ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ប្រគល់​វិញ្ញាបនបត្រ​គ្រប់គ្រង​មន្ទីរពិសោធន៍​ISO​ដំបូង​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ វិស័យ​ឧស្សាហកម្ម​បាន​ចូលរួម​ចំណែក​ក្នុង​សេដ្ឋកិច្ចជាតិ​កាន់តែ​ខ្លាំង​ឡើង​ៗ​ពី​ប្រមាណ​១២,៦%​នៅ​ឆ្នាំ​១៩៩៣ បាន​កើនឡើង​ដល់​២៥,៧% នៅ​ឆ្នាំ​២០១៤ ។ បើ​គណនា​ជា​មធ្យម​ប្រចាំឆ្នាំ កំណើន​ពិត​ប្រចាំឆ្នាំ​នៃ​វិស័យ​នេះ​សម្រេច​បាន​អត្រា​១២,៥%​ដល់​ឆ្នាំ​២០១៤ ដែល​ជា​កំណើន​មួយ​ខ្ពស់​បំផុត​ក្នុង​ចំណោម​វិស័យ​សំខាន់​ៗ​ដើម្បី​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ។

ដោយ​ឈរ​លើ​ទស្សនៈ​វែង​ឆ្ងាយ ពិសេស​ដើម្បី​ពង្រឹង​នូវ​ឧត្តមភាព ការ​ប្រកួតប្រជែង និង​ការ​លើកកម្ពស់​គុណភាព​ផលិតផល​តាម​បទដ្ឋាន​ស្ដង់ដា កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​សម្រេច​ប្រគល់​វិញ្ញាបនបត្រ ISO/IEC 17025 : 2015 ដល់​ក្រុមហ៊ុន SGS គ្រប់គ្រង​មន្ទីរពិសោធន៍​មុខទំនិញ មុន​ធ្វើការ​នាំ​ចេញ​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

តំណាង​ក្រុមហ៊ុន SGS លោក Malcom Reild បាន​ឲ្យ​ដឹង​ថា ការ​ទទួលស្គាល់​ក្រុមហ៊ុន SGS ជា​មន្ទីរពិសោធន៍​ល្អ​នេះ នឹង​ធ្វើ​ឲ្យ​អតិថិជន កាន់តែ​មាន​ទំនុកចិត្ត​លើ​ក្រុមហ៊ុន ដែល​បញ្ជាក់​ពី​គុណភាព និង​ការ​ផ្ដល់​សេវាកម្ម​ដ៏​ត្រឹមត្រូវ ។

លោក Malcom Reild បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា « គោលបំណង​របស់​ក្រុមហ៊ុន គឺ​ការ​រក្សា​នូវ​ស្តង់ដា​ខ្ពស់​បំផុត ការ​ផ្ដល់​សេវាកម្ម​មន្ទីរពិសោធន៍ ដើម្បី​បំពេញ​នូវ​តម្រូវការ​កើនឡើង​នៃ​អតិថិជន​ក្នុង និង​ក្រៅប្រទេស​លើ​ផ្នែក​ឧស្សាហកម្ម​វាយនភ័ណ្ឌ សម្លៀក​បំពាក់ ក្រណាត់ និង​ផលិតផល​ស្បែកជើង ជាដើម​។ ទន្ទឹម​នឹង​នោះ​យោង​ទៅ​តាម​ការ​បន្ត​កើនឡើង​នៅ​ថ្ងៃ​អនាគត និង​ការ​វិនិយោគ​ក្នុង​វិស័យ​មន្ទីរពិសោធន៍ នឹង​ធ្វើ​ឲ្យ​យើង​អាច​បំពេញតម្រូវការ​របស់​រោងចក្រ​ឧស្សាហកម្ម​ផ្សេង​ទៀត​លើ​ផ្នែក​កសិកម្ម បរិស្ថាន និង​ឧស្សាហកម្ម​ចំណីអាហារ »​។

លោក​បន្ត​ថា ដោយ​ការ​ខិតខំ​ប្រឹងប្រែង និង​ធនធាន ទើប​អាច​បង្កើត​ឡើង​នូវ​មន្ទីរពិសោធន៍​ដ៏​ទំនើប​នេះ​បាន ហើយ​ការ​ទទួល​បាន​វិញ្ញាបនបត្រ​នេះ ជា​ជោគជ័យ​ដ៏​ធំ​មួយ ហើយ​ក៏​ជា​ជំហាន​ឆ្ពោះទៅ​មុខ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​របស់​ខ្លួន ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្ដេជ្ញា​ចិត្ត ក្នុង​ការ​ផ្ដល់​សេវាកម្ម​ដល់​អតិថិជន​នូវ​សេវា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព និង​ការ​ទទួលស្គាល់​លទ្ធផល​ពិសោធន៍​ជា​អន្តរជាតិ ។

