​រថយន្ត​សាំ​យ៉ុង បុក​គោយន្ត​កន្ត្រៃ ពីក្រោយ​របួសធ្ងន់​ម្នាក់​

​ស្ទឹងត្រែង: អ្នកបើក​គោយន្ត​កន្ត្រៃ​ម្នាក់ បាន​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់ ចរាចរ​បង្កឡើង ដោយ​រថយន្ត​សាំ​យ៉ុង ដឹក​អ្នកដំណើរ បុក​គោយន្ត​កន្ត្រៃ ពីក្រោយ កាលពី​រសៀល ថ្ងៃទី​៧​ខែតុលា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ ៧A  ត្រង់ចំណុច​ជិត​ឡឥដ្ឋ ស្ថិតក្នុង​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​។​

​ជនរងគ្រោះ ឈ្មោះ លី ឡុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅក្នុង​ភូមិ​កំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជា​អ្នក​បើ​គោយន្ត​។​ចំណែក​ រថយន្ត​បង្ក ម៉ាក​សាំ​យ៉ុង ១៥ កៅអី ពណ៌​ស (​ស្ទោង​-​ភ្នំពេញ​) (​ស្ទោង​-​សៀមរាប​) បើកបរ​ដោយ​បុរស​ម្នាក់ ឈ្មោះ ម៉ៅ មុខរបរ រត់​តាក់​
​ស៊ី​។

​តាម​សាក្សី​នៅក្បែរ​កន្លែង កើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​គោយន្ត​១​គ្រឿង ដឹកអុស ចេញពី​ភូមិ បំណង​យក​ចូល​វត្ត គីឡូ​៨​។ ចំណែកឯ​រថយន្ត​សាំ​យ៉ុង ត្រូវបាន​គេ​ដឹងថា ចេញមក​ពី​យក​កម្មក​រ ក្នុង​ចំការ​ដូងប្រេង ជិត​ផ្លូវបំបែក អូរ​ស្វាយ បំណង​ចូល​ទី​រួម​ខេត្ត ប៉ុន្តែ​ខណៈពេលដែល កំពុងធ្វើដំណើរ​មកដល់ ចំណុចកើតហេតុ​ខាងលើ ដោយសារ​រថយន្ត​សាំ​យ៉ុង បើក​លឿន​ពេក ក្នុងទិសដៅ​ស្របគ្នា ពី​ជើង​មក​ត្បូង ចាប់​ហ្វ្រាំង​មិន​ជាប់ ជ្រុល​ចង្កូត​ទៅបុក​ពីក្រោយ​គោយន្ត ពេញទំហឹង បណ្តាល​ឲ្យ​គោយន្ត​ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​អ្នកបើកបរ រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​គេ​បញ្ជូន ទៅ​សង្គ្រោះ ភ្លាមៗ​នៅ​មន្ទីរពេទ្យ​។​

​ចំណែក​រថយន្ត និង​គោយន្ត ត្រូវបាន​សមត្ថកិច្ច វាស់វែង និង​ធ្វើ​កំណត់ហេតុ រួច​អូស​យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា តាមច្បាប់ នាពេល​ក្រោយ​៕V​/S