​ចៅក្រម​តុលាការ​ខេត្តកំពត​ឈ្មោះ ខៀវ ផាន់​ណា ដោះលែង​ជនសង្ស័យ​ក្នុង​ភាពមិនប្រក្រតី

​បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកំពត លោកស្រី ខៀវ ផាន់​ណា បាន​ដោះលែង​មុខសញ្ញា​ចែកចាយ គ្រឿងញៀន​៣​នាក់​ក្នុង​ស្ថាន​ភាពមិនប្រក្រតី​មក​នោះ  មន្ត្រី​បម្រើការ​ក្នុង​ស្ថាប័ន​យុត្តិធម៌​មួយ​នេះ បានទទួល​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពី​មន្ត្រីនគរបាល​ខេត្តកំពត និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តកំពត ពីព្រោះ​នគរបាល​បាន​ចុះបង្ក្រាប ដោយ​គ្មាន​ពេលដេក​ពួន ទម្រាំ​ចាប់បាន​មុខសញ្ញា​ទាំងនេះ  តែ​បែរជា​លោកស្រី ខៀវ ផាន់​ណា ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកំពត​ដោះលែង​ក្រុម​ជនសង្ស័យ​ខាងលើ​យ៉ាង​រលូន​ទៅវិញ​។​

​គួរ​បញ្ជាក់ថា ជនសង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ចំនួន​០៤​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ល្បាត​ពេលយប់ នៃ​ការិយាល័យ​កណ្តាល​នគរ​បាល​ព្រហ្មទណ្ឌ​ខេត្តកំពត ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល ខេត្តកំពត ធ្វើការ​បង្ក្រាបបាន​កាល​ពី​យប់​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៥ ចំណុច​ផ្ទះជួល ក្បែរ​ផ្សារ​ដី​ហុយ ស្ថិតក្នុង​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​ដោយ​រឹបអូស​បានរួម​មាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​១​កញ្ចប់​ធំ និង​២​កញ្ចប់​តូច សម្ភារៈ​ពាក់ព័ន្ធ នឹង​ការប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ មន្ត្រីនគរបាល​ជាន់ខ្ពស់​ខេត្តកំពត​ម្នាក់ នៅ​ដើម​សប្តាហ៍​នេះ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ថា មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​៣​នាក់ និង​ម្នាក់ទៀត​ជា​អ្នកប្រើប្រាស់​នោះ ត្រូវបាន​លោកស្រី​ចៅក្រម ខៀវ ផាន់​ណា ដោះលែង​ទាំងអស់ បន្ទាប់ពី​កម្លាំង​នគរបាល​ខេត្តកំពត​បាន​បញ្ជូន​ពួកគេ ទៅ​តុលាការ ក្រោយ​ការ​បង្ក្រាបបាន ។ ប្រភព​ដដែល​បាន​បង្ហើប​ថា ខាង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត អាច​នឹងដាក់​ពាក្យបណ្តឹង ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចំពោះ​ការសម្រេច​មិន​ប្រក្រតី​របស់លោក​ស្រី ចៅក្រម ខៀវ ផាន់​ណា ៕

MrMSP-0391 MrMSP-0393