លោក​បញ្ជាក់​ថា​៖ « ការ​បង្កើត​ឲ្យ​មាន​សេវាកម្ម​មន្ទីរពិសោធន៍​នេះ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​អតិថិជន​អន្តរជាតិ ដែល​ធ្វើ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ពួក​គេ​មាន​ជម្រើស​ក្នុង​ការ​ជ្រើសរើស​សេវាកម្ម​មន្ទីរពិសោធន៍​ណាមួយ​ក៏​បាន ។ សម្រាប់​ចំណុចខ្លាំង​របស់​មន្ទីរពិសោធន៍​SGS គឺ​ពឹងផ្អែក​ទៅ​លើ​សមត្ថភាព​នៃ​ការ​ធ្វើ​ពិសោធន៍​ជា​អាទិ៍ ពិសោធ​ទៅ​លើ​សារធាតុ​គីមី និង​វិភាគ​លើ​លក្ខណៈ​រូប​។ មន្ទីរពិសោធន៍ SGS មាន​បរិក្ខារ និង​ឧបករណ៍​ទំនើប​ៗ អ្នកជំនាញ​មានបទពិសោធន៍ ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​អតិថិ ជន និង​មាន​ប្រ​ព​ន្ធ័​គ្រប់គ្រង​ព័ត៌មាន​ក្នុង​មន្ទីរពិសោធន៍ ដែល​ធ្វើ​ឲ្យ​SGS អាច​បម្រើ​សេវាកម្ម​វិភាគ​គ្រប់​បែប​យ៉ាង ក្នុង​ការ​ផ្ដល់​ដំណោះស្រាយ ដែល​ជា​តម្រូវការ​ចាំបាច់​របស់​អតិថិជន ។

លោក ឯក សុ​ន​ចាន់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា​មាន​កាតព្វកិច្ច​ដើម្បី​ធានា​ថា វិស័យ​សាធារណៈ​ផ្តល់​ក្របខ័ណ្ឌ​ល្អ​មួយ​ដល់​ការ​ផ្តល់​សេវាកម្ម​ដែល​មាន​សុវត្ថិភាព​។  ដោយ​មាន​ហេតុផល​មួយ​ចំនួន បាន​ជំរុញ​ឲ្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​សម្រេច​បង្កើត​ឲ្យ​មានការ​ផ្ដល់​វិញ្ញាបនបត្រ​នេះ​ឡើង សម្រាប់​លើកទឹកចិត្ត​ដល់​បណ្ដា​ក្រុមហ៊ុន ដែល​មាន​បម្រើ​សេវាកម្ម​ប្រកបដោយ​គុណភាព ហើយ​យើង​ក៏​មាន​កាតព្វកិច្ច​ដើម្បី​ធានា​មិន​ឲ្យ​មានការ​ក្លែងបន្លំ​ផលិតផល មុន​ពេល​នាំ​ចេញ​ផង​ដែរ ។

យោង​តាម​លទ្ធផល​ជំរឿន​សហគ្រាស​កាលពី​ឆ្នាំ​២០១១​ក្នុង​ចំណោម​សហគ្រាស​៥១០.០០០ គឺ​មាន​តែ​៧០.០០០​ឬ​ស្មើនឹង​១៤%​តែ​ប៉ុណ្ណោះ ដែល​ជា​សហគ្រាស​ផ្នែក​លក់​កម្មន្តសាល ។ វិស័យ​នេះ​គ្របដណ្តប់​ភាគច្រើន​ទៅ​លើ​ផ្នែក​ចំណីអាហារ និង​កាត់ដេរ ដែល​គ្របដណ្តប់​៤៥%​និង​៣០% ។ ក្នុង​ចំណោម​សហគ្រាស​ខ្នាត​ធំ​ប្រហែល​៨០% ស្ថិត​ក្នុង​វិស័យ​កាត់ដេរ សម្លៀក​បំពាក់ និង​ស្បែកជើង ៕