មេ​ឈ្មួញ ស្រ៊ាង ម៉េង នៅតែ​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​យ៉ាង​ពេញបន្ទុក

លោក ស្រ៊ាង ម៉េង ដែលជា​មេ​ការប្រមូលទិញ​ឈើ​ឲ្យ​ក្រុមហ៊ុន​ទ្រី​ភាព នៅក្នុង​ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង នាពេល​កន្លងមក​នោះ បច្ចុប្បន្នកំពុង​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​នៅក្នុង​ខេត្តមណ្ឌលគិរី ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី ជាពិសេស​លោក កែប កត់ ដែលជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត មិន​ហ៊ាន​ប៉ះពាល់​សកម្មភាព​ប្រមូល​ទិញ​ឈើ​របស់លោក ស្រ៊ាង ម៉េង ឡើយ​។ សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​មានការ​ញញើត​នឹង​យីហោ​ក្រុមហ៊ុន​អឹម​ឌី​អេស របស់​មេ​ឈ្មួញ ទ្រី ភាព ដែល​ត្រូវបាន​លោក ស្រ៊ាង ម៉េង និង​បក្ខពួក​យកទៅ​ប្រើប្រាស់​ដើម្បី​ប្រមូល​ទិញ​ឈើ​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្តមណ្ឌលគិរី​។​

ប្រភពពី​ឈ្មួញ​ឈើ​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ឈ្មោះ ស្រ៊ាង ម៉េង និង​បក្ខពួក​ដូចជា ឈ្មោះ តាំង វី​រ៉ា​ដា និង តាំង សុ​ផា​ណា ជាដើម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្តស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី យ៉ាង​រលូន ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ សូម្បីតែ​អាជ្ញាធរ​ក្នុង​ខេត្ត​ទាំង​៣​នេះ ក៏​មិន​ហ៊ាន​ប៉ះពាល់​ឈ្មោះ ស្រ៊ាង ម៉េង និង​បក្ខពួក​ដែរ ព្រោះ​គេ​ខ្លាច​ឥទ្ធិពល​មេ​ឈ្មួញ ទ្រី ភាព ម្ចាស់​ក្រុមហ៊ុន​អឹម​ឌី​អេស ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មេដឹកនាំ​កំពូល​។ ហេតុនេះហើយ​ទើប​ឈ្មោះ ស្រ៊ាង ម៉េង និង​បក្ខពួក​អាច​ប្រើប្រាស់​យីហោ​ក្រុមហ៊ុន​អឹម​ឌី​អេស របស់​មេ​ឈ្មួញ ទ្រី ភាព ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ជាមួយ​ឡើយ​។

ប្រភពពី​សមត្ថកិច្ច​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ឈ្មោះ ស្រ៊ាង ម៉េង បាន​ឲ្យ​ដឹងថា ឈ្មួញ​រូបនេះ​មាន​ប្រភព​ចេញពី​ខេត្តកំពង់ចាម រីឯ​ឈ្មួញ​ឈ្មោះ តាំង វី​រ៉ា​ដា មាន​ប្រភពពី​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។ ឈ្មួញ​ទាំង​២​នាក់​នេះ​បាន​ប្រើប្រាស់​ឈ្មោះ​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ទ្រី ភាព ដើម្បី​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​សុខ​ស្រួល ហើយ​មានការ​ឃុបឃិត​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ផងដែរ​។ គេ​មិនដឹងថា មេ​ឈ្មួញ ទ្រី ភាព បានដឹង​ពី​ល្បិចកល​អាក្រក់​របស់​ឈ្មោះ ស្រ៊ាង ម៉េង និង តាំង វី​រ៉ា​ដា ឬក៏​អត់​នោះទេ ព្រោះ​បច្ចុប្បន្ន​ឈ្មួញ​ទាំង​២​នាក់​នេះ ប្រើប្រាស់​ឈ្មោះ​ក្រុមហ៊ុន​ទ្រី​ភាព ដើម្បី​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូណ​ចេញពី​ខេត្តមណ្ឌលគិរី យ៉ាង​អនាធិបតេយ្យ​៕

car-try-pheab12-500x463 meng-sreng1មេឈ្មួញ ស្រ៊ាង ម៉េង ល្បីខាងប្រមូលទិញឈើនៅខេត្តមណ្ឌលគិរី