ព្រះរាជអាជ្ញារង សៀង សុខ បំភ្លឺថា រឿងលើកពេល សវនាការករណី លោក ហុង សុខហួរ ដោយសារមេធាវី ដាក់ភស្តុតាងថ្មី ដែលពិបាកដល់ចៅក្រម

ភ្នំពេញ៖ លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឱ្យដឹងថា ការលើកពេលសវនាការលើ សំណុំរឿងលោក ហុង សុខហួរ កាលពីម្សិលមិញ មិនមានខុស នីតិវិធីនោះទេ ដោយសារតែមេធាវីការពារក្តី ឱ្យលោក ហុង សុខហួរ បានដាក់ភស្តុតាងថ្មីមួយ ពាក់ព័ន្ធនឹង បច្ចេកវិទ្យា ដែលធ្វើឱ្យចៅក្រមពិបាកនឹងពិចារណា។

ការជំនុំជំរះលើអង្គសេចក្តី នៃសំណុំរឿង «ក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម» របស់ជនជាប់ចោទ ហុង សុខហួរ កាលពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ ម្សិលមិញនេះ ត្រូវបានធ្វើឡើងមិនដល់១ម៉ោងនោះទេ ដែលមេធាវីចុងចោទ បានសម្តែងការខកចិត្ត ដោយអះអាងថា តុលាការទុកឱកាសឱ្យ តំណាងអយ្យកាសួរ ដេញដោល ទៅលើកូនក្តីរបស់ខ្លួន ប៉ុន្តែត្រូវបានកាត់ផ្តាច់លើកពេលសវនាការ នៅពេលដែលមេធាវីព្យាយាម ប្រុងនឹងលើកយកអំណះអំណាង និងភស្តុតាងដោះបន្ទុក មកនិយាយ។

លោក សៀង សុខ បានឱ្យដឹងថា នៅក្នុងសវនាការនេះមេធាវីបានផ្តល់ភស្តុតាងព័ត៌មានវិទ្យាមួយ ដែលចៅក្រម គាត់មិនមានជំនាញក្នុងការសម្រេចចិត្តភ្លាមៗ ទើបត្រូវការពេលវេលាដើម្បីយកភស្តុតាងទាំងនោះ ទៅពិនិត្យ ឱ្យច្បាស់លាស់។ លោក សៀង សុខ ថា «រយៈពេលវែងឬខ្លី អត់មានចែងនៅក្នុងច្បាប់ទេ នេះជាការយល់ឃើញ អំពីការផ្តល់ភស្តុតាង របស់មេធាវីដែលការពារសិទ្ធិ ឱ្យជនជាប់ចោទ ថាតើភស្តុតាងនោះគឺគាត់ ទទួលយកបាន នៅក្នុងសវនាការ ឬក៏គាត់ផ្តល់ពេលសវនាការ ដើម្បីគាត់ចាត់អ្នកជំនាញឱ្យពិនិត្យទៅលើភស្តុតាងនេះ»។

កាលពីម្សិលមិញ បន្ទាប់ពីផ្អាកសវនាការលើសំណុំរឿងនេះ លោក ជួង ជូងី មេធាវីការពារក្តីឱ្យលោក ហុង សុខហួរ បានឱ្យដឹងថា តុលាការបើកសវនាការវ មិនដល់ម៉ោងនោះទេ ដោយអនុញ្ញាតឱ្យ តំណាងអយ្យការចោទសួរទៅ លោក ហុង សុខហួរ អំពីវត្តមានរបស់លោក នៅពេលដែលសមត្ថកិច្ចតាមចាប់ខ្លួន ប៉ុន្តែបន្ទាប់ពីសួរចប់ខណៈពេល ដែលោក កំពុងត្រៀមលើកអំណះអំណាង និងភស្តុតាង ដើម្បីដោះបន្ទុកដល់កូនក្តីរបស់លោក ក៏ត្រូវតុលាការកាត់ ផ្តាច់ហើយ សម្រេចលើកពេល។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែតុលាកន្លងទៅ សាលាដំបូងបានបើកសវនាការលើ សំណុំរឿងរបស់លោក ហុង សុខហួរ ម្តងរួចទៅហើយ ប៉ុន្តែកាលណោះ មិនបានពិភាក្សា ទៅលើអង្គសេចក្តីនោះទេ គ្រាន់តែពិចារណាទៅលើ សំណើសុំនៅក្រៅឃុំ ដែលស្នើដោយមេធាវី លោក ជួង ជូងី តែប៉ុណ្ណោះ។

លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោកធ្វើការបក ស្រាយពី សទ្ធិសញ្ញាព្រំដែន កម្ពុជា-វៀតណាមក្លែងក្លាយ ហើយបង្ហោះនៅលើ Facebookរបស់លោក សម រង្ស៊ី។ លោកត្រូវតុលាការឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ដោយចោទប្រកាន់ចំនួន ៣ករណីរួមមាន បទក្លែងឯកសារ សាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ទាក់ទងនឹងផែនទី និងសន្ធិសញ្ញាឆ្នាំ២០០៥ រវាងកម្ពុជា-វៀតណាម៕

ព្រះរាជអាជ្ញារង សៀង សុខ បំភ្លឺថា រឿងលើកពេល សវនាការករណី លោក ហុង សុខហួរ ដោយសារមេធាវី ដាក់ភស្តុតាងថ្មី ដែលពិបាកដល់ចៅក្រម