រដ្ឋាភិបាល តម្រូវ​ឲ្យ​ក្រុមហ៊ុន​ប្រេងសាំង ចុះថ្លៃ ១០០ រៀល សម្រាប់​ពេល​បុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃ​១២​តុលា​

ភ្នំពេញ: ​ទោះបីជា​កិច្ចប្រជុំ​និយាយ​ពី​ការ​ចុះថ្លៃ​ប្រេងសាំង នៅ​ព្រឹក​ថ្ងៃទី​៨​តុលា គ្មាន​លទ្ធផល ដោយ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ ស្នើសុំ​បន្ត​សិក្សា​បន្ថែម​នោះ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមទាំង​ក្រសួង​រ៉ែ និង​ថាមពល បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ប្រេងសាំង​ទាំងអស់ ចុះថ្លៃ​ប្រេង ១០០ រៀល សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅ​ថ្ងៃទី​១២​តុលា​។​

​មកដល់​ថ្ងៃទី​៨​តុលា​នេះ ស្ថានីយ​ប្រេង​ក្នុង​រាជធានី​ភ្នំពេញ បាន​បន្ត​លក់​ប្រេងសាំង​ធម្មតា ថ្លៃ ៣៨០០ រៀល ប្រេងសាំង​ស៊ុប​ពែរ ថ្លៃ ៤០០០ រៀល និង​ប្រេងម៉ាស៊ូត មានតម្លៃ ៣៦០០ រៀល​។​

​រាជរដ្ឋាភិបាល បាន​ទទូច​ឲ្យ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ ចុះថ្លៃ​ថែមទៀត ខណៈដែល​ប្រេងសាំង​លើ​ទីផ្សារ​អន្តរជាតិ បាន​ចុះថ្លៃ​យូរ​ខែ​មកហើយ​។ ម្យ៉ាងទៀត ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ គឺ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ហ៊ុនសែន បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ប្រេង​ចុះថ្លៃ កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥​។

​កិច្ចប្រជុំ​រវាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​១​តុលា ហើយ​បន្ត​ដល់​ព្រឹក​ថ្ងៃទី​៨​តុលា​នេះ​។ តែ​លទ្ធផល គឺ​នៅតែ​មិនអាច​ចុះថ្លៃ​ប្រេងសាំង បានឡើយ​៕​