លោក ហ៊ុន ម៉ា​ណែ​ត បញ្ជា​ឲ្យ​បើកប្រាក់​ជំពាក់​យុទ្ធ​ជន​មរណភាព​មុន​រដូវ​ភ្ជុំបិណ្ឌ

ខេត្តក្រចេះ​ ៖​ អគ្គបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​អគ្គលេខាធិការ​រង​សមាគម​ស​.​ក​.​អ លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជា​ឲ្យ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ត្រូវ​បើក​ថវិកា​ដែល​ជំពាក់​យុទ្ធ​ជន​មរណភាព​ដែល​មិន​ទាន់​ផ្តល់​ឲ្យ​ក្រុម​គ្រួសារ​ឲ្យ​បាន​ទាន់​មុន​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​។

លោក​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ដូច្នេះ គ្រា​ដែល​លោក​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​សមាសភាព​ថ្នាក់ដឹកនាំ​អតីត​យុទ្ធ​ជន​កម្ពុជា​ថ្នាក់​ខេត្ត ក្រុង ស្រុក និង​ការ​បើក​ផ្តល់​ប្រាក់​មរណៈ​សង្គ្រោះ ជូន​គ្រួសារ​សព​សមាជិក ស​.​អ​.​ក ខេត្តក្រចេះ កាល​ពីព្រឹក​ថ្ងៃ​ទី​៧ ​តុលា ​២០១៥ នៅ​សាល​មហា​ស្រព​ខេត្ត ។

ពិធី​នោះ​ក៏​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ និង​ជា​ការ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់ និង​រំលឹក​គុណ​ចំពោះ​បងប្អូន​អតីត​យុទ្ធ​ជន​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ការ​បើក​ផ្តល់​នូវ​ថវិកា​ជូន​បងប្អូន​មរណៈ​សង្គ្រោះ​ពេល​នោះ​មាន​ចំនួន​១២​នាក់​ ដែល​ម្នាក់​ៗ​ទទួល​បាន​នូវ​ថវិកា​ចំនួន​៤​លាន​រៀល ។ ដោយឡែក​សមាជិក​ស​.​អ​.​ក​ខេត្ត​មាន​ចំនួន​១៥០​នាក់ ម្នាក់​ៗ​ក៏​ទទួល​បាន​ថវិកា​ចំនួន​៥​ម៉ឺន​រៀល និង​អង្ករ​២៥​គីឡូក្រាម​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំប័រ​កាសែត​កោះ​សន្តិ​ភាព