព​គ្រឿង​ស្រវឹង​ពេល​បើកបរ ជាដើម​។ ក៏ប៉ុន្តែ​សំខាន់បំផុត លើ​អ្នកបើកបរ​ខ្លួនឯង ពិសេស​បងប្អូន​រត់​ឡាន​តាក់ស៊ី និង​អ្នកបើក​ឡានធំៗ តាមផ្លូវ ត្រូវតែមាន​គោលការណ៍ ប្រកាន់​គំនិត​មួយ​ច្បាស់លាស់​ដោយ​ខ្លួនឯង គឺ​មិនត្រូវ​ផ្ទុក​លើស​ចំណុះ មិនត្រូវ​បើក​លឿនៗ ឬ​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ហើយ​សំខាន់បំផុត មិនត្រូវ​បើកបរ ក្នុងស្ថានភាព​ស្រវឹងស្រា​ជាដាច់ខាត​។​

​ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ទទួលបាន​សេចក្តីសុខ​គ្រប់ៗ​គ្នា ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ហើយក៏​សូម​ឲ្យ​បុណ្យ​កុសល​ពី​ការធ្វើ​បុណ្យ ដាក់​ទាន ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ជួយ​ជំរុញ​ចិត្ត​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​ជៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​គ្រោះថ្នាក់​ចរាចរណ៍​។ គ្រោះថ្នាក់​ចរាចរណ៍ ដែល​យើង​អាច​បង្ការ​បាន ចុះ​ហេតុអ្វី បានជា​បណ្តោយ​ឲ្យ​រឿង​ដដែលៗ កើត​ឡើងលើ​ខ្លួន​យើង​តទៅទៀត​៕​

ល្មម​ដល់ពេល កុំ​ឲ្យ​សប្បាយ ក្លាយជា​ទុក្ខ​ហើយ​!
គ្រោះថ្នាក់​ចរាចរណ៍ នាពេលកន្លងមក ( រូបភាពពីហ្វេសប៊ុក )