បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ពលរដ្ឋបានជាង ៤លានប័ណ្ណ

ភ្នំពេញ៖ ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនទៅដល់ដៃប្រជាពលរដ្ឋ នៅទូទាំងប្រទេស បានចំនួនជាង ៤លានប័ណ្ណហើយ។

គិតត្រឹមថ្ងៃទី៣០ សីហា ឆ្នាំ២០១៥ លទ្ធផលសម្រេចបានលើ ការអនុវត្តបទបញ្ជាលេខ ០១ បប នយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ក្នុងការវាស់វែងដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋរួមមាន ប្រកាសតំបន់ វិនិច្ឆ័យចំនួន ៣៥៧ឃុំ, បំពេញសលាកប័ត្របានជាង ៧១ម៉ឺនក្បាលដី, វាស់វែងបាន ៧១ម៉ឺនក្បាលដី, បិទផ្សាយ ៧១ម៉ឺនក្បាលដី និងចែកប័ណ្ណដល់ដៃ ប្រជាពលរដ្ឋបានជិត ៦២ម៉ឺនប័ណ្ណ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញផ្សាយកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃព្រហស្បិ៍ ទី៨ តុលានេះ បានឲ្យដឹងថា ការសម្រេចលើឯកសារគតិយុត្ត បម្រើឲ្យបទបញ្ជាលេខ ០១បប រាជរដ្ឋាភិបាលកម្ពុជាបានធ្វើអនុបយោគ កាត់ផ្ទៃដី សរុបទំហំជាង ១,២លានហិកតា ដែលក្នុងនោះទំហំជិត ៣៩ម៉ឺនហិកតា, កាត់ចេញពីក្រុមហ៊ុនព្រៃសម្បទាន ១៧ និងទំហំ ៥៥ម៉ឺនហិកតា កាត់ចេញពីដីរដ្ឋ និងដីព្រៃមានដីកាដកហូត ដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ តាមរយៈ ព្រះរាជក្រឹត្យចំនួន ១០២ អនុក្រឹត្យចំនួន ៧៤១ និងសេចក្តីសម្រេចផ្តល់គោលការណ៍របស់រាជរដ្ឋាភិបាលចំនួន ៨០៥ស.ជ.ណ។

ប្រភពដដែល បានបន្ថែមថា លទ្ធផលសម្រេចបានលើការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ តាមរយៈកម្មវិធី អនុវិស័យ រដ្ឋបាលដីធ្លី (LASSP) ទាំង២៥រាជធានី-ខេត្ត បាននិងកំពុងអនុវត្តនៅស្រុកចំនួន ១០៣ស្រុក ឃុំ៤៧១ និងភូមិ ៤.១៣៧ រួមមាន បញ្ចូលទិន្ន័យបានចំនួនជាង ៣,៤លានក្បាលដី, បិទផ្សាយចប់បានជាង ៣,១លានក្បាលដី និងចែកប័ណ្ណដល់ដៃប្រជាពលរដ្ឋបានជាង ២,៨លានប័ណ្ណ។ លទ្ធផលសម្រេចបានលើការចុះបញ្ជី ដីធ្លីលក្ខណៈ ដាច់ដោយដុំបានចំនួន ៦០ម៉ឺនប័ណ្ណ៕

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ពលរដ្ឋបានជាង ៤លានប័ណ្ណ