ជិះ​ម៉ូតូ​ដួល​មុខ​រថយន្ត​ដឹក​អង្កាម កិន​ស្លាប់​ម្នាក់​របួស​ម្នាក់​

បន្ទាយមានជ័យ: យុវជន​ម្នាក់​ត្រូវ​រថយន្ត​កិន​ចំក្បាល ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង និង​ម្នាក់ទៀតសំណាងល្អ រួច​ផុតពី​សេចក្តីស្លាប់ បាន​រងរបួស​ស្រាល ក្នុង​​គ្រោះថ្នាក់​ចរាចរ​បើក​ម៉ូតូ​ដួល​ពីមុខ​រថយន្ត​ដឹក​អង្កាម កាលពី​ម៉ោង​ប្រមាណ​ជិត​៥​ល្ងាច ថ្ងៃទី​៧ ខែតុលាឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្បែរ​​កន្លែង​លក់​ក្រឡាន ស្ថិតក្នុង​ភូមិគោក​ទម្លាប់ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​

 ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ណែម វ៉ាន់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ចំការ​លោកឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​និង​អ្នករួមដំណើរ​​ឈ្មោះ ផេង បូរី ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា ។​

​តាម​សាក្សី​បាន​និ​យា​ថា មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ១២៥ សេរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មានជ័យ​. 1M-5254 ឌុប​គ្នា​២​នាក់ បើក​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ពេល​ដល់​កន្លែងកើតហេតុ អ្នកបើក​ម៉ូតូ​បាន​បើក​ជែងរថយន្ត​ដឹក​អង្កាម ម៉ាក FUSO ពណ៌ ប៉ៃ​តង​ចាស់ ពាក់​ស្លាក​លេខ ព្រះសីហនុ3A-0982 ។ ស្របពេល​ដែលមាន​ភ្លៀង​ផង​នោះ​ជែង​រថយន្ត​ដឹក​អង្កាម​បានផុត​ហើយ ក៏​រអិល​ម៉ូតូ​ដួល​ពីមុខ​រថយន្ត បណ្តាល​ឲ្យ​ក្បាល​អ្នកបើក​ម៉ូតូ​ចំ​និង​កង់រថយន្ត​ក៏ត្រូវ​កិន​បែកក្បាល​ស្លាប់​មួយ​រំពេច ហើយ​អ្នករួមដំណើរ​ខ្ទាតចូល​ប្រឡោះកង់​រថយន្ត​(​ក្រោម​ទ្រូង​រថយន្ត​) បាន​ផុតពី​ការស្លាប់​ដោយ​គ្រាន់តែ​រងរបួសបន្តិច​បន្តួច ប៉ុណ្ណោះ​។​

​ចំណែក អ្នកបើកបរ​រថយន្ត​បង្ក​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នោះទេ ក្រោយពី​កើតហេតុភ្លាម​បាន​ចុះ​គេ​ខ្លួន​បាត់ បន្សល់ទុក​តែ​រថយន្ត នៅ​កន្លែងកើតហេតុ ។ រីឯជនរងគ្រោះ​របួសស្រាល ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​កម្ពុជា​-​ជប៉ុន​។ ដោយឡែក​សាកសព​ត្រូវបាន សមត្ថកិច្ច​ប្រគល់ជូន​ក្រុម​​គ្រួសារ យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕N​