អាជ្ញាធរ​ខេត្តសៀមរាប មិន​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​បឹង​ទន្លេសាប​

លោក ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្ត​នេះ រិះគន់ថា មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់ ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ​។ ចំណែក​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ក៏​មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​នេសាទ​ឲ្យ​ស្របតាម​បទបញ្ជា​លេខ​០១​របស់​រដ្ឋាភិបាល​ដែរ ហេតុនេះហើយ​ទើប​បទល្មើស​កើតឡើង​យ៉ាង​ពេញបន្ទុក​ក្នុង​រដូវ​ត្រី​ពង​កូន​។ ប្រជា​នេសាទ​ក្នុង​ខេត្តសៀមរាប បាន​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​បង្ក្រាប​ជាបន្ទាន់​ទៅលើ​បទល្មើស​នេសាទ ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​។

ប្រភពពី​ប្រជា​នេសាទ​រស់នៅ​តាម​មាត់បឹង​ទន្លេសាប​នៃ​ស្រុក​ជីក្រែង ស្រុក​ក្រឡាញ់ ស្រុក​ប្រាសាទបាគង និង​ស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹងថា មួយ​រយៈពេល​កន្លងទៅ​នេះ​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ដូចជា អ៊ុយ បរ អួន​ក្រឡា​ញឹក និង​ឈី​ប ជាដើម កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។ ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួ​សារបាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​មន្ត្រីរដ្ឋបាល​ជលផល បាន​បើកដៃ​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​តាម​អំពើ​ចិត្ត ជា​ថ្នូរ​នឹង​លុយ​រាប់លាន​រៀល​ក្នុង​មួយ​យប់ៗ​។ ដោយសារតែ​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ ឃុបឃិត​ជាមួយ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​បែបនេះហើយ ទើប​បទល្មើស​រាលដាល​កាន់តែខ្លាំង​ឡើងៗ​ស្ទើរ​ពេញ​បឹង​ទន្លេសាប​តែម្ដង​។​

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ការពារ​ធនធាន​មច្ឆជាតិ​បាន​ឲ្យ​ដឹងថា បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តសៀមរាប ពុំមាន​ការថយចុះ​ទេ​បើទោះបី​កន្លងមក លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចុះទៅ​បង្ក្រាប​ដោយផ្ទាល់​យ៉ាងណាក្ដី​។ ជាមួយគ្នានេះ​ប្រជា​នេសាទ​រស់នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ជលផល​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្ត​នេះ តែងតែ​ធ្វើ​របាយការណ៍​ភូតភរ​ថ្នាក់លើ​ទាក់ទង​ទៅនឹង​ករណី​បង្ក្រាប​បទល្មើស​នេសាទ ហើយ​ការពិត​បទល្មើស​នៅតែ​រាលដាល​យ៉ាង​ពេញបន្ទុក​។ បញ្ហា​នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ត្រូវ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ក្នុង​ខេត្តសៀមរាប​ជាប្រចាំ ព្រោះ​លោក ឃឹម ប៊ុន​សុង ជា​អភិបាលខេត្ត និង​លោក ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ​។ ផ្ទុយទៅវិញ​មន្ត្រីរដ្ឋបាល​ជលផល ជា​អ្នក​ឃុបឃិត​ជាមួយ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់ ដើម្បី​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​៕

៤៥លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបkosal-f-375x500 kosal-f1-375x500