សង្គម​ស៊ីវិល​ផ្ដល់​អនុសាសន៍​ឲ្យ​កែ​សម្រួល​ច្បាប់​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់

ទាញ​យក​កម្មវីធី

ប្រទេស​កម្ពុជា នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅ​ឆ្នាំ​២០១៧ ខាង​មុខ​នេះ។ មុន​ពេល​ការ​បោះ​ឆ្នោត​មក​ដល់ សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​កែ​សម្រួល​ចំណុច​មួយ​ចំនួន នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ សង្គម​ស៊ីវិល​យល់​ថា អនុវត្ត​នូវ​អនុសាសន៍​ទាំង​នេះ នឹង​អាច​ជួយ​ធានា​ដល់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌។

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត អឺរ៉ា (ERA) រៀបចំ​ការ​ពិភាក្សា​មួយ​ដែល​មាន​ការ​ចូលរួម​ពី​សង្គម​ស៊ីវិល តំណាង​គណបក្ស​នយោបាយ និង​ក្រុម​អ្នក​ច្បាប់ ដើម្បី​ជជែក​ពី​វិសោធនកម្ម​នៃ​ច្បាប់​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។

កិច្ច​ពិភាក្សា​នេះ រក​ឃើញ​នូវ​ចំណុច​រួម​មួយ​ចំនួន ដែល​ភាគី​ពាក់ព័ន្ធ​ផ្ដល់​ជា​អនុសាសន៍​ក្នុង​ការ​ធានា​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ អាច​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​គណបក្ស​នយោបាយ​ដែល​ចូលរួម​ការ​បោះ​ឆ្នោត។

លោក​មេធាវី សេក សោភ័ណ សង្កត់​ធ្ងន់​ថា កំណែ​ទម្រង់​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ជា​ចំណុច​គន្លឹះ ដើម្បី​ធានា​ការ​បោះ​ឆ្នោត​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌។ លោក​បន្ថែម​ថា កន្លង​មក នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ភាព​មិន​សមស្រប​ទៅ​តាម​លក្ខណៈ​ស្តង់ដារ។ លោក​ថា ការ​ដែល​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ធ្វើ​ជា​មន្ត្រី​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត ខណៈ​ពេល​ដែល​ពួក​គាត់​ជា​តំណាង​គណបក្ស​នយោបាយ​នៅ​តាម​មូលដ្ឋាន វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អព្យាក្រឹតភាព​នៃ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក កែត ឃី ស្នើ​ឲ្យ​ទុក​រយៈពេល និង​វិសាលភាព​សកម្មភាព​ឃោសនា​នៅ​ដដែល។ លោក​ថា គួរ​ទុក​រយៈពេល ១៥​ថ្ងៃ​ដដែល ហើយ​មិន​គួរ​កំណត់​វិសាលភាព​នៃ​ការ​ហែ​ក្បួន​ឃោសនា​នោះ​ដែរ ពោល​គឺ​អាច​ឲ្យ​គណបក្ស​នយោបាយ​ធ្វើ​ការ​ឃោសនា​ឆ្លង​កាត់​ពី​ឃុំ-សង្កាត់​មួយ​ទៅ​មួយ​បាន។

មិន​មាន​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​បញ្ចេញ​យោបល់​ទៅ​លើ​ការ​លើក​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​របស់​អឺរ៉ា នេះ​ទេ ក៏ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ផ្ដល់​ជា​អនុសាសន៍​ថា មិន​ចាំបាច់​មាន​គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត ចូលរួម​សម្រប​សម្រួល​ក្នុង​ពេល​លើក​ស្លាក​គណបក្ស​នយោបាយ​នោះ​ទេ។

លោក កែម ឡី អ្នក​ស្រាវជ្រាវ​ស្ដីពី​ការ​អភិវឌ្ឍ​សង្គម ស្នើ​ថា គួរ​យក​ប្រព័ន្ធ​សមាមាត្រ​ដើម្បី​គណនា​បែង​ចែក​អាសនៈ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ លោក​ពន្យល់​ថា រូបមន្ត​នេះ​អាច​ឲ្យ​គណបក្ស​តូចៗ​មាន​សំឡេង​នៅ​តាម​មូលដ្ឋាន។

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លោក យ៉េង វីរៈ យល់ស្រប​នឹង​ការ​លើក​ឡើង​របស់ លោក កែម ឡី។ លោក​ក៏​បាន​ផ្ដល់​អនុសាសន៍​ថា គួរ​មាន​ការ​ផ្ដន្ទាទោស​ករណី​ជន​ណា​ដែល​ព្យាយាម​លួងលោម​ទិញ​ទឹក​ចិត្ត គំរាម​កំហែង និង​បំភិត​បំភ័យ​អ្នក​បោះ​ឆ្នោត។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) និង​ជា​តំណាង​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​អឺរ៉ា យល់​ថា ការ​កែ​ទម្រង់​ច្បាប់​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នេះ មាន​សារសំខាន់ ដើម្បី​ធានា​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ លោក គល់ បញ្ញា ក៏​ស្នើ​ដល់​គណបក្ស​នយោបាយ​ដាក់​ឈ្មោះ​យុវជន និង​ស្ត្រី នៅ​ក្នុង​បញ្ជី​បេក្ខជន​ឲ្យ​បាន​ច្រើន​ផង​ដែរ ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ឲ្យ​បាន​ច្រើន និង​បង្កើត​ឲ្យ​មាន​សមភាព​យេនឌ័រ​នៅ​ក្នុង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សក់ សេដ្ឋា យល់​ថា អនុសាសន៍​ទាំង​នេះ​មាន​ប្រយោជន៍​សម្រាប់​ធ្វើ​ឲ្យ​ច្បាប់​នេះ​មាន​ភាព​ល្អ​ប្រសើរ៖ «យើង​នឹង​យក​ទៅ​ពិចារណា។ ដូច​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​អី​ហ្នឹង គ.ជ.ប កំពុង​រៀបចំ​ចុះ​ឈ្មោះ​សាកល្បង​ខាង​មុខ​នេះ​ហើយ។ ចឹង គេ​យក​ចិត្ត​ទុក​ដាក់​ហើយ​បញ្ហា​នេះ»

នៅ​ថ្ងៃ​ទី​៩ ខែ​តុលា ខាង​មុខ​នេះ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នឹង​ជួប​ពិភាក្សា​គ្នា​ដើម្បី​ដោះស្រាយ​ការ​ខ្វែង​គំនិត​មួយ​ចំនួន​ដែល​នៅ​សេសសល់ ហើយ​ក្នុង​នោះ​ក៏​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​ច្បាប់​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។