លោក រ៉ុង ឈុន៖ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​និយាយ​ផ្ទុយ​ពី​ការ​ពិត

សមាជិក​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​ជា​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា ពិនិត្យ​មើល​ឡើង​វិញ​អំពី​ការ​ចោទ​ប្រកាន់​ថា លោក​បើក​ប្រាក់ខែ​ពី​រដ្ឋ ប៉ុន្តែ​មិន​មក​ធ្វើការ​នោះ។

ការ​ស្នើ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បាន​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន ក្រោយ​បិទ​បញ្ចប់​ទិវា​គ្រូបង្រៀន កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ដោយ​រិះគន់​ទៅ​លើ​លោក រ៉ុង ឈុន ថា បើក​លុយ​រដ្ឋ​រាល់​ខែ ប៉ុន្តែ​មិន​មក​ធ្វើ​ការ​នោះ​ទេ ហើយ​ថែម​ទាំង​ដើរ​ឃោសនា​ដើម្បី​បម្រើ​នយោបាយ។

​លោក​រដ្ឋមន្ត្រី​បន្ត​ថា ក្នុង​ករណី​មាន​ការ​ស្រាវជ្រាវ​រក​មន្ត្រី​អសកម្ម​នៅ​ក្នុង​គ្រឹះស្ថាន​អប់រំ​នោះ គឺ​លោក​នឹង​ស្រាវជ្រាវ​ករណី​លោក រ៉ុង ឈុន មុន​គេ។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ លោក រ៉ុង ឈុន និយាយ​ថា មុន​ចូល​បម្រើ​ការ​នៅ គ.ជ.ប លោក​តែងតែ​ទៅ​កន្លែង​ធ្វើ​ការងារ​ជា​រៀងរាល់​ថ្ងៃ ប៉ុន្តែ​នៅ​នាយកដ្ឋាន​របស់​មិន​ដំណើរ​ការ​ទេ។

លោក​បន្ត​ថា ប្រសិនបើ​មិន​ធ្វើ​មែន​នោះ ក្រសួង​នឹង​ចាត់​វិធានការ​លើ​រូប​លោក​យូរ​ហើយ មិន​មែន​ទុក​ដល់​ពេល​នេះ​ទេ៖ «ការ​លើក​ឡើង​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត ហើយ​នាយកដ្ឋាន​នោះ​មិន​មាន​ដំណើរ​ការ​អ្វី​ផង ចេះតែ​ដាក់​បន្ទុក​ឲ្យ​បុគ្គលិក​ទៅ​អង្គុយ​សំកុក អត់​មាន​ការងារ​អី​ធ្វើ នេះ​មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​ទេ សុំ​ពិនិត្យ​ឡើង​វិញ»

លោក រ៉ុង ឈុន អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ធ្លាប់​មាន​តួនាទី​ជា​សមាជិក​នៅ​នាយកដ្ឋាន​ស្រាវជ្រាវ​​វិទ្យាសាស្ត្រ នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​លោក​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ជាង ៨០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ប៉ុន្តែ​លោក​បាន​ព្យួរ​ការងារ​នេះ បន្ទាប់​ពី​មាន​តួនាទី​ជា​សមាជិក​នៅ​ក្នុង​ស្ថាប័ន គ.ជ.ប នៅ​ឆ្នាំ​២០១៥ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។