មន្ត្រីយូអិន អះអាងពីការ បោះជំហានយ៉ាងធំ លើការទបប់ទល់ នឹងបម្រែបម្រួល អាកាសធាតុ

លីម៉ា ៖ ប្រធាននៅក្នុងកិច្ចប្រជុំអង្គការ សហប្រជាជាតិ ស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុ បានលើក ឡើង កាលពីថ្ងៃពុធ ថា ពិភពលោកបានបោះជំហានដ៏ធំមួយរួចទៅហើយ នៅក្នុង ការប្រយុទ្ធប្រឆាំង នឹងបម្រែបម្រួល អាកាសធាតុ ក្នុងរយៈពេល ៥ ទៅ ៦ឆ្នាំ កន្លងមកនេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ ២០១៥ នេះទៀតថា កិច្ចប្រជុំពិភាក្សាបញ្ហា សកល ខាងលើនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅរដ្ឋធានី លីម៉ា របស់ប្រទេសប៉េរូ ដោយក្នុងនោះលោកស្រី គ្រីស្ទីណា ហ្វីហ្គឺ រ៉ែស ដែលជាលេខា ប្រតិបត្តិនៃក្រុមចាត់ចែងយន្តការ ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ នៃអង្គការសហ ប្រជាជាតិ បានធ្វើជាប្រធាននៃកិច្ចប្រជុំ។

នៅក្នុងនោះដែរ លោកស្រី គ្រីស្ទីណា បានលើកឡើងថា ការងារកន្លងមកយើងបានបំពេញ យ៉ាងច្រើនមកហើយ ប៉ុន្តែវានៅ មិនទាន់គ្រប់គ្រាន់នោះឡើយ។ តាមពិត បើគ្មានការទប់ស្កាត់ ឲ្យបានទាន់ពេលវេលាទេនោះ នៅក្នុងរយៈពេល ៥ ទៅ ៦ឆ្នាំកន្លងមកនេះ ផែនដីនឹងអាច កើនកម្តៅរហូតដល់ទៅ ៥ ទៅ ៦ អង្សាសេបន្ថែមទៀត ប៉ុន្តែជាលទ្ធផល គឺវាបានកើនឡើង តែ ៣ អង្សាសេប៉ុណ្ណោះ។

គួរបញ្ជាក់ថា ស្ថិតនៅចំពោះមុខកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុដែលហៅកាត់ថា COP 21 ដែលនឹងប្រារព្ធឡើង នៅទីក្រុង ប៉ារីស នៅខែធ្នូ ហើយក៏នឹងមានប្រទេសចំនួន ១៤៦ ចូលរួមផងដែរនោះ លោកគ្រីស្ទីណា សង្ឃឹមថា ពិភពលោកនឹងអាចបង្កើតឡើងនូវផែនការ យ៉ាងមានប្រសិទ្ធភាព សម្រាប់គោលដៅថ្មី ឆ្នាំ ២០២០៕

មន្ត្រីយូអិន អះអាងពីការ បោះជំហានយ៉ាងធំ លើការទបប់ទល់ នឹងបម្រែបម្រួល អាកាសធាតុ