មន្រ្តីមួយចំនួន​នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ​ ឆ្លើយដាក់ក្រសួង​ រឿងអត្តសញ្ញាណ​ប័ណ្ណយឺតយ៉ាវ

រាជធានីភ្នំពេញ ​៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់សម្តីមន្រ្តីមួយ​ចំនួននៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញឲ្យដឹងថា ​ភាពយឺតយ៉ាវ​នៃការផ្តល់​អត្តសញ្ញាណប័ណ្ណជូន​ប្រជាពលរដ្ឋ ​ដោយសារតែខាង​អគ្គនាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​ក្រសួងមហាផ្ទៃ​ផ្តល់មក​ខាង​ស្នងការយឺត ។

ការលើកឡើង​របស់មន្រ្តីនគរបាល​មួយចំនួននៃស្នង​ការដ្ឋាននគរបាលរាជធានីភ្នំពេញខាងលើនេះ ​បានធ្វើឡើងភ្លាមៗបន្ទាប់ពី​ប្រជាពលរដ្ឋសួរពី​រឿងគាត់ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ច្រើនខែមកហើយ​ តែអត់ទាន់​បានទទួល ។

សេចក្តីរាយការណ៍បានបន្តថា​ មកដល់ពេលនេះ​មានប្រជាពលរដ្ឋជិត២សែននាក់​មិនទាន់ទទួលបានអត្តសញ្ញាណប័ណ្ណ​ ខណៈពួកគាត់បានមកធ្វើ​អត្តសញ្ញាណប័ណ្ណ​អស់​រយៈពេល៣-៤ខែ​មកហើយ ។

ទាក់ទងទៅនឹង​ការចោទប្រកាន់ខាងលើនេះ​ គេហទំព័រកោះសន្តិភាព​មិនអាចរកការឆ្លើយតបបានភ្លាមៗនៅឡើយទេ​ពីលោកនាយឧត្តមសេនីយ៍​ ម៉ៅ ច័ន្ទតារា ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ ​នៅវេលាថ្ងៃត្រង់ថ្ងៃទី០៨តុលានេះ​ ។ ​ចំណែកអ្នកនំាពាក្យក្រសួងមហាផ្ទៃ ​លោកនាយឧត្តមសេនីយ៍ ​ខៀវ សុភ័គ ក៍មិនអាចសុំការ​អត្ថាធិប្បាយបានដែរ ​ដោយទូរស័ព្ទរបស់លោក​ទទួលការហៅចូលជាច្រើនដង ​ប៉ុន្តែគ្មានអ្នកលើកទទួល ៕