លោក ជួង សុភា មេ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង បណ្ដោយ​ឲ្យ​មាន​បទល្មើស​ចិញ្ចឹម​ត្រី​រ៉ស់ ត្រី​ឆ្ដោ តាម​អំពើ​ចិត្ត​

​កាលពី​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បានចេញ​លិខិត​មួយ​ជំរុញ​ឲ្យ​អភិបាលខេត្ត​បាត់ដំបង និង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ចិញ្ចឹម​ត្រី​រ៉ស់ ត្រី​ឆ្ដោ ក្នុង​ខេត្តបាត់ដំបង​។ ក៏ប៉ុន្តែ​មកដល់ពេលនេះ​មាន​ស្រះ​ចិញ្ចឹម​ត្រី​រ៉ស់ ត្រី​ឆ្ដោ ជាច្រើន​កន្លែង​ក្នុង​ខេត្ត​ស្រុក​ឯក​ភ្នំ និង​ស្រុក​សង្កែ ហើយ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ អ្វីដែល​គួរ​ឲ្យ​ហួសចិត្ត គឺមាន​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​មួយកន្លែង​នៅ​ជិត​ស្នាក់ការ​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​ខេត្តបាត់ដំបង​តែម្ដង ហើយ​លោក ជួង សុភា ដែលជា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ជុំវិញ​បញ្ហា​នេះ​។​

ប្រភពពី​មន្ត្រីរដ្ឋបាល​ជលផល​តូចតាច​នៅក្រោម​ឱវាទ លោក ជួង សុភា បាន​ឲ្យ​ដឹងថា ស្រះ​ចិញ្ចឹម​ត្រី​រ៉ស់ ត្រី​ឆ្ដោ ជាច្រើន​កន្លែង​ក្នុង​ខេត្តបាត់ដំបង ត្រូវបាន​លោក ជួង សុភា ដឹងឮ​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ការដែល​លោក ជួង សុភា មិន​អនុវត្តន៍​តាម​លិខិត​របស់លោក អ៊ុក រ៉ាប៊ុន ចុះ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៥ គឺ​ដោយសារតែ​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ហេតុនេះហើយ​ទើប​លោក ជួង សុភា បណ្ដោយ​ឲ្យ​មាន​ស្រះ​ចិញ្ចឹម​ត្រី​រ៉ស់ ត្រី​ឆ្ដោ នៅក្បែរ​ស្នាក់ការ​ខណ្ឌរ​ដ្ឋ​បាល​ជលផល​ខេត្តបាត់ដំបង​តែម្ដង ដើម្បី​ងាយស្រួល​ត្រួតពិនិត្យ​និង​ប្រមូល​ផលប្រយោជន៍​ជាប្រចាំ​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង​ជាបន្ទាន់​។

​ដោយឡែក​ប្រភពព័ត៌មាន​ពី​ប្រជា​នេសាទ​ក្នុងស្រុក​សង្កែ និង​ស្រុក​ឯក​ភ្នំ បាន​ឲ្យ​ដឹងថា នៅក្នុង​រដូវ​បិទ​នេសាទ​នេះ ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ បង្ក្រាបបាន​តិចតួច​បំផុត​។ ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួ​សារបាន​ឲ្យ​ដឹងថា ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​រដូវ​ត្រី​ពង​កូន មានការ​ឃុបឃិត​និង​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាប្រចាំ ទើប​អាច​ប្រព្រឹត្ត​បទល្មើស​យ៉ាង​រលូន​។ ហេតុនេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក៏ដូចជា​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ត្រូវ​ទប់ស្កាត់​បទល្មើស​ចិញ្ចឹម​ត្រី​រ៉ស់ ត្រី​ឆ្ដោ និង​បទល្មើស​នេសាទ​ក្នុង​ខេត្តបាត់ដំបង ប្រកបដោយ​ប្រសិទ្ធភាព​កុំ​ឲ្យ​រាលដាល​តទៅទៀត​៕

H020915TV620លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ T-0070T-0069ស្រះចិញ្ចឹមត្រីរ៉ស់ ត្រីឆ្ដោ នៅខេត្តបាត់ដំបង