ក្រុមហ៊ុន​ផ្សារ​លក់ទំនិញ Lawson សម្លឹង​ឃើញ​ការ​ពង្រីក​ខ្លួន​លឿន

ប្រទេស​ថៃ ៖ ការ​ប្រកួតប្រជែង​ក្នុង​ចំណោម​ផ្សារ​លក់ទំនិញ​ដែល​មាន​ហាង​ឬ​តូប​លក់​ជា​ជួរ​ៗ​ដែល​គ្រប់គ្រង​ដោយ​ម្ចាស់​តែ​មួយ​កំពុង​តែ​ឡើងក​ម្តៅ ស្រប​ពេល​ដែល​ក្រុមហ៊ុន​Lawson របស់​ជប៉ុន​និយាយ​ថា ខ្លួន​នឹង​បន្ថែម​ផ្សារ​លក់​ជាង​១០០​ទៀត​នៅ​ឆ្នាំ​ក្រោយ​នេះ ។

ក្រុមហ៊ុន​កំពុង​បង្កើន​ល្បឿន​នៅ​ក្នុង​ការ​ពង្រីក​ខ្លួន ស្រប​តាម​ប្រតិបត្តិការ​ដ៏​ខ្លាំងក្លា តាំងពី​ការ​ចាប់ផ្តើម​ជា​លើក​ដំបូង​នៅ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១៣ តាម​រយៈ​ក្រុមហ៊ុន Saha Lawson Co ដែល​ប្រកប​ជំនួញ​រួម​គ្នា​ជាមួយនឹង​ក្រុមហ៊ុន​ពហុ​ផលិតផល​ប្រើប្រាស់​ក្នុងស្រុក Saha Group ។ 

បច្ចុប្បន្ន សម្ព័ន្ធ​អាជីវកម្ម​នេះ​បើក​ប្រតិបត្តិការ​ផ្សារ​Lawson 108 ចំនួន​៤១​សាខា​ដែល​បាន​ពាំនាំ​មក​នូវ​ការ​ផ្តល់​ឲ្យ​តែ​មួយ​គត់​នូវ​អាហារ​ក្តៅ​ៗ​របស់​ជប៉ុន ។

អគ្គនាយករង​ក្រុមហ៊ុន Saha Lawson Co លោក Kantapat Ithiravipongse បាន​ថ្លែង​ថា​ផ្សារ​លក់ទំនិញ Lawson 108 គឺ​អាច​រក​ប្រាក់​ចំណេញ​បាន​នៅ​ក្នុង​រយៈពេល​៣​ទៅ​៦​ខែ​លឿន​ជាង​ការ​គ្រោងទុក​កាលពី​ពេល​មុន​ទៅ​ទៀត ។

នេះ​មាន​ន័យ​ថា ក្រុមហ៊ុន​អាច​បន្ថែម​ផ្សារ​លក់​កាន់តែ​ច្រើន ខណៈ​ដែល​ផ្សារ​នីមួយ​ៗ​ត្រូវការ​ការ​វិនិយោគ​៣​ទៅ​៥​លាន​បាត ដូចនេះ​វា​បាន​នាំ​មក​នូវ​ផ្សារ​លក់​សរុប​១៦០​នៅ​ឆ្នាំ​ក្រោយ​២០១៦ ។

ម្យ៉ាងទៀត ក្រុមហ៊ុន​ក៏​រៀបចំ​ទិស​ដៅ​កាន់តែ​គួរ​ឲ្យ​ទាក់ទាញ​ថែម​ទៀត​នៅ​ក្នុង​ការ​ពង្រីក​សាខា​១.០០០​ទីតាំង​ក្នុង​ប្រទេស​ថៃ​នៅ​ឆ្នាំ​២០១៩ ។​ផ្នែក​មួយ​នៃ​គម្រោង​នេះ​នឹង​ផ្ទេរ​ឬ​ផ្លាស់​ប្តូរ​ផ្សារ ១០៨ មួយ​ចំនួន​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Saha Group ទៅ​ជា​ស្ថិត​ក្រោម Lawson 108 វិញ ។

លោក Kantapat បាន​ថ្លែង​ថា ផ្សារ​លក់ទំនិញ​ថ្មី​ៗ​នឹង​ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ​នៅ​តំបន់​ជាយក្រុង​បាងកក និង​តាម​បណ្តា​ខេត្ត​នានា​នៅ​ភាគ​ខាងជើង​និង​ភាគ​ឦសាន​ប្រទេស​ដើម្បី​ជាដើម​ទុន​នៅ​លើ​ក្តី​រំពឹង​នៃ​ការ​ធ្វើ​ឲ្យ​រីក​លូតលាស់​សេដ្ឋកិច្ច​ផ្អែក​តាម​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក្នុង​តំបន់​ទាំង​ពីរ​នោះ ។

លោក​បន្ថែម​ថា ក្រុមហ៊ុន​នឹង​អនុវត្ត​នូវ​ការ​ពង្រីក​ខ្លួន​លឿន​តាម​រយៈ​ការ​ទទួល​បាន​សិទ្ធិ​លក់​ផ្តាច់មុខ ។ វិនិយោគិន​ក្នុង​រង្វង់​១០០​ក្រុមហ៊ុន​ទន្ទឹងរង់ចាំ​បញ្ជី​ឈ្មោះ​នៅ​ក្នុង​ការ​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ទទួល​សិទ្ធិ​លក់​ផ្តាច់មុខ ។

ពពួក​ផ្សារ​លក់ទំនិញ​រាយ​ធំ​ទូលាយ​គឺ​ដើរតួ​នាទី​សំខាន់​និង​ចម្បង​នៅ​ក្នុង​ទីផ្សារ​លក់រាយ​ដែល​មាន​ទំហំ​ទឹកប្រាក់​១,៥​ទ្រី​លាន​បាត​នៅ​ទូ​ទាំង​ប្រទេស​ថៃ ។

នា​ពេល​បច្ចុប្បន្ន មាន​ផ្សារ​លក់ទំនិញ​រាយ​ធំ​ៗ​ជា​ប្រភេទ​ផ្សារ​គ្រប់គ្រង​ដោយ​ម្ចាស់​តែ​មួយ​ប្រមាណ​ជា​១២.០០០​កន្លែង​ដែល​បាន​បើក​ប្រតិបត្តិការ​នៅ​ទូ​ទាំង​ប្រទេស ហើយ​7-Eleven គឺជា​ផ្សារ​ឈានមុខ​ដែល​មាន​ហាង​លក់​ចំនួន​៨.៦០០​កន្លែង ។

ការ​ប្រកួតប្រជែង​ក្នុង​ចំណោម​ផ្សារ​ធំ​ៗ​គឺ​មាន​សន្ទុះ​ខ្លាំងក្លា ជា​ពិសេស​នៅ​តំបន់​ទីក្រុង​ដែល​ជាទី​តាំង​ប្រមូលផ្តុំ​ដោយ​ក្រុមហ៊ុន​ជំនួញ​ធំ​ៗ និង​ជា​គូប្រជែង​របស់​ខ្លួន​ផង​ដែរ ។
ប្រភព​ពី​ឧស្សាហកម្ម​ឲ្យ​ដឹង​ថា ដំណើរ​នៃ​ភាព​រអាក់រអួល​ក្នុង​ផ្នែក​សេដ្ឋកិច្ច​បច្ចុប្បន្ន​ទំនងជា​នឹង​ប៉ះពាល់​តិចតួច​នៅ​ផ្នែក​លក់រាយ​។ ចំណែក​ពាណិជ្ជកម្ម​នៅ​តែ​បន្ត​កើនឡើង​ដដែល​បើទុកជា​វា​ស្ថិត​ក្នុង​ល្បឿន​យឺត​យ៉ាងណា​ក្នុង​ក្តី ។ 

ប្រភព​បាន​បន្ត​ទៀត​ថា «​បណ្តា​ក្រុមហ៊ុន​ជា​ច្រើន​កំពុង​ផ្តល់​នូវ​យុទ្ធសាស្ត្រ​ប្រកប​អាជីវកម្ម​ថ្មី​ដូច​ជា ក្រុមហ៊ុន 7-Eleven ជាដើម​ដែល​បាន​ដាក់​ទិស​ដៅ​ពង្រីក​ផ្សារ​លក់ទំនិញ​ឲ្យ​កាន់តែ​ធំ​ជាង​នេះ ហើយ​ថែម​ទាំង​ផ្តល់​នូវ​សេវាកម្ម​ពេញលេញ​ទៀត​ផង » ៕​