កងទ័ព​អ៊ុយ​ក្រែ​ន​ចោទ​ពួក​ឧទ្ទាម​ថា រំលោភ​បទ​ឈប់​បាញ់​គ្នា

កងទ័ព​អ៊ុយ​ក្រែ​ន​អះអាង​កាលពី​ថ្ងៃ​ទី​៧ តុលា ថា ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្ស៊ី​នៅ​ភាគ​ខាងកើត​ប្រទេស បាន​រំលោភ​បំពាន​បទ​ឈប់​បាញ់​គ្នា តាម​រយៈ​ការ​បាញ់​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ បណ្តាល​ឱ្យ​ទាហាន​៤​នាក់​រង​របួស ។

បទ​ឈប់​បាញ់​គ្នា​ប្រកាស​ជា​ថ្មី​នា​ថ្ងៃ​ទី​១ កញ្ញា ត្រូវ​បាន​គោរព​ស្ទើរ​ទាំងស្រុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ចំណែក​កិច្ចព្រមព្រៀង​ស៊ីជម្រៅ​ស្តី​ពី​ការ​ដក​អាវុធ​ធុន​ធ្ងន់​ចេញពី​ខ្សែបន្ទាត់​រណសិរ្ស​នាំ​ឱ្យ​មាន​សង្ឃឹមលើ​ការ​រីក​ចម្រើន​ទៅ​មុខ​នៃ​ដំណោះស្រាយ​ជា​សាកល​នៃ​ជម្លោះ ។

តាម FACEBOOK កងទ័ព​អ៊ុយ​ក្រែ​ន​ថ្លែង​ថា ពេល​នេះ បណ្តា​ក្រុម​ប្រដាប់​អាវុធ​ខុសច្បាប់​ធ្វើ​មិនដឹងមិនឮ​ចំពោះ​កិច្ចព្រមព្រៀង​សន្តិភាព ដោយ​រំលោភ​បំពាន​បទ​ឈប់​បាញ់​គ្នា ។ ពួក​យុទ្ធ​ជន​ឧទ្ទាម​បាន​បាញ់​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​មួយ ។

មុន​ការ​វាយប្រហារ​នេះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​ប៉េ​ត្រូ ប៉ូ​រ៉ូ​ឆេ​ន​កូ គូសបញ្ជាក់​ថា ភាព​ស្ងប់ស្ងាត់​នា​ពេល​ថ្មី​ៗ​នេះ ក្នុង​ការ​ប្រយុទ្ធ​គ្នា​នឹង​អាច​ឱ្យ​អ៊ុយ​ក្រែ​ន​ទទួល​បានការ​បញ្ចប់​ការ​បះបោរ​បំបែក​ខ្លួន​និយម ៕