រដ្ឋាភិបាល សម្រេច​តម្លើង​ប្រាក់ខែ​កម្មករ​កាត់ដេរ ១៤០ ដុល្លារ សម្រាប់​ឆ្នាំ​២០១៦

ភ្នំពេញ: ​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ ដែលជា​យន្តការ​ត្រីភាគី រួមមាន ភាគី​សហជីព​កម្មករ ភាគី​ថៅកែ​រោងចក្រ និង​ភាគី​រដ្ឋាភិបាល ដឹកនាំ​ដោយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ព្រឹក​ថ្ងៃទី​៨​តុលា​នេះ បានសម្រេច​តម្លើង​ប្រាក់ខែ​កម្មករ​កាត់ដេរ សម្រាប់​ឆ្នាំ​២០១៦ ចំនួន ១៤០ ដុល្លារ​។ ក្នុងនោះ គឺ​កិច្ចប្រជុំ បានសម្រេច​ឡើង​ចំនួន ១៣៥ ដុល្លារ ហើយ​សម្តេច​ហ៊ុនសែន បានសម្រេច​ផ្តល់​ឲ្យ ៥ ដុល្លារ​ថែមទៀត​។ ប្រាក់ខែ​ថ្មី​នោះ នឹង​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៦​។​

​សូម​រម្លឹកថា កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ បានសម្រេច​បោះឆ្នោត​លើ​តួលេខ​ចំនួន ៣ ដែល​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី បាន​ប្រជុំ​សម្រេច កាលពី​ព្រលប់​ថ្ងៃទី​៧​តុលា​។ នោះ​គឺ​តួលេខ ១៣៥ ដុល្លារ របស់​ភាគី​រដ្ឋាភិបាល មាន​សំឡេងគាំទ្រ ២៤ សំឡេង​។ តួលេខ ១៦០ ដុល្លារ របស់​ភាគី​សហជីព មាន​សំឡេងគាំទ្រ ២ សំឡេង និង​តួលេខ ១៣៣ ដុល្លារ ដែលជា​ជំហរ​របស់​ថៅកែ​រោងចក្រ​កាត់ដេរ គឺ​មិនមាន​សំឡេងគាំទ្រ​ទេ​។​

​យ៉ាងណាក៏ដោយ ចំពោះ​ការសម្រេច​នេះ ត្រូវបាន​លោក អាត់ ធន់ ប្រធាន​សហជីព​កម្មក​រ​កាត់ដេរ ស៊ី​ខៅ​ឌូ ដែលជា​សមាជិក​មួយ ជា​សមាជិក​គណៈកម្មកា​រ​ប្រឹក្សា​ការងារ បាន​សម្តែង​ការមិន​ពេញចិត្ត​នោះទេ​។​

​លោក អាត់ ធន់ បាន​បញ្ជាក់ថា សហជីព​កម្មករ​រប​ស់លោក ចង់បាន ១៦០ ដុល្លារ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក អាត់ ធន់ បាន​បញ្ជាក់ថា សហជីព​កម្មករ ដែល​ទាមទារ​ឡើង​ប្រាក់ខែ​កម្មករ ១៦០ ដុល្លារ មិនទាន់​សម្រេច​ថា នឹងធ្វើ​ការតវ៉ា ទាមទារ​ឡើង​ប្រាក់ខែ ឬក៏​មិន​ធ្វើការ​តវ៉ា​នោះទេ គឺ​រង់ចាំ​កិច្ចប្រជុំ​រវាង​មេដឹកនាំ​សហជីព ដែល​នឹង​ធ្វើឡើង នៅក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​៕​

រដ្ឋាភិបាល សម្រេច​តម្លើង​ប្រាក់ខែ​កម្មករ​កាត់ដេរ ១៤០ ដុល្លារ សម្រាប់​ឆ្នាំ​២០១៦

រដ្ឋាភិបាល សម្រេច​តម្លើង​ប្រាក់ខែ​កម្មករ​កាត់ដេរ ១៤០ ដុល្លារ សម្រាប់​ឆ្នាំ​២០១៦
រដ្ឋាភិបាល សម្រេច​តម្លើង​ប្រាក់ខែ​កម្មករ​កាត់ដេរ ១៤០ ដុល្លារ សម្រាប់​ឆ្នាំ​២០១៦