NOCC នឹង​រៀបចំ​ការ​ប្រកួត​កីឡាប្រពៃណី​នៅ​វត្ត​វិហារ​សួគ៌​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ឱ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល តែង​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប្រពៃណី​នេះ​ឡើង​នៅ​ចំ​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ​តែ​ម្តង គឺ​មាន​ប្រណាំង​ជិះ​ក្របី ប្រណាំង​រទេះគោ ប្រណាំងសេះ និង​កីឡា​ចំបាប់​បុរាណ​ជាដើម ។

ឆ្នាំ​នេះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ត្រៀម​គោ​៥០​ក្បាល សេះ​២៦​ក្បាល និង​ក្របី​៣០​ក្បាល​ដាក់​ឱ្យ​ប្រកួត ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​ល្អ​ជាង​បណ្តា​ឆ្នាំ​មុន​ៗ ពោល​គឺ​ឱ្យ​មាន​លក្ខណៈ​ស្តង់ដារ​ដើម្បី​ចងក្រង​ជា​ឯកសារ​ឱ្យ​បាន​ត្រឹមត្រូវ ព្រោះ​វា​ជា​កីឡា​វប្បធម៌​ជាតិ​របស់​យើង ហើយ​អ្នកចូលរួម​ប្រកួត​ទាំង​ម្ចាស់​គោ​-​ក្របី​-​សេះ​អាច​មាន​រង្វាន់​លើកទឹកចិត្ត​ទៀត​ផង ។

លោក វ៉ា​ត់ ចំរើន មាន​ប្រសាសន៍​បន្ត​ថា ជា​រៀង​រាល់​ឆ្នាំ ការ​ប្រកួត​នេះ​តែង​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ក្នុង​គោលបំណង​ចូលរួម​ថែរក្សា​កេរដំណែល​កីឡា​ប្រពៃណី​ជាតិ​យើង​មួយ​នេះ​ឱ្យ​បាន​គង់វង្ស​ស្ថិតស្ថេរ​ជា​អមតៈ ។ ដោយឡែក​ចំពោះ​កីឡា​ចំបាប់​ប្រពៃណី​វិញ​នោះ ក៏​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាង​មុន​ដែរ ដោយ​មានការ​បើក​ទូលាយ​ចាប់ពី​ទម្ងន់​៣០ ដល់​៥០​គីឡូក្រាម ហើយ​ក្រៅពី​កីឡា​ចំបាប់ គឺ​នៅ​មាន​កីឡា​គុនដំបង​ផង​ដែរ ។

សូម​បញ្ជាក់​ថា វត្ត​វិហារ​សួគ៌​ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល គឺជា​តំបន់​ទេសចរណ៍​មួយ​ដែល​មានការ​ទាក់ទាញ​បំផុត​ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ដទៃ​ៗ​ទៀត​ជា​ច្រើន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ វត្ត​វិហារ​សួគ៌​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទិស​ទី​តែង​ចាត់​ទុក​ថា ជា​កន្លែង​មួយ​ដែល​បារមី​វត្ថុ​ស័ក្តិ​សិ​ទិ្ធ​សណ្ឋិត​នៅ ធ្វើ​ឱ្យ​មានការ​គោរព​កោតក្រែង​គ្រប់​គ្នា​។ មិន​តែ​បុ​៉​ណ្ណោះ ក៏​ជា​កន្លែង​ដែល​មានការ​លេង​កីឡា​ចំបាប់​ច្រើន​ជាងគេ​ផង​ដែរ ។

តាំងពី​ដើម​រៀង​មក អ្នកស្រុក​វិហារ​សួគ៌​តែង​នាំ​គ្នា​រៀបចំ​ឱ្យ​មានការ​ប្រកួត​កីឡា​ប្រណាំងសេះ ប្រណាំង​គោ ក្របី​នេះ​ឡើង​ដើម្បី​ថ្វាយ​ដល់​អ្នកតា​ម្ចាស់​ទឹក ម្ចាស់​ដី សុំ​កុំឱ្យ​គោក្របី​របស់​ពួក​គាត់​ឈឺ ។ រហូត​មក​ទល់​នឹង​ពេល​នេះ​ថ្វី​ដ្បិតតែ​ប្រពៃណី​មួយ​នេះ​ត្រូវ​បាន​ថែរក្សា​យ៉ាង​ខ្ជាប់ខ្ជួន បុ​៉​ន្តែ​ត្រូវ​បាន​គេ​កែ​ច្នៃ​ឱ្យ​មាន​លក្ខណៈ​ស្តង់ដារ​ត្រឹមត្រូវ​ដើម្បី​អូស​ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​លេង​កាន់តែ​ច្រើន​ថែម​ទៀត ។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​គឺ​ជួយ​ធ្វើ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ទីនោះ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន ៕