ទ័ពស៊ីរី ប្រតិបត្តិការ វាយលុកថ្មើជើង ក្រោមការគ្រប់គ្រង ផ្លូវអាកាសរុស្ស៊ី

ក្រុងដា៖ នៅថ្ងៃពុធនេះ ក្រុមប្រដាប់អាវុធស៊ីរី បានចាប់ផ្ដើមប្រតិបត្តិការ វាយប្រហារថ្មើជើងប្រឆាំងនឹង ក្រុមឧទ្ទាម ដែលមានទីតាំងតាមតំបន់ជនបទ ភាគកណ្ដាលខេត្តហាម៉ា ដោយមានការគ្រប់គ្រងស្ថានការណ៍ ពីកងកម្លាំងផ្លូវអាកាសរបស់ខ្លួន សហការជាមួយនឹងរុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ នេះ ឱ្យដឹងថា ប្រតិបតិ្តការ ថ្មើជើងនេះ ក្នុងគោលដៅឆ្ពោះទៅរកក្រុមជីហាត នៅតំបន់ភាគខាងជើងខេត្តខាងលើ ជាពិសេសក្នុងក្រុង ឡាតាមិញ និងកាហ្វហ្ស៊ីតា ដែលតំបន់ទាំងនោះ បានធ្លាក់ចូលក្នុងដៃក្រុមឧទ្ទាមជេស អាល់ហ្វេតធ៍ ជាសម្ព័ន្ធមិត្តរបស់ក្រុមឧទ្ទាមជីហាត ហើយក៏ជាបណ្ដាញរបស់ក្រុមអាល់កៃដា និងក្រុមឧទ្ទាមបិទមុខ។

យោធាស៊ីរី សង្ឃឹមថា នឹងអាចជួយសង្គ្រោះបាននូវផ្លូវរវាងខេត្តហាម៉ា និងភាគកណ្ដាលខេត្តហូម ក្រោមការជួយគ្រប់គ្រង និងវាយប្រហារផ្លូវអាកាស ប្រឆាំងនឹងក្រុមឧទ្ទាមនោះ ដែលអាចបង្កភាពងាយស្រួល ដល់ទ័ពថ្មើរជើងស៊ីរី។

យោងតាមការបង្ហាញរបស់យោធា ប្រាប់ភ្នាក់ងារសារព័ត៌មាន ស៊ិនហួ ឲ្យដឹងថា យុទ្ធនាការទ័ពអាកាសរុស្ស៊ី ដែលបានចាប់ផ្ដើម ប្រតិបត្តិការរបស់ខ្លួនកាលពីថ្ងៃពុធ សប្ដាហ៍មុន ទៅកាន់គ្រប់តំបន់ជាទីតាំងកាន់កាប់ របស់ក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាល ជាពិសេស គឺការប្រឆាំងនឹងក្រុមឧទ្ទាមរដ្ឋឥស្លាម (IS)៕