ករណី​មេ​យោធា​ស៊ើបការណ៍​ខេត្តក្រចេះ ប្រើ​អំណាច​រក​ចំណូល​ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ខ្លាំងក្លា

ប្រជាពលរដ្ឋនៅក្នុង​ខេត្តក្រចេះ បាន​អំពាវនាវ​ឲ្យ​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ចាត់វិធានការ​ទៅលើ​លោក ឈឹម ផល្លី មេ​យោធា​ស៊ើបការណ៍​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តក្រចេះ ជាបន្ទាន់​។ ដោយហេតុថា លោក ឈឹម ផល្លី បាន​ប្រើប្រាស់​អំណាច​បញ្ជា​ឲ្យ​កូនចៅ​បង្កើត​កុងត្រូលជជុះ ប្រមូល​លុយ​យកមកចែក​គ្នា​ធ្វើ​មាន​ធ្វើបាន​តាម​អំពើ​ចិត្ត​។ ជាងនេះទៅទៀត​សកម្មភាព​របស់​មន្ត្រី​យោធា​ក្រោម​ការគ្រប់គ្រង​របស់លោក ឈឹម ផល្លី កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ស្រុក​ឆ្លូង ស្រុក​ស្នួល និង​ស្រុក​សំបូរ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ និង​ក្រុម​អ្នក​ដឹក​ជន្លង់ម្រេច ត្រូវតែ​បង់លុយ​ឲ្យ​ក្រុម​យោធា​ស៊ើបការណ៍​ខេត្តក្រចេះ ក្រោម​បញ្ជា​របស់លោក ឈឹម ផល្លី​។ សូម្បីតែ​ប្រជាពលរដ្ឋ​ដឹកអុស​ដឹក​ធ្យូង​លក់​ឬ​ដឹកឈើ​បន្តិចបន្តួច​យកមក​សាងសង់​លំនៅដ្ឋាន ក៏ត្រូវ​បង់លុយ​ឲ្យ​ក្រុម​យោធា​ស៊ើបការណ៍​របស់លោក ឈឹម ផល្លី ផងដែរ​។ ប្រការ​នេះហើយ​ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ពេញបន្ទុក និង​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក ឈឹម ផល្លី ជាបន្ទាន់​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ក្រុម​យោធា​ស៊ើបការណ៍​ខេត្តក្រចេះ ធ្លាប់ប្រើ​ប្រាស់​រថយន្ត​ប្រដេញ​តាម​រថយន្ត​ដឹកឈើ​ខុសច្បាប់​ជំរិត​យកលុយ ហើយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ទៀតផង​។ មជ្ឈដ្ឋាន​នានា​បាន​លើកឡើងថា ការបង្ក្រាប​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​និង​បទល្មើស​ផ្សេងៗ​ទៀត គឺជា​តួនាទី​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តក្រចេះ និង​នគរបាល​ប្រឆាំង​បទ​ល្មើ​ល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ជាដើម​។ ចំណែក​ក្រុម​យោធា​ស៊ើបការណ៍​គ្មាន​តួនាទី​អ្វី​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​បទល្មើស​ផ្សេងៗ​ទាល់តែសោះ បែរជា​លោក ឈឹម ផល្លី ដាក់ពង្រាយ​កម្លាំង​ក្រោម​ឱវាទ​របស់ខ្លួន ឲ្យ​ធ្វើ​សកម្មភាព​ប្រមូល​លុយ​ពី​រថយន្ត​ដឹកឈើ ដឹក​ជន្លង់ម្រេច យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​អស់​រយៈពេល​ជា​យូរ​មកហើយ​៕

2616_1​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