ចាប់​បាន​​ជន​សកម្ម​ខាងជួញដូរ​គ្រឿងញៀន​​ម្នាក់តាម​ដីកា ​ដកហូត​បាន​១៥​កញ្ចប់

ខេត្ត​ត្បូងឃ្មុំ​ ៖ ក្រោម​កិច្ចសហការ​រវាង​កម្លាំង​នគរបាល​ស្រុក​ក្រូចឆ្មារជាមួយនឹង​នគរបាល​ស្រុក​ឆ្លូងបាន​ចុះ​ឆែកឆេរ​តូប​លក់​ទូរស័ព្ទ​មួយ​កន្លែង នៅ​ភូមិ​ព្រែក​តា​ហុប ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង ខេត្តក្រចេះកាល​ពី​វេលា​ម៉ោង​២ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៧ តុលា ២០១៥ រក​ឃើញ​​ថ្នាំ​ញៀន​ចំនួន​១៥កញ្ចប់​តូច និង​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​១​គ្រឿង​​ ។

លោក​ឧត្តម​សេនី​យ៍ត្រី ម៉ៅ ពៅ ​ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសា​ស​ន៍​ថា ដោយ​អនុវត្ត​ន៍​តាម​ដីកាបង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៣ របស់​លោក​ចៅក្រម​ស៊ើបសួរ ឈិ​ត មិ​នា នៃ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំសមត្ថ​កិច្ច​​បាន​ចាប់ខ្លួន​ឈ្មោះ ស្រ៊ា​ង បុត្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​សំរោង ឃុំ​ខ្សាច់អណ្តែត ស្រុក​ឆ្លូង ខេត្តក្រចេះ មានទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្វាយ​ដំណាក់ ឃុំ​ជី​និក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ដែល​មានមុខ​របរ​លក់​ទូរស័ព្ទ​ដៃ  ។     

​​ជន​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការពិនិត្យ​បទជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រ​ព្រឹ​ត្ត​នៅ​ចំណុច​ភូមិ​ទី​៥ ឃុំ​ស្វាយ​ឃ្លាំង ស្រុកក្រូចឆ្មារ កាលពី​ថ្ងៃ​ទី​២៧ កញ្ញា ២០១៥ បទល្មើស​ដែល​មាន​ចែង​និង​បញ​តិ្ត​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា៤០នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ។

​បច្ចុប្បន្ន​ជន​សង្ស័យត្រូវ​បាន​បញ្ជូន​មកកាន់​សាលាដំបូង​ខេត្ត​ហើយ និង​តាម​ស្រាវជ្រាវ​ចាប់​បក្សពួក​មួយ​ចំនួន​ទៀត  ៕
                                                                                                                ​