​មន្ត្រី​៖ ភ្ញៀវ​ទេស​ចរ នឹងមាន​កំណើន នៅ​ខេត្ត​មណ្ឌល​គី​រី នាពេល​ភ្ជុំបិណ្ឌ​

មណ្្ឌលគិរី: ប្រធាន​មន្ទី​ទេសចរណ៍ ខេត្តមណ្ឌលគិរី បាន​ព្យាករណ៍ និង​រំពឹងទុក​ថា ភ្ញៀវ​ទេសចរ មក​កម្សាន្ត នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ នឹងមាន​ការកើនឡើង ជាង​បណ្តា​ឆ្នាំមុនៗ ។​

​ប្រធាន​មន្ទី​ទេសចរណ៍ ខេត្តមណ្ឌលគិរី លោក ងិន សុ​វិមាន បាន​ឲ្យ​ដឹងថា កត្តា​ដែល​ជម្រុញ​ឲ្យ​លោក ហ៊ាន​រំពឹងថា ភ្ញៀវ​ទេសចរណ៍ មក​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ខាងមុខនេះ នឹងមាន​ការកើនឡើង ជាង​ឆ្នាំមុន ពីព្រោះថា លំហូរ​ចូល​របស់ ភ្ញៀវ​ទេសចរណ៍ ក្នុង​និង​ក្រៅ​ស្រុក មក​ខេត្តមណ្ឌលគិរី រយៈពេល​៩​ខែ ឆ្នាំ​២០១៥​នេះ គឺមាន​ការកើនឡើង​ច្រើន គួរ​ឲ្យ​កត់សំគាល់ ជាង​បណ្តា​ឆ្នាំមុនៗ ហើយ​កត្តា​មួយទៀត​នោះ ដោយសារតែ​ភ្ញៀវ​ទេសចរណ៍ ដែល​ទៅ​កម្សាន្ត នៅ​ខេត្តរតនគិរី នឹង​អាច​បន្តដំណើរ​មក ខេត្តមណ្ឌលគិរី បាន​យ៉ាង​ងាយស្រួល មិន​ពិបាក​ដូច​មុន​ទៀត​ទេ ព្រោះ​ពួកគាត់ អាចធ្វើ​ដំណើរ តាមផ្លូវ​ជាតិ​លេខ​៧៦ មាន​ចំងាយ​ប្រមាណ​ជិត ២០០ គីឡូម៉ែត្រ​ប៉ុណ្ណោះ ដែល​រាជរដ្ឋាភិបាល បាននិងកំពុង​យកចិត្តទុកដាក់ ស្ថាបនា​ជិត​រួចរាល់​ទៅហើយ ត​ភ្ជាប់​ពី​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ទៅកាន់​ភូមិ​តា​អង ស្រុក​លំផាត់ ខេត្តរតនគិរី ដូច្នេះ​ភ្ញៀវ​ទេសចរណ៍ ដែល​មក​កម្សាន្ត នៅ​ភូមិភាគ​ឦ​សាន្ត នាពេល​បច្ចុប្បន្ននេះ ពួកគាត់​អាចធ្វើ​ដំណើរ វិលជុំ​តែម្ដង មានន័យថា ភ្ញៀវ​ដែល​មកលេង​នៅ​ខេត្តមណ្ឌលគិរី អាច​បន្តដំណើរ​ទៅ​ខេត្តរតនគិរី ស្ទឹងត្រែង និង​ឆ្ពោះ​ពី​ខេត្តស្ទឹងត្រែង ទៅ​ខេត្តព្រះវិហារ ឬ​ខេត្តក្រចេះ បាន​យ៉ាង​ងាយស្រួល ។​

​លោក​បាន​បន្តទៀតថា អ្វីដែល​ធ្វើ​ឲ្យ​អ្នក​ទេសចរណ៍ គេ​ចាប់អារម្មណ៍ ដល់​វិស័យ​ទេសចរណ៍ នៅក្នុង​តំបន់​នេះ គឺ​អ្នក​ទេសចរណ៍ គេ​ចង់ឃើញ​ទេសភាព​របស់​វិសាលភាព​ព្រៃឈើ​-​ភ្នំ តំបន់​រមណីយដ្ឋាន​ធម្មជាតិ​-​ទឹកជ្រោះ​តូច​-​ធំ សត្វព្រៃ ជិៈដំ​រី​ចូល​កំសាន្ត​ព្រៃ នាំគ្នា​បួងសួង​សុំ​សេចក្តីសុខ​នៅ ភ្នំ​ដោះ​ក្រមុំ ទស្សនា​សមុទ្រ​ឈើ មើល​ភូមិ​ជនជាតិភាគតិច​រស់នៅ និង​នាំគ្នា​ទៅ​កំសាន្ត​សិប្បកម្ម​ត្បាញ​រវៃ ដោយ​ដៃ​របស់​ជនជាតិ ជាពិសេស​នោះ គេ​ចូលចិត្ត​ធាតុអាកាស ត្រជាក់​ល្ហឹម ក្នុង​ខេត្តមណ្ឌលគិរី តែម្ដង ។​

​ក្រៅពីនេះទៀត ចំពោះ​សេវាកម្ម​ផ្សេងៗ ក៏មាន​ការរៀបចំ​បាន​សមរម្យ និង​ល្អប្រសើរ​ផងដែរ ដូចជា​ផ្ទះសំណាក់ សណ្ឋាគារ និង​ភោជនីយដ្ឋាន លោក​ប្រធាន​មន្ទីរ​ទេសចរណ៍ បាន​បញ្ជាក់ថា លោក​បាន​ចាត់​ឲ្យ​មន្ត្រី ចុះ​ណែនាំ គ្រប់​ផ្ទះសំណាក់ សណ្ឋាគារ និង ភោជនីយដ្ឋាន​ទាំងអស់ ក្នុង​ខេត្ត មិន​ឲ្យ​តម្លើងថ្លៃ ខ្ពស់កប់ពពក​ឡើយ ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់ ដល់​អារម្មណ៍​របស់​ភ្ញៀវ ។​

​លោក​ប្រធាន​មន្ទី​ទេសចរណ៍ ក៏បាន​បញ្ជាក់ប្រាប់ ពី​របាយការណ៍​របស់ មន្ទីរ​ពាក់ព័ន្ធ និង​លំហូរ​ចូល​នៃ ភ្ញៀវ​ទេសចរណ៍ នា​រយៈពេល​៩​ខែ ឆ្នាំ​២០១៥ នេះ គឺមាន​ភ្ញៀវ​ចំនួន ១០៤.២៤៧ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ មាន​ចំនួន ៩៩.៦៤៩ នាក់  ភ្ញៀវ​អន្តរជាតិ មាន​ចំនួន ៤.៦៤៣ ហើយ​តួលេខ​នេះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៤ កន្លងទៅ មានការ​កើនឡើង ១៨.០៨% ក្នុងនោះ​ភ្ញៀវ​ជាតិ កើនឡើង ១៨.៦៤% ភ្ញៀវ​អន្តរជាតិ​កើន ឡើង ៧.១០% ៕V​/S