​ទីប្រឹក្សា​សម្តេច​ក្រឡាហោម ជួប​ជាមួយ​និវត្តជន និង​មន្ត្រី​សាធារណការ ខេត្តកំពង់ឆ្នាំង ក្នុងឱកាស​កាន់បិណ្ឌ​

​កំពង់ឆ្នាំង: លោក កែវ ពៅ ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង និង​ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​និវត្តជន និង​មន្ត្រី ចំនួន​២០៤​នាក់ ក្នុងឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ដែលជា​បុណ្យប្រពៃណី​របស់​ខ្មែរ​យើង ។  
​    ​
​លោក​ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង នៅក្នុង​ឱកាស​នោះ បាន​មានប្រសាសន៍ សំដែង​នូវ​ការកោតសរសើរ ចំពោះ​និវត្តជន និង មន្ត្រីរាជការ គ្រប់លំដាប់​ថ្នាក់ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ដែល​ក្នុង​រយៈពេល​កន្លងទៅនេះ បាន​រួបរួមសាមគ្គី​គ្នា សហការគ្នា​បានល្អ ក្នុងការ​បំពេញភារកិច្ច ជូន​អង្គភាព ។
​    ​
​លោក កែវ ពៅ បាន​មានប្រសាសន៍​ទៀតថា ជា​រៀងរាល់ឆ្នាំ អង្គភាព​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន តែងតែ​ជួបជុំគ្នា ធ្វើ​ពិធីរាប់បាត្រ​ព្រះសង្ឃ បង្សុកូល ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​វិញ្ញាណ​ក្ខ័​ន្ធ ជីដូន​ជីតា បុព្វការី​ជន ព្រមទាំង​យុទ្ធជន យុទ្ធ​នារី ដ៍​អង់អាច​ក្លាហាន ដែល​បាន​បាត់បង់​ជីវិត ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ ។​
​    ​
​នៅក្នុង​ឱកាស​នោះដែរ លោក កែវ ពៅ បានផ្តល់​ជា​អំណោយ ដល់​និវត្តជន និង​មន្ត្រី ចំនួន​២០៤​នាក់  ក្នុង​ម្នាក់ៗ ទទួលបាន​សារុង​១ ក្រមា​១ និង​ថវិកា ចំនួន ៦ ម៉ឺន​រៀល ៕V