“វត្ត​ស្វាយ” ខេត្ត​កំពង់​ធំ មាន​បិណ្ឌ​ម៉្យាង​ហៅ​បិណ្ឌ​​​ក្រមុំ-កំលោះ

“វត្ត​ស្វាយ” ខេត្ត​កំពង់​ធំ មាន​បិណ្ឌ​ម៉្យាង​ហៅ​បិណ្ឌ​​​ក្រមុំ-កំលោះ

ជា​រឿង​មួយ​ដែល​ប្រិយមិត្ត Sabay មួយ​ចំនួន​មិន​ធ្លាប់​ដឹង​  ​នោះ​គឺ​​បិណ្ឌ​កំលោះ-ក្រមុំ ឬ បិណ្ឌយុវវ័យ។ ​បិណ្ឌ​នេះ​គឺ​មាន​​នៅ “វត្ត​ស្វាយ” ស្ថិត​ក្នុង​ភូមិ​ស្វាយ ឃុំ​បារាយ ស្រុក​បារាយ ខេត្ត​កំពង់​ធំ។

  “វត្ត​ស្វាយ” ខេត្ត​កំពង់​ធំ មាន​បិណ្ឌ​ម៉្យាង​ហៅ​បិណ្ឌ​​​ក្រមុំ-កំលោះ

 រូបតំណាង

លោក អៀង ប៊ុនថេង អ្នក​រស់​នៅ​ភូមិ​ស្វាយ​ប្រាប់​ថា បិណ្ឌ​កំលោះ-ក្រមុំ ជា​បិណ្ឌ​ដែល​បុរស​នារី មិន​ទាន់​មាន​ប្ដី ​ឬ​ប្រពន្ធ រួម​ទាំង​ស្ត្រី​មេម៉ាយ និង​បុរស​ពោះ​ម៉ាយ ជា​អ្នក​ធ្វើ​ចង្ហាន់​ទៅ​វត្ត​ ប្រគេន​ព្រះសង្ឃ ខណៈ​ចាស់ៗ​មិន​បាច់​យក​បាយ​ម្ហូបអ្វី​​ទៅ​ឡើយ។

 

បុរស​​វ័យ ៤១ ឆ្នាំ​ថ្លែង​ថា បិណ្ឌ​កំលោះ-ក្រមុំ ធ្វើ​មុន​ថ្ងៃ​ឆ្លង​បុណ្យ​ភ្ជុំ (ឬ​ថ្ងៃ​បង្ហើយ) មួយ​ថ្ងៃ។ “ថ្ងៃ​ហ្នឹង​សុទ្ធ​តែ​ក្រមុំ​កំលោះ…គេ​សុំ​មួយ​ថ្ងៃ ដើម្បី​​ជួបជុំ​គ្នា​សប្បាយ និង​ធ្វើ​បាយ​សម្ល​ទៅ​វត្ត…ចាស់​ៗ​មិន​ចាប់​យក​បាយ​ម្ហូប​ទៅ​ទេ ហើយ​បាយ​រាប់​បាត​អី ក្មេងៗ​ជា​អ្នក​ចាត់ចែង​​ឱ្យ​ទាំងអស់”។

 

លោក ប៊ុនថេង បន្ត​ថា វត្ត​ស្វាយ​ទម្លាប់​កាន់​បិណ្ឌ​កំលោះក្រមុំ​យូរ​មក​ហើយ បើ​គិត​មក​ដល់​ពេលនេះ​ ​ប្រហែល​​ប្រាំ​ពីរ​ទៅ​ប្រាំ​បី​ឆ្នាំ​ ចំណែក​​អ្នក​ចូល​រូមមាន​ អ្នករស់នៅ​ភូមិជីអោក ភូមិស្វាយ ​ភូមិ​កំញាត និង​ អ្នក​មក​ពីស្រុកភូមិ​ផ្សេងៗទៀត។
 
មិន​មែន​មាន​តែ​វត្ត​ស្វាយ​ទេ វត្ត​ប្រាសាទ​នៅឃុំប្រាសាទ ស្រុក​សន្ទុក​ និង​វត្ត​នៅ​ក្បែរ​នោះ ក៍កាន់​បិណ្ឌ​នេះ​​​ដែរ។  កញ្ញា លក្ខិណា បាន​ប្រាប់ Sabay ​​ថា៖ “វត្ត​​ប្រាសាទ​ធ្វើ​ដែរ តែ​ខ្ញុំ​អត់​ដែល​ទៅ​ទេ ហើយបើ​តាមដឹង ​វត្ត​​ខ្ញុំ​គ្រប់​វត្ត​​ធ្វើ​ តែ​មិន​ដឹង​ថា គេ​ធ្វើ​ពីពេល​ណា​ទេ”។
 
ថ្ងៃ​​ព្រហស្បតិ៍​ទី ៨ ខែ​តុលានេះ ជា​ថ្ងៃ​កាន់​បិណ្ឌ​ទី ១១ ហើយ​បិណ្ឌ​កំលោះ-ក្រមុំនៅ​វត្ត​ស្វាយ នឹង​ធ្វើ​ឡើងនៅ​ថ្ងៃ​ទី ១១ ខែ​តុលា ត្រូវ​នឹង​ថ្ងៃ​ទី ១៤ រោច ខែ​ភទ្របទ។ ចំណែក​ថ្ងៃ​បង្ហើយ ឬ​ប្រជា​ពលរដ្ឋ​ខ្មែរ​តែង​ហៅ​ថា​ភ្ជុំ​ធំ​នោះ គឺ​ធ្វើ​នៅ​ថ្ងៃ​ទី ១២ ខែ​តុលា ឆ្នាំ​២០១៥ ត្រូវ​នឹង​ថ្ងៃ​ទី ១៥ ខែ​ភទ្របទ។

 

ក្រៅ​ពី​វត្ត​ស្វាយ ស្រុក​បារាយ ខេត្ត​កំពង់ តើ​​វត្ត​ណា​ទៀត​​ធ្វើ​បិណ្ឌនេះដែរ? បើ​មាន​សូមប្រិយមិត្ត​​ជួយ​ប្រាប់​ផង។ ​

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ ​