សវនាការ​សំណុំរឿង​លោក ហុង សុខ​ហួរ ត្រូវ​ពន្យារពេល​ម្ដង​ហើយ​ម្ដងទៀត​

កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៥ សវនាការ​លើក​ទី​២​ក្នុង​សំណុំរឿង លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ត្រូវ​ពន្យារពេល​តទៅទៀត​ដោយ​គ្មាន​កំណត់​។ បញ្ហា​នេះ​ត្រូវបាន​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​និង​មជ្ឈដ្ឋាន​នានា​រិះគន់ថា សាលាដំបូង​រាជធានី​ភ្នំពេញ​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សិទ្ធិ​ជនសង្ស័យ​ក្នុង​សំណុំរឿង ដែល​ចោទថា​លោក ហុង សុខ​ហួរ ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​ពាក់ព័ន្ធ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​យួន​។ ឆ្លងកាត់​សវនាការ​ដ៏​តានតឹង​កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៥ ស្រាប់តែ​អង្គជំនុំជម្រះ​សម្រេច​លើក​ពេល​ដោយ​មិន​កំណត់​កាលបរិច្ឆេទ​បើកសវនាការ​ជាថ្មី​នៅឡើយ​។

នៅក្នុង​អង្គ​សវនាការ​គេ​ឃើញ លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្ដី លោក ហុង សុខ​ហួរ បានស្នើ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក រស់ ពិ​សិទ្ធ គួរប្រើ​តួនាទី​ដោយ​ឯករាជ្យ ស្រប​ពេលដែល​មានការ​ជំទាស់​ម្ដង​ហើយ​ម្ដងទៀត ដោយ​តំណាង​អយ្យការ​គឺ​លោក សៀង សុខ​។ លោក ជូ​ង ជូ​ងី មេធាវី​មួយរូប​ក្នុងចំណោម​មេធាវី​បួនរូប​របស់លោក ហុង សុខ​ហួរ បានបង្ហាញ​ឯកសារ​ដែល​លោក​រកឃើញ​នៅលើ​អ៊ិន​ធឺរ​ណេ​ត​ដូចដែល​លោក ហុង សុខ​ហួរ យកមក​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​។ បញ្ហា​នេះ​ធ្វើ​មជ្ឈដ្ឋាន​នានា​តាមដាន​ដោយ​យកចិត្តទុកដាក់ ព្រោះ​អី​តាម​ពិនិត្យ​ជាក់ស្ដែង​ទៅលើ​អង្គជំនុំជម្រះ គឺ​អង្គជំនុំជម្រះ​ហាក់ដូចជា​ស្ថិតក្រោម​សម្ពាធ​នយោបាយ យ៉ាងច្បាស់​ក្រឡែត​។

មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​ចូលរួម​សង្កេត​នៅក្នុង​អង្គ​សវនាការ​សំណុំរឿង​លោក ហុង សុខ​ហួរ បាន​វាយតម្លៃថា របៀប​ដែល​តុលាការ​ធ្វើ​នោះ គឺជា​ការអូសបន្លាយ​ពេល​វេលា​សម្បើម​ណាស់ ហើយ​ការពន្យារ​ពេលនោះ​រឹតតែ​ធ្វើ​ឲ្យ​ប៉ះពាល់​បន្ថែមទៀត​ទៅលើ​សិទ្ធិ​ជនសង្ស័យ ដែល​ធានា​ដោយ​ច្បាប់​។ ចំណែក​លោក​មេធាវី ជូ​ង ជូ​ងី បាន​អះអាងថា ឯកសារ​ដែល​លោក​បានលើកឡើង​នៅក្នុង​អង្គជំណុំជម្រះ​នោះ បើសិន​តុលាការ​សម្រេច​ក្ដី​ដោយ​ឯករាជ្យ​គឺ​លោក​មានជំនឿថា កូនក្ដី​របស់លោក​អាច​រួច​ផុតពី​ការចោទប្រកាន់​។ លោក ជូ​ង ជូ​ងី បាន​បញ្ជាក់ថា នៅក្នុង​ឯកសារ​នោះ​ពុំបាន​បង្ហាញ​ឲ្យ​ឃើញថា មាន​ធាតុ​ផ្សំ​ដែល​អាច​ចេញ​ទៅរក​បទល្មើស​ដើម្បី​ដាក់បន្ទុក​បានទេ​៕

cam-photo-sok-hour-channa-KHMER