រដ្ឋ​បាល​ព្រៃ​ឈើ​វាល​រេញ​ឃាត់​​រថ​យន្ត​២​គ្រឿង​ដឹក​ដើម​ឈើ​គ្រញូង​រស់​ជាង​៤០​ដើម​

ខេត្ត​ព្រះ​សីហនុ​ ៖ ដើម​ឈើ​គ្រញូង​រស់​ទំហំ​ពី​១១​ទៅ​១៩​សង្ទី​ម៉ែត្រ​ ចំនួន​ជាង​៤០​ដើម​​​ដឹក​តាម​រថ​យន្ត​២​គ្រឿង​ត្រូវ​បាន​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​វាល​រេញ​ចាប់​ឃាត់​ដើម្បី​សួរ​នាំ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ តុលា ២០១៥ នៅ​តាម​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​(ផ្លូវ​ព្រែក​ក្រាញ់) ស្ថិត​ក្នុង​ភូមិ​បឹង​រាំង ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ។

លោក​សំ សឿន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​វាល​រេញ​បាន​ឱ្យ​ដឹង​តាម​ទូរ​ស័ព្ទ​នៅ​រសៀ​លថ្ងៃ​ដដែលនោះ​ថា ដើម​គ្រញូង​រស់​ទាំង​នេះ តាម​ដែល​លោក​ចុះ​ធ្វើ​កំណត់​ហេតុ​ គឺ​មិន​មែន​សម្រាប់​ឈ្មួញ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ ឬ​ជា​លក្ខណៈ​បំផ្លាញ​ធំ​ដុំ​នោះ​ទេ​ គឺត្រូវ​បាន​ទិញ​ដឹក​យក​ទៅ​កាន់​តំបន់​អភិវឌ្ឍភ្នំពេញ​ដើម្បី​ដាំ​លំអ​តាម​ក្នុង​បរិ​វេណ​អភិ​វឌ្ឍ​ ហើយ​ដើម​គ្រញូង​នេះ​សរុប​មាន​ចំនួន​៤២​ដើម​ មាន​ទំហំ​ចាប់ពី​១១​ទៅ​១៩​សង្ទី​ម៉ែត្រ​។

លោក​​នាយ​សង្កាត់​បាន​បន្ត​ទៀត​ថា ការ​ឃាត់​នេះ​គឺ​ដើម្បី​ណែ​នាំ​ឱ្យ​ពួក​គាត់​យល់​ពី​ច្បាប់​ឱ្យ​មានការ​សុំ​ច្បាប់​ រាយការណ៍​ជូន​ស្ថាប៏ន​ពាក់​ព័ន្ធ​ដើម្បី​ងាយ​ស្រួល​ស្ថាប័ន​ពាក់​ព័ន្ធ ជា​បិសេស​ស្ថាប័ន​ជំនាញ​មាន​វិធាន​ការ​ធ្វើ​ទៅ​តាម​គោល​ការណ៍​ច្បាប់​។

ទោះ​បី​ជា​ឈើ​ទាំង​នេះ​កើត​ឡើង​ពី​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ​កាប់​គាស់​លក់​បន្ត​មក​ក៏​ដោយ​ ជៀស​វាង​ប៉ះ​ពាល់​ដល់​តំបន់​គំរប​ព្រៃ​ឈើ​ដែល​គ្រប់​គ្រងថែ​រក្សា​ដោយ​រដ្ឋ​បាល​ព្រៃ​ឈើ​។

សូម​បញ្ជាក់​ថា ដើម​ឈើ​គ្រញូង​រស់​ដែល​ត្រូវ​គេ​ដឹកតាម​រថយន្ត​ដើម្បី​ចូល​ទៅ​ក្រុង​ភ្នំពេញ​នេះ គឺ​ចេញ​ពី​ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​ជើង​ភ្នំ​កំចាយ ភ្នំ​បូគោ​ ក្នុង​ទឹក​ដី​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហនុ​ដែល​មាន​តម្លៃ​ក្នុង​មួយ​ដើម​ជាង​១០​ម៉ឺន​រៀល​តាម​ប្រភេទ​តូច​ ធំ ហើយ​ការ​ដើរ​គាស់​ដើម​គ្រញូង​រស់​លក់​នេះ​ក៏​ទើប​តែ​ចាប់​ផ្តើម​ដែរ​នៅ​ក្នុង​តំបន់​ខាង​លើ​នេះ​ តែ​ទោះ​បី​ជា​យ៉ាង​ណា​​ស្ថាប័ន​ជំនាញ​គួរ​តែ​មាន​វិធាន​ការ​ ព្រោះ​ជា​ដើម​ឈើ​កម្រ​ ទោះ​បី​ជា​ការ​ទិញ​ក្នុង​លក្ខណៈណា​ក៏​ដោយ​គួរ​តែ​មាន​ច្បាប់​ត្រឹម​ត្រូវ​៕