លោក ហ៊ុន សែន៖ ការ​និយាយថា សញ្ញាបត្រ​គ្មាន​តម្លៃ ធ្វើ​ឲ្យ​សិស្ស​ធ្លាក់​ទឹកចិត្ត

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន បាន​រិះគន់​អ្នក​ដែល​និយាយថា «សញ្ញាបត្រ​ស្រុក​ខ្មែរ​គ្មាន​តម្លៃ»។ លោក​បាន​ចាត់ទុកសម្ដីនេះថា វា​ជាការ​វាយប្រហារ​កេងចំណេញ​នយោបាយ និង​ធ្វើ​ឲ្យ​សិស្ស​បាក់​ទឹកចិត្ត។ ការសរសេរ​របស់លោក​នាយករដ្ឋមន្ត្រី​គឺ​ទំនង​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី។

បើទោះជា​មិន​និយាយ​ចំឈ្មោះ​លោក សម រង្ស៊ី ក៏ដោយ តែ​លោក ហ៊ុន សែន បាន​រិះគន់​ពាក្យសម្ដី​ដែលថា«សញ្ញាបត្រ​ស្រុក​ខ្មែរ​គ្មាន​តម្លៃ» នេះ​គឺជា​ការនិយាយ​បែប​វាយប្រហារ​កេងចំណេញ​នយោបាយ ហើយ​ការនិយាយ​បែបនេះ គឺ​កាន់តែ​ធ្វើអោយ​សិស្ស និស្សិត​ធ្លាក់​ទឹកចិត្ត​មិន​ខំប្រឹង​សិក្សា ដែល​ធ្វើ​ឲ្យ​គុណភាព​អប់រំ​កាន់តែ​ធ្លាក់ចុះ​ខ្លាំង​ថែមទៀត។

លោក ហ៊ុន សែន បាន​បញ្ជាក់ថា ក្រសួង​អប់រំ​កំពុង​រៀបចំ​កំណែទម្រង់​ពង្រឹងគុណភាព​អប់រំ ឲ្យ​កាន់​តែមាន​គុណភាព និង​ទទួលស្គាល់​ទូលំទូលាយ ដោយ​មិនត្រូវ​រង់ចាំ​កំពូល​អ្នកចេះដឹង​សន្យា​ខ្យល់​ពី​ណា​មក​ឡើយ។

លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខ្លួន កាលពី​ម្សិលមិញ​យ៉ាងនេះ​ថា ៖«បុគ្គល​ដែល​តាំងខ្លួន​ជា​អ្នកចេះដឹង​ខ្លាំង​មួយចំនួន​ថា “សញ្ញាបត្រ​ស្រុក​ខ្មែរ​គ្មាន​តម្លៃ”គឺជា​ការមើលស្រាល​ដល់​ការខិតខំ​សិក្សា​របស់​សិស្សានុសិស្ស និង​កាន់តែ​ជំរុញ​អោយ​យុវជន​មិន​ខំប្រឹងប្រែង ព្រោះថា​តើ​ខំ​សិក្សា​ធ្វើ​អ្វី បើ​សញ្ញាបត្រ​គ្មាន​តម្លៃ… ។នេះ​គឺ​កាន់តែ​ធ្វើអោយ​សិស្ស​និស្សិត​ធ្លាក់ទឹក​ចិត្ត​មិន​ខំប្រឹង​សិក្សា ហើយ​គុណភាព​សិក្សា​ផ្ទាល់​របស់​សិស្ស​និស្សិត​ក៏​កាន់តែ​ធ្លាក់ចុះ​ខ្លាំង​ថែមទៀត»។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​ចោទ​ជា​សំណួរ​តប វិញ​ថា «ឬមួយ​ក៏​ពួកគេ​ចង់អោយ​យុវជន សិស្ស​និស្សិត​កុំ​រៀន​ហើយ​រង់ចាំ​ទាល់តែ​ក្រុម​ខ្លួន​បាន​ជាប់ឆ្នោត​សិន​ទើប​សញ្ញាបត្រ​មានតម្លៃ?។ តើ​នេះ​ជាការ​ចូលរួម​សហការ​លើ​កម្ពស់​ជំរុញ​វិស័យ​អប់រំ​ឬ​ជាការ​កេងចំណេញ​នយោបាយ?»។

ការរិះគន់​របស់លោក ហ៊ុន សែន នេះ​គឺធ្វើឡើង​ក្រោយពី​លោក សម រង្ស៊ី លើកឡើងថា សញ្ញាបត្រ​ដែល​សិស្ស និស្សិត​ទទួលបាន​ពីសា​លា ឬ​សកល​វិទ្យាល័យ​នានា នៅក្នុង​ស្រុក​មិនសូវ​មានតម្លៃ​នោះទេ។

ចំពោះ​ការលើកឡើង​របស់លោក សម រង្ស៊ី នេះ​ត្រូវបាន​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បានចាត់ទុក​ប្រសាសន៍​លោក​សម រង្ស៊ី ថា ជាការ​មើលងាយ និង​វាយប្រហារ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ហើយ​លោក​មិនអាច​ទទួលយក​បានឡើយ។ លោក​រដ្ឋមន្ត្រី ក៏​អះអាងថា ក្រោយពី​ការលើកឡើង​នេះ មាន​គ្រូបង្រៀន​ខ្លះ​ចង់​បបួល​លោក សម រង្ស៊ី ប្រឡង​វិញ្ញាសា​ខ្មែរ​ជាមួយគ្នា ដើម្បី​រក​អ្នកខ្សោយ និង​អ្នកខ្លាំង៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?