ក្នុង​ខែកញ្ញា​ឆ្នាំ​នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល ពន្ធ​អាករ​កើន​ប្រមាណ 6,33%​ធៀប​នឹង​ខែសីហា

រាជធានី​ភ្នំពេញ ៖ តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា ក្នុង​ខែកញ្ញា ឆ្នាំ​២០១៥​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​បាន​ចំនួន​ប្រមាណ​៣៩៨.០៥៧,៥០​លាន​រៀល (​គិត​ជា​ដុល្លារ​មាន ប្រមាណ​៩៩,៥១​លាន​ដុល្លារ​អា​មេ​រិ​ក​) កើនឡើង​ប្រមាណ​៦,៣៣%​ធៀប នឹង​ខែសីហា ដែល​ប្រមូល​ពន្ធ​អាករ​បាន​ចំនួន​៩៣,៥៨​លាន​ដុល្លារ​អា​មេ​រិ​ក ។

ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៥​នេះ​ដែរ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធ​បាន​ចំនួន ៣.៩៨៩.២៤៥,៩១​លាន​រៀល​(​គិត​ជា​ដុល្លារ​ស្មើនឹង​៩៩៧,៣១​លាន​ដុល្លារ​អា​មេ​រិ​ក​) ដែល​សម្រេច​បាន​៨៥,៦២%​នៃ​គោលដៅ​កំណត់​ក្នុង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ក្នុង​ឆ្នាំ​២០១៥ ដែល​ក្នុង​នោះ​ថវិកា​ថ្នាក់​ជាតិ​បាន​ចំនួន ៨៦,៨០% និង​ថវិកា​ថ្នាក់​ក្រោម​ជាតិ​បាន​ចំនួន​ស្មើនឹង​៧៨,០៥% ។

តាម​របាយការណ៍​ដែល​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ឲ្យ​ដឹង​ថា ការ​ប្រមូល​ពន្ធ​ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៥​នេះ មាន​កំណើន​ប្រមាណ​២៥,៥៣% ធៀប​នឹង​ឆ្នាំ​២០១៤ ។ ក្នុង​រយៈពេល​៩​ខែ​នេះ ចំនួន​ពន្ធ​តាម​ប្រភេទ​ពន្ធ​សំខាន់​ៗ​មួយ​ចំនួន មានការ​កើនឡើង ដោយ​ពន្ធលើប្រាក់បៀវត្ស កើនឡើង​២១,៣% ពន្ធលើប្រាក់ចំណេញ​២៧,៦% អាករ​លើ​តម្លៃបន្ថែម​មានការ​កើនឡើង​ប្រមាណ​១៥,៩% និង​អាករ​ពិសេស​កើន​ប្រមាណ​២៧,១% ។ ដោយឡែក​ចំណូល​ពន្ធ​តាម​សកម្មភាព​អាជីវកម្ម ក៏​មានការ​កើនឡើង​ស្ទើរតែ​ទាំងអស់​ដែរ ក្នុង​នោះ ផ្នែក​សេវា​ហិរញ្ញវត្ថុ​កើន​៤០% ផ្នែក​ផលិត​ភេសជ្ជៈ​កើន ១៥,៥% ផ្នែក​សណ្ឋាគារ និង​ផ្ទះសំណាក់ កើន​ប្រមាណ​៣២,៣% ផ្នែក​ផលិត​ថ្នាំជក់​កើន ១២៧,៩% ផ្នែក​ផលិត​សម្លៀក​បំពាក់​កើន ១៧,៥% ផ្នែក​ដឹក​ជញ្ជូន និង​ទេសចរណ៍​កើនឡើង ១១,៩% ផ្នែក​កសិកម្ម​កើន​ប្រមាណ​៦២,៩% ផ្នែក​លក់​ភេសជ្ជៈ​កើន​ប្រមាណ​២៦,៥% ផ្នែក​អាកាសយានដ្ឋាន​និង​កំពង់​ផែ​កើន​១០,៨% ផ្នែក​លក់​គ្រឿង​ឧបភោគបរិភោគ​កើន​ប្រមាណ​៨៧,៦% ផ្នែក​លក់​សម្ភារ​ការិយាល័យ​កើន​៣៦,២% ផ្នែក​ផលិត​ម្ហូបអាហារ​កើន​ប្រមាណ​១៥% ផ្នែក​ផលិត​យានយន្ត​កើន​ប្រមាណ​១៧២,៨%​។ ចំណែក​ទូរគមនាគមន៍ កើន​១៤,៣% ផ្នែក​គ្រឿង​ប្រើប្រាស់​កើន​៤,៨% និង​ផ្នែក​នីហរ័ណ អាហរ័ណ កើន​១៦,១%​។

លោក​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ជំរុញ​ឲ្យ​នាយកដ្ឋាន​សាខា​ខេត្ត ខណ្ឌ ខិតខំ​បន្ត​អនុវត្ត​ការងារ​ប្រកបដោយ​ការ​ទទួលខុសត្រូវ ក្នុង​ការ​បន្ត​ពង្រឹង​ការ​ប្រមូល​ពន្ធ​គ្រប់​ប្រភេទ​។ លោក​ថា ៖ « យើង​នឹង​ពង្រឹង​កា​រប​ម្រូ​ល​ពន្ធ​លើ​អចលនទ្រព្យ បន្ត​ពង្រឹង​ប្រមូល​ពន្ធ​គ្រប់​ប្រភេទ ជា​ពិសេស​ពន្ធលើប្រាក់ចំណេញ ការ​ចុះបញ្ជី​ពន្ធដារ​តាម​ប្រព័ន្ធ​ថ្មី ដោយ​បន្ត​ពង្រឹង​ការ​ធ្វើ​បច្ចុប្បន្ន​សហគ្រាស ព្រមទាំង​លើកកម្ពស់​និង​បញ្ជ្រាប​វប្បធម៌​បង់ពន្ធ​តាម​រយៈ​ការ​ធ្វើ​សិក្ខាសាលា ផ្សេង​ៗ និង​បន្ត​ជំរុញ​ការ​ប្រមូល​ពន្ធ​ខាង​វិស័យ​សំណង់​ផង​ដែរ ៕