តុលាការខេត្តស្វាយរៀង កាត់ទោសបុរសវៀតណាម ដែលបើករថយន្តបុក រថយន្តដឹកកម្មករស្លាប់និងរបួស៣៩នាក់ ដាក់គុក៥ឆ្នាំណ និង ឲ្យសងជម្ងឺចិត្ត ១២លានរៀល

ស្វាយរៀង ៖ មន្ត្រីតុលាការ បានឲ្យដឹងថា លោក សុធី បូរ៉ាឆាត ចៅក្រមជំនុំជម្រះ នៃ សាលាដំបូងខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី ៨ ខែ តុលា ២០១៥  បានប្រកាសសាលក្រមផ្តន្ទាទោស បុរសជាប់ចោទជាតិវៀតណាមម្នាក់  ដាក់គុកំណត់ ៥ឆ្នាំ និង បង្គាប់ឲ្យសងប្រាក់ សរុបចំនួន ១២លានរៀល ទៅជនរងគ្រោះ ជាប់ពាក់ព័ន្ធនឹងការ បើកបរបើករថយន្តក្រុងបុកនឹង រថយន្តដឹកកម្មករបណ្តាល ឲ្យកម្មករកម្មការិនី រោងចក្រស្លាប់១៩នាក់និងរបួស២០នាក់កាលពីអំឡុងខែ ឧសភា ២០១៥ កន្លងទៅនេះ។

ជនជាប់ចោទរូបនេះ មានឈ្មោះ ឡេ វ៉ាងភីង ភេទប្រុស អាយុ ៤៣ឆ្នាំ ជាជនជាតិវៀតណាម ចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ  ឡេ វ៉ាងភីង ត្រូវជាប់ចោទពីបទ« បើកបរបណ្តាលឲ្យស្លាប់ និង របួសអ្នកដទៃ ដោយចេតនា» និងត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ១៩ ខែ ឧសភា ២០១៥  បន្ទាប់ជនជាប់ចោទរូបនេះបានបើករថយន្តក្រុងដឹកភ្ញៀវពីក្រុង ហូជីមិញ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ បុកនឹងរថយន្តដឹកកម្មករ មានគ្នាចំនួន ៣៩ នាក់ បណ្តាលឲ្យ មនុស្ស ១៨ នាក់បានស្លាប់ និងជាង ២០ នាក់ទៀត បានរងរបួសស្រាល និង ធ្ងន់ នៅតាមផ្លូវជាតិលេខ ១ ស្ថិតក្នុងភូមិ ដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងនោះ៕

តុលាការខេត្តស្វាយរៀង កាត់ទោសបុរសវៀតណាម ដែលបើករថយន្តបុក រថយន្តដឹកកម្មករស្លាប់និងរបួស៣៩នាក់ ដាក់គុក៥ឆ្នាំណ និង ឲ្យសងជម្ងឺចិត្ត ១២លានរៀល