​លោក ម៉ប់ សារិន ព្រមាន​អ្នក​បញ្ចេញ​ឯកសារ​សម្ងាត់​របស់ សាលា​រាជធានី​ភ្នំពេញ

ភ្នំពេញ: ក្នុង​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​១៧ របស់​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ អាណ​តិ្ត​ទី​២ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ នៅ​សាលា​រាជធានី​ភ្នំពេញ លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ ឯកសារ​របស់ សាលា​រាជធានី​ភ្នំពេញ មួយចំនួន ត្រូវបាន​បែកធ្លាយ​។ លោក បានស្នើ​សុំ​ឲ្យ​លោក មាន ចាន់ណា​ដា នាយក​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ ធ្វើការ​អប់រំ​ណែនាំ រំលឹក​ដាស់តឿន មន្ត្រី​របស់ខ្លួន ឲ្យ​ធ្វើ​ការងារ​នេះ ឲ្យ​បាន​ម៉ត់ចត់ និង​មាន​វិន័យ​តឹងរ៉ឹង​បំផុត ជៀសវាង​ការ​បែកធ្លាយ ឯកសារ​បន្តទៅទៀត​។​

​លោក ម៉ប់ សារិន បាន​មានប្រសាសន៍​បន្តថាៈ "​ឯកសារ​របស់​ក្រុមប្រឹក្សា មិនមាន​អ្វី​ជា​របាំង សម្រាប់​ការផ្សព្វផ្សាយ ជា​សាធារណៈ​នោះទេ ប៉ុន្តែ​មានតែ​មួយគត់ ដែល​យើង​ត្រូវ​ពិចារណា​។ សូម្បីតែ​កិច្ចប្រជុំ​ក្រុមប្រឹក្សា ក៏​ប្រជុំ​ជាការ​សម្ងាត់ ចុះ​ហេតុ​អី្វ កំណត់​នៃ​កិច្ចប្រជុំ​វាយតម្លៃ​មន្ត្រី​នោះ ត្រូវបាន​លេចចេញ​ទៅ​ក្រៅ​។ ឯកសារ​នោះ ចេញពី​ប្រភព​ណា នៅពេល​ប្រជុំ សូម្បីតែ​ឯកឧត្តម លោកជំទាវ ថ្នាក់​ប្រធាន​មន្ទីរ និង​មន្ត្រី​ថ្នាក់​ផ្សេងៗ​ទៀត មិនបាន​ចូល​ផង ទីបំផុត សាមីខ្លួន ដែល​ត្រូវបានតែងតាំង កាន់​ទៅ​បង្ហាញ​ខ្ញុំ​។ នៅពេលដែល​ខ្ញុំ​សួរ​គាត់ គាត់​ថា យក​អា​នឹង​កាន់ ខ្លាច​គេ​ដូរ​ដាក់​អ្នកផ្សេង​វិញ​។ ខ្ញុំ​មិនទាន់​ថា​ទេ ទីចាត់ការ​ណា កន្លែង​ណា​ទេ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ទាំងអស់គ្នា​"​។

​លោក​បាន​បន្តថាៈ "​ទោះបីជា ម៉ប់ សារិន ចង់​ដូរ ក៏​មិន​ហ៊ាន​ដែរ ព្រោះ​ជា​សមូហភាព ២៣ នាក់ បាន​លើកដៃ សូម្បីតែ CPP ១៥ នាក់​នោះ ឯកភាពគ្នា ក៏​ដូរ​មិនបាន​ដែរ ព្រោះ​មាន​បង ស្រេង (​លោក​ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ​) នៅ​នឹង​ដែរ​"​។

​លោក​បាន​បន្តថាៈ "​រឿងនេះ មិន​ជាប់គុក​ងាប់​ទេ បើ​បង ស្រេង ឯង​ប្តឹង​។ ខ្ញុំ​មិន​និយាយ​រឿង​នឹង​ទេ​។ ប៉ុន្តែ​គាត់ បែរជា​និយាយថា ប្រជុំ​អីចឹង​ហើយ បើ​អ្នកណា​ចង់​ដូរ គេ​ធ្វើ​កំណត់ហេតុ​ឡើងទៅ​លើ ដោយ​ដូរ​កំណត់ហេតុ​"​។​

​លោក​ម៉ប់ សារិន បាន​បន្តថាៈ "​រឿង​បំផុត​នេះ ហេតុអ្វី អង្គប្រជុំ មិន​ឲ្យ​អ្នកផ្សេង​ចូល ប៉ុន្តែ​កំណត់ហេតុ ចេញ​ទៅដល់​សាមីខ្លួន អ្នក​ដែល​ត្រូវ​តែងតាំង​។ បញ្ហា​នេះ សូម​ប្រយ័ត្ន​ទាំងអស់គ្នា ហើយ​មានរឿង ជាច្រើន​ទៀត ដែល​នាយក​រដ្ឋបាល បាន​ខ្សឹបប្រាប់​ខ្ញុំ នូវ​រឿង​ផ្សេងៗ របស់​សាលាក្រុង បានចេញ​ជា​បន្តបន្ទាប់ អីចឹង​សូម​រក្សា​វិន័យ​នេះ ឲ្យ​បាន​ម៉ឺងម៉ាត់​។ ដំបូង​នេះ ខ្ញុំ​គ្រាន់តែ​ប្រកាស​ទេ ដើម្បី​ឲ្យ​ទីចាត់ការ ប្រាប់​មន្ត្រីរាជការ​រប​ស់​ខ្លួន រក្សា​ឲ្យ​បាន​ម៉ឺងម៉ាត់ បើសិន​ជាមាន​រឿងរ៉ាវ នៅពេលនេះ ខ្ញុំ​អត់​យកទោស​ពៃ​អ្វី​ទេ ពីព្រោះ ខ្ញុំ​សួរ​អ្នក​ដែល​កាន់​ទៅនោះ ខ្ញុំ​ដឹង​ទាំងអស់ អ្នកណា​ដែល​ឲ្យ​ឯកសារ​នោះ ទៅ ប៉ុន្តែ​ថា នេះ​ជា​លើកទីមួយ ដែល​នៅ​ពុំទាន់​យល់ ប៉ុន្តែ​ទោះបីជា​លើក​បន្តទៀត ទោះបីជា​ខ្ញុំ​មិន​យល់ ក៏​ច្បាប់​គេ​ធ្វើការ​ដែរ ដោយសារ​យើង​ខុស​វិន័យ ធ្ងន់ធ្ងរ​ណាស់ យើង​លួច​ឯកសារ​សម្ងាត់ បញ្ចេញ​ក្រៅ​។ លើកទីមួយ​នេះ ត្រូវ​ឆាចោល អត់​គិតថា ជា​អ្នកណា​ចេញ ឬ​មិន​ចេញ​នោះទេ ប៉ុន្តែ​បើ​មាន​បន្តទៅទៀត ទាល់តែ​រករឿង ដល់​ឫស​ដល់​គល់​។ ខ្ញុំ​បាន​ប្រាប់ ដែល​កាន់​ឯកសារ​នោះ លោក​ឯង​អត់​ខុស​អ្វី​ទេ ប៉ុន្តែ​អ្នក​ដែល​ឲ្យ​លោក​ឯង វា​ខុស ប៉ុន្តែ​ប្រយ័ត្ន​អ្នក​ឲ្យ​លោក​ឯង​ថា លោក​ឯង​ឲ្យ​លុយ​ប៉ុណ្ណឹង ទើប​លោក​ឯង​ឲ្យ លោក​ឯង​ចូល​អ្នក​សូក អីចឹង​ទេ លោក​ឯង​យក​ឯកសារ​នោះ ទៅ​ដុតចោល​"​។

​លោក​ប្រធាន​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា បញ្ហា​នេះ វា​មិនគួរ​ឲ្យ​កើតមានឡើង​ទៀត​ទេ ប៉ុន្តែ​គ្រាន់តែ​ដឹងៗ វា​មិន​អី​ទេ តែ​នេះ មាន​ភស្តុតាង​ទាំង​ដុល ដែលមាន​បោះត្រា សម្ងាត់​របស់ ម៉ប់ សារិន ដូច្នេះ​សូម​គ្រប់​ទីចាត់ការ​ទាំងអស់ សូម​ឲ្យ​យល់ អំពី​បញ្ហា​នេះ​៕V/S

​លោក ម៉ប់ សារិន ព្រមាន​អ្នក​បញ្ចេញ​ឯកសារ​សម្ងាត់​របស់ សាលា​រាជធានី​ភ្នំពេញ

​លោក ម៉ប់ សារិន ព្រមាន​អ្នក​បញ្ចេញ​ឯកសារ​សម្ងាត់​របស់ សាលា​រាជធានី​ភ្នំពេញ

​លោក ម៉ប់ សារិន ព្រមាន​អ្នក​បញ្ចេញ​ឯកសារ​សម្ងាត់​របស់ សាលា​រាជធានី​ភ្នំពេញ