បទល្មើស​គ្រឿងញៀន​នៅ​ខេត្តកំពង់ឆ្នាំង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​យ៉ាងខ្លាំង​

ក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង ដែលមាន​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​អភិបាលខេត្ត និង​លោក ប្រាក់ វុ​ឌ្ឍី ជា​ស្នងការ​នគរបាល​ខេត្ត កំពុង​កើតមាន​បទល្មើស​ផ្សេងៗ​យ៉ាង​ពេញបន្ទុក​ដូចជា បទល្មើស​គ្រឿងញៀន ល្បែងស៊ីសង និង​អំពើចោរកម្ម​ជាដើម​។ ជាក់ស្ដែង​កាលពី​ម៉ោង​៣​និង​២៥​នាទី រសៀល​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៥ មានការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដ៏​ធំ​មួយ​នៅលើ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​អង្គ ឃុំ​ពពេល ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។ នៅក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​ដកហូត​បាន​គ្រឿងញៀន​៥០​កញ្ចប់ ស្មើនឹង​១០១០០​គ្រាប់ ទម្ងន់​ជិត​១​គីឡូក្រាម រថយន្ត​ទូ​រី​ស​១​គ្រឿង និង​ជនសង្ស័យ​ចំនួន​៣​នាក់​។ ករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​បរិ​ប​រូ​ណ៍ មានការ​ភ័យខ្លាច​យ៉ាងខ្លាំង ព្រោះ​បច្ចុប្បន្ន​បទល្មើស​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន រាលដាល​យ៉ាង​ពេញបន្ទុក​នៅក្នុង​ស្រុក​បរិ​បូរ​ណ៍​។

ប្រភពពី​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ទី​១-​ឈ្មោះ សំ សារឿន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ទូ​រី​ស​ពណ៌​ស រស់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ ទី​២-​ឈ្មោះ យ័ន មុំ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជា​ប្រពន្ធ របស់​ឈ្មើ សំ សារឿន និង ទី​៣-​ឈ្មោះ មី រ៉ែ​ម ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​កណ្ដាល ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ សមត្ថកិច្ច​រឹបអូស​បាន​គ្រឿងញៀន​១​កញ្ចប់​ធំ​មាន​៥​សុង​ស្មើនឹង​៥០​កញ្ចប់​តូច សរុប​ចំនួន​១០១០០​គ្រាប់​និង​មាន​ទម្ងន់​០,៩២៣​គីឡូក្រាម​។

ប្រភពពី​សមត្ថកិច្ច​នគ​របាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ទៀតថា មុខសញ្ញា​ជនល្មើស​ទាំង​៣​នាក់​នេះ គឺជា​អ្នកទទួល​គ្រឿងញៀន​ពី​មេ​ធំ​នៅ​រាជធានី​ភ្នំពេញ យកមកចែក​ចាយ​ឲ្យ​ម៉ូយ​នៅ​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​។ មុខសញ្ញា​ទាំង​៣​នាក់​នេះ ត្រូវ​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ តាមដាន​អស់​រយៈពេល​មួយថ្ងៃ​មួយ​យប់ ទើប​អាច​ទើប​ចាប់បាន​ទាំង​រថយន្ត វត្ថុតាង​គ្រឿងញៀន និង​ជនល្មើស​ក្នុង​ទឹកដី​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។ ប្រការ​នេះហើយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង ភ័យខ្លាច​យ៉ាងខ្លាំង​ព្រោះ​បច្ចុប្បន្ន​បទល្មើស​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​នៅ​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​បរិបូរណ៍ ហើយ​លោក ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង មិនអាច​បង្ក្រាប​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​៕

KA-05-04-2015-28 KA-05-04-2015-31